ភ្នំពេញៈ រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ​ប្រកាស​ធ្វើការ​ជាមួយ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ខណៈ​សហរដ្ឋអាមេរិក​សង្ឃឹមថា ទំនាក់ទំនង​អាស៊ាន-​សហរដ្ឋអាមេរិក​នឹង​កាន់តែ​រីកចម្រើន​។

ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ១៤ ខែមករា ផ្ញើមក​កាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក Joe Biden សរសេរថា​៖ «​រដ្ឋបាល​របស់ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​ ២០២២​។ ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា សហរដ្ឋអាមេរិក​សង្ឃឹម​ថា ទំនាក់ទំនង​អាស៊ាន​សហរដ្ឋអាមេរិក​នឹង​កាន់តែ​រីកចម្រើន និង​បន្ត​ឆ្ពោះទៅ​សម្រេច​គោលដៅ​រួម​របស់​យើង​នៅក្នុង​តំបន់​»​។

លោក​សរសេរថា សហរដ្ឋ​អាមេរិក​គាំទ្រ​មជ្ឈភាព​អាស៊ាន ហើយ​គាំទ្រ​ឥត​ងាករេ ចំពោះ​និម្មាបនកម្ម​តំបន់​ដែលមាន​អាស៊ាន​ជា​ស្នូល និង​ដែលជា​បេះដូង​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ លោក​រំពឹងថា លោក​ ហ៊ុន សែន បាន​ជ្រាប​រួចហើយ​តាមរយៈ​ឥណ្ឌូនេស៊ី ដែលជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​អាស៊ាន-​សហរដ្ឋអាមេរិក​ក្នុងការ​ពាំនាំ​ការតាំង​ចិត្ត​របស់​លោក​អញ្ជើញ​ថ្នាក់ដឹកនាំ​អាស៊ាន ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​ជាមួយ​លោក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ​ទៀត​។

លោក Joe Biden បញ្ជាក់​ថា លោក​សរសេរ​លិខិត​នេះ គឺ​ចង់​ទាក់ទង​ទៅ​លោក​ ហ៊ុន សែន ដោយផ្ទាល់​ផងដែរ​ ដើម្បី​គូសបញ្ជាក់ថា លោក​រង់ចាំ​ស្វាគមន៍​លោក​ ហ៊ុន សែន ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុងឱកាស​ដ៏ឆាប់​ខាងមុខ​។

ឆ្លើយតប​ទៅនឹង​លិខិត​របស់​លោក Joe Biden លោក ហ៊ុន សែន បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី ​១ ខែកុម្ភៈ​ថា លោក​អរគុណ​ដល់​លោក Joe Biden ដែល​បាន​ផ្ញើលិខិត បញ្ជាក់​អំពី​គោលបំណង​របស់​លោក​អញ្ជើញលោក និង​ថ្នាក់ដឹកនាំ​អាស៊ាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-​សហរដ្ឋអាមេរិក ដែល​គ្រោង​រៀបចំ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ និង​បំណងប្រាថ្នា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង អាស៊ាន​-​សហរដ្ឋ​-​អាមេរិក​បន្ថែមទៀត ក្នុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។

លោក ហ៊ុន សែន សរសេរ​ថា​ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន ឆ្នាំ​ ២០២២ លោក​បានបញ្ជាក់​សាជាថ្មី​អំពី​ការប្តេជ្ញា និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​សហរដ្ឋអាមេរិក​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។

លោក​បាន​សរសេរថា​៖ «​ខ្ញុំ​មានជំនឿថា កិច្ចប្រជុំ​កំពូល​នេះ​នឹង​ផ្តល់នូវ​កាលានុវត្តភាព​ល្អ​មួយ​សម្រាប់​យើង​ផ្លាស់ប្តូរ​យោបល់​គ្នា ថា​តើ​ត្រូវធ្វើ​យ៉ាងណា ដើម្បីឱ្យ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​សហរដ្ឋអាមេរិក រីកចម្រើន​ទៅមុខ​បន្ថែមទៀត​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម និង​ជួប​ជាមួយ​ឯកឧត្តម​ដោយផ្ទាល់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​»​។

លោក ថុង ម៉េងដាវិត អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី ​៦ ខែកុម្ភៈ​ថា រដ្ឋបាល​លោក Joe Biden បានបង្ហាញ​អំពី​សុទិដ្ឋិនិយម​ចំពោះ​កម្ពុជា និង​គាំទ្រ​កម្ពុជា​ក្នុងការ​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​។ អាស៊ាន​នៅតែ​ជា​ចំណុច​ស្នូល​មួយ​ក្នុង​គោលនយោបាយ​ការបរទេស​អាមេរិក និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​របស់​អាមេរិក ដែល​អាមេរិក​មិនអាច​ឱ្យ​ចិន​ដែលជា​ដៃគូ​ប្រជែង​យុទ្ធសាស្ត្រ​របស់ខ្លួន​មាន​ឥទ្ធិពល​កាន់តែខ្លាំង​ឡើងៗ​បានឡើយ​។ អាមេរិក​នឹង​បង្កើន​វត្តមាន​របស់ខ្លួន​កាន់តែ​ច្រើនឡើងៗ​នៅ​អាស៊ាន​នាពេល​ខាងមុខ​។

ទាក់ទង​នឹង​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​លោក​ថ្លែងថា កម្ពុជា​គួរតែ​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​គាំទ្រ​កម្ពុជា​ក៏ដូចជា​អាស៊ាន​ក្នុង​ការដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា តាមរយៈ​ការផ្តល់​ជំនួយ​មនុស្សធម៌ គាំទ្រ​យន្តការ​ចំណុច​ឯកច្ឆន្ទ​ទាំង​ ៥​ របស់​អាស៊ាន និង​បន្ត​គាំទ្រ​គោលការណ៍​ស្នូល​នៃ​​មជ្ឈភាព​របស់​អាស៊ាន​។

លោក ម៉េងដាវិត ថ្លែងថា​៖ «​នៅក្នុង​កិច្ចប្រជុំ​អាមេរិក​អាស៊ាន​នាពេល​ខាងមុខនេះ កម្ពុជា​ក៏ដូចជា​សមាជិក​អាស៊ាន​ដទៃទៀត​នឹងមាន​ពិភាក្សា​អំពី​ការស្វែងរក​ដំណោះស្រាយ​រួម និង​យន្តការ​នានា​ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ​មីយ៉ាន់ម៉ា ការស្តារ​សេដ្ឋកិច្ច​អាស៊ាន​ឡើងវិញ ក្រោយ​វិបត្តិ​កូវីដ ​១៩ និង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​តំបន់​»៕

វីដេអូ៖