ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាសទទួលជួបសិស្សទើបប្រឡងជាប់និទ្ទេស A កម្រិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១ ជាង ១ ៧០០ នាក់ នាថ្ងៃទី ២៨ ខែកុម្ភៈ ខាងមុខនេះនៅរាជធានីភ្នំពេញ។
ខណៈអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ឆ្ពោះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះប្រវែងប្រមាណ ៩៣,៥៦ គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនក្នុងទឹកប្រាក់ប្រមាណជាង ៣៣ លានដុល្លារអាមេរិក លោក ហ៊ុន សែន បានថ្លែងថា ទោះបីជាក្នុងពេលរីករាលដាលកូវីដ ១៩ សិស្សានុសិស្សបានបន្តសិក្សាតាមប្រព័ន្ធអនឡាញក៏ដោយ ពួកគេបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងទទួលបានលទ្ធផលល្អនិទ្ទេស A ជាង ១ ៧០០ នាក់លើសពីឆ្នាំកន្លងមក។ ដូច្នេះជំនួបនេះគឺជាការលើកទឹកចិត្ដចំពោះការខិតខំរៀនសូត្ររបស់ពួកគេ។
លោកនាយករដ្ឋមន្ដ្រីថ្លែងថា៖ «ទោះបីថា ឥឡូវនៅទីក្រុងភ្នំពេញកូវីដ ១៩ នេះអូមីក្រុង វាកើនឡើងបន្តិច ក៏ប៉ុន្តែខ្ញុំគិតថាធ្វើបាន។ ខ្ញុំកំណត់យកដូចជាថ្ងៃទី ២៨ ព្រោះបញ្ហាដែលត្រូវរង់ចាំ កុំអីជួបយូរហើយ»។
លោកបន្តថា៖ «ផ្ដាំផ្ញើទៅក្មួយៗ ចៅៗ ដែលជាសិស្សនិទ្ទេស A កុំអីជួបយូរហើយ ក៏ប៉ុន្តែយើងអត់នឹកស្មានថា ដំណាក់កាលរៀនតាមអនឡាញ ហើយដំណាក់កាលកូវីដ ១៩ ប៉ុន្តែបែរជាក្មេងៗ ចៅៗរបស់យើងប្រឡងជាប់និទ្ទេស A រហូតទៅដល់ជាង ១ ៧០០ នាក់ ជិត ១ ៨០០ នាក់ ដែលកាលពីមុនត្រឹមតែ ៤០០-៥០០ នាក់ ប៉ុណ្ណឹងទេ។ ចាប់តាំងពី ១៦ នាក់ឆ្នាំដំបូង ហើយឡើងបណ្ដើរៗ ប៉ុន្ដែលើកនេះនិទ្ទេស A ឡើងទៅដល់ជាង ១ ០០០ នាក់»។
លោក ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុន ជីបម៉ុង គឺជាក្រុមហ៊ុនមួយដែលតែងតែជួយឧបត្ថម្ភ iPad សម្រាប់ឱ្យកូនសិស្សដែលប្រឡងជាប់និទ្ទេស A។ ដូច្នេះត្រូវបញ្ជាទិញឱ្យក្រុមហ៊ុនផលិត។ ផលិតរួចហើយនឹងនាំមកដល់ស្រុកខ្មែរថ្ងៃទី ២២ ខែកុម្ភៈ ខាងមុខនេះ ដូច្នេះទើបលោកកំណត់ជួបសិស្សនិទ្ទេស A នៅថ្ងៃទី ២៨ កុម្ភៈ ខាងមុខនេះ។
លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ ខ្ញុំប្រកាសថានឹងទទួលសិស្សនិទ្ទេស A នៅឯទីក្រុងភ្នំពេញ ហើយសូមប្រគល់ឱ្យអាជ្ញាធរខេត្ដទាំងអស់ ចៅហ្វាយខេត្ដមកទីនេះច្រើនណាស់។ ខេត្ដត្រូវទទួលខុសត្រូវលើការជូនកូនសិស្សបូកជាមួយឪពុកម្ដាយទៅទីក្រុងភ្នំពេញចេញថ្លៃសណ្ឋាគារអីខ្លួនឯងទៅ ព្រោះខេត្ដមានលុយ ហើយខេត្ដនឹងមានលុយច្រើនជាងខាងលើទៀត»។
លោកបន្តថា៖ «បើលោកជំទាវម៉ែន សំអន [រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា] ឬអ្នកដទៃទៀតជួយសុទ្ធតែម៉ូតូ ១ នាក់ ១ គ្រឿងរួចទៅហើយ។ ប៉ុន្ដែសំខាន់ចៅៗចង់ជួបនាយករដ្ឋមន្ដ្រី ហើយនាយករដ្ឋមន្ដ្រីក៏ចង់ជួបសិស្សពូកែរបស់យើង ដើម្បីជាការលើកទឹកចិត្ដ សម្រាប់ការរៀនសូត្រ»។
«ក៏ប៉ុន្ដែខ្ញុំគិតថា ទាំងពួកចៅហ្វាយខេត្ដ ដែលបានឧបត្ថម្ភកូនសិស្សនិទ្ទេស A ទាំងក្រុមការងារ ដែលចុះតាមបណ្ដាខេត្ដជួយតាមខេត្ត ទាំងកូនសិស្ស ទាំងឪពុកម្ដាយចង់ទៅទីក្រុងភ្នំពេញ។ អ៊ីចឹងខ្ញុំគិតថា ត្រឹមតែ ១ ៧០០-១៨០០ នាក់ថែមទាំងក្រុមគ្រួសារទៀត គឺយើងអាចទទួលរៀបចំនៅភ្នំពេញ»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន សែន។
បើតាមលោកនាយករដ្ឋមន្ដ្រី ខេត្ដក្រចេះចំនួនកូនសិស្សមិនច្រើនទេ ប៉ុន្ដែសិស្សប្រឡងជាប់និទ្ទេស A មានរហូតដល់ ៤៥ នាក់។ ឥឡូវខេត្ដក្រចេះ បើតាមស្ថិតិមានស្រុកចំនួន ៥ស្រុក ប៉ុន្ដែក្រចេះមានសាកលវិទ្យាល័យ ១ កន្លែង មានវិទ្យាល័យ ១២ កន្លែង។ បើគិតជាមធ្យមភាគក្នុង ១ ស្រុក មានវិទ្យាល័យ ២ មានអនុវិទ្យាល័យ ៤៣ ខណៈខេត្ដនេះមាន ៤៣ ឃុំ-សង្កាត់ និងមានសាលាបឋមសិក្សាចំនួន ២៨៦ សាលា ក្នុងពេលដែលខេត្ដមានភូមិសរុបចំនួន ២៩៥ ភូមិ និងមានសាលាមត្តេយ្យសិក្សាចំនួន ១០២ កន្លែង។ នេះហើយជាការកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទបានដំណើរការបែបនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំកាលពីថ្ងៃទី ១៤ មករា ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ២៧-២៨ ធ្នូ ឆ្នាំ ២០២១ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី-ខេត្តសរុបចំនួន ២០៤ មណ្ឌល។ បន្ទប់ប្រឡងចំនួន ៤ ៦១៥ បន្ទប់ និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុបចំនួន ១១៤ ១៨៧ នាក់ ក្នុងនោះ ១០៤ ២៩៩ នាក់ជាបេក្ខជនចំណេះទូទៅ។ ចំនួន ៤ ៤១៧ នាក់ ជាបេក្ខជនស្វៃរិន ៣ ៤៣៦ នាក់ ជាបេក្ខជនបំពេញវិជ្ជា និង ២០៣៥ នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា។
បេក្ខជនប្រឡងជាប់ ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ចំនួន ៦៨.៦២%)។ ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ (ឆ្នាំ ២០១៩ ចំនួន ៤៤៣ នាក់)។ និទ្ទេស B មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ ២០១៩ ចំនួន ២ ៤៣០ នាក់)។ និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ (ឆ្នាំ ២០១៩ ចំនួន ៥ ៨៤៧ នាក់)។ និទ្ទេស D មាន ២៣ ៤៩៩ នាក់ (ឆ្នាំ ២០១៩ ចំនួន ១៤ ១០០ នាក់)។ និទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ ២០១៩ ចំនួន ៥៦ ២៣២ នាក់)។
បេក្ខជនគ្រប់រាជធានី-ខេត្តទទួលបាននិទ្ទេស A ១ ៧៥៣ នាក់ក្នុងនោះ បេក្ខជនមកពីរាជធានីភ្នំពេញចំនួន ៥៦៥ នាក់ ខេត្តសៀមរាប ១៥៣ នាក់ កណ្តាល ១២៧ នាក់ បាត់ដំបង ១២៣ នាក់ កំពង់ចាម ១១៨ នាក់ បន្ទាយមានជ័យ ៩៩ នាក់ តាកែវចំនួន ៩៩ នាក់ ព្រៃវែង ៨៧ នាក់ កំពតចំនួន ៧៥ នាក់ ត្បូងឃ្មុំចំនួន ៥៤ នាក់ ក្រចេះចំនួន ៤៥ នាក់ កំពង់ធំ ៤១ នាក់ កំពង់ស្ពឺ ៣៣ នាក់ ពោធិ៍សាត់ ២៨ នាក់ ស្វាយរៀង ២៦ នាក់ កំពង់ឆ្នាំង ២២ នាក់ ព្រះសីហនុចំនួន ២០ នាក់ រតនគិរីចំនួន ៩ នាក់ ស្ទឹងត្រែងចំនួន ៦ នាក់ ប៉ៃលិន ៦ នាក់ ឧត្តរមានជ័យ ៥ នាក់ កោះកុងចំនួន ៤ នាក់ ព្រះវិហារ ៤ នាក់ កែប ៣ នាក់ និងខេត្តមណ្ឌលគិរី ១ នាក់៕