ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅអ្នកគ្រប់គ្រងអំណាចនៅមីយ៉ាន់ម៉ា ថា កិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន គឺលោកនៅតែបន្តធ្វើក្នុងឋានៈជាប្រធានអាស៊ានក្នុងការចរចាស្វែងរកសន្តិភាពនៅប្រទេសនេះ ហើយលោកក៏មិនបោះបង់ការខិតខំប្រឹងប្រែងរបស់លោកដែរ បើទោះបីទទួលរងការរិះគន់ពីប្រជាជនមីយ៉ាន់ម៉ាក៏ដោយ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៧ នៅខេត្តក្រចេះនាថ្ងៃទី ៧ ខែកុម្ភៈលោក ហ៊ុន សែន ទទួលស្គាល់ថា ក្នុងឋានៈលោកជាប្រធានអាស៊ានត្រឹមរយៈពេល ១ ឆ្នាំ គឺមិនអាចដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាឱ្យចប់ទាំងស្រុងនោះទេ ព្រោះវាជាបញ្ហាសាំញ៉ាំ ដែលគ្រប់គ្រងដោយយោធាអស់រយៈពេល ៧០ ឆ្នាំកន្លងមកហើយ។
លោកបានបញ្ជាក់ជាថ្មីថា ការដែលប្រជាជនមីយ៉ាន់ម៉ារិះគន់លោកខ្លាំងៗអំពីដំណើរទស្សនកិច្ចរបស់លោកទៅជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) កាលពីដើមខែមករា គឺជាការខុសឆ្គងមួយ ពីព្រោះលោកមិនមានផលប្រយោជន៍អ្វីក្រៅតែពីចង់ជួយប្រជាជនមីយ៉ាន់ម៉ាឱ្យចេញផុតពីសង្គ្រាមនោះទេ។ វិធីសាស្ត្ររបស់លោកគឺពន្លត់ភ្លើងសង្គ្រាមជាមុនសិន មុននឹងដំណើរការប្រជាធិបតេយ្យ។
លោក ហ៊ុន សែន បានចោទជាសំណួរទៅកាន់ប្រជាជនមីយ៉ាន់ម៉ា ដែលប្រឆាំងលោកថា៖ «តើអ្នកឯងមានលទ្ធភាពផ្តួលរំលំអ្នកកាន់អំណាចនៅណៃពិដោសព្វថ្ងៃបានឬអត់? អ្នកឯងមានទាហានប៉ុន្មានសម្រាប់ច្បាំងជាមួយទាហានជាប់ (ប្រមាណ) កន្លះលាននាក់នៅមីយ៉ាន់ម៉ានោះ? បើអ្នកឯងចង់ធ្វើសង្គ្រាមធ្វើទៅ»។
លោកថ្លែងថា៖ «ខ្ញុំបានប្រឹងប្រែងអស់ប៉ុណ្ណឹងហើយ! តែខ្ញុំក៏មិនបោះបង់ចោលការខិតខំប្រឹងប្រែងរបស់ខ្ញុំដែរ ក្នុងឋានៈជាសមាជិកអាស៊ាន ហើយក្នុងឋានៈជាប្រធានអាស៊ានឆ្នាំនេះ។ កុងសង់ស៊ីស ៥ ចំណុចត្រូវតែបន្តធ្វើ [ការអំពាវនាវ] ចំពោះអ្នកគ្រប់គ្រងអំណាចនៅមីយ៉ាន់ម៉ា»។
ខណៈក៏មានការរិះគន់អំពីដំណើរទស្សនកិច្ចរបស់លោកក្នុងការជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាកន្លងមក លោក ហ៊ុន សែន អះអាងថា លោកក៏ទទួលបានការគាំទ្រជាច្រើនផងដែរពីដំណើរទស្សនកិច្ចនេះ ព្រោះវាជាវិធីសាស្ត្រ ក្នុងការបញ្ចៀសមិនឱ្យមានមនុស្សស្លាប់។
លោកថ្លែងថា៖ «ខ្ញុំចង់ឱ្យអ្នកទោសត្រូវបានដោះលែង។ ខ្ញុំចង់ឱ្យមានបទឈប់បាញ់។ ខ្ញុំចង់ឱ្យមានការផ្តល់ជំនួយមនុស្សធម៌។ ខ្ញុំចង់ឱ្យមានការសន្ទនា។ អ្វីៗទាំងអស់ហ្នឹងសុទ្ធតែនៅក្នុងកុងសង់ស៊ីស ៥ ចំណុច»។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៧ កុម្ភៈ ថា ការអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ានជាអភិក្រមត្រឹមត្រូវ (rightapproach) ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ព្រោះវាជាជំហររួមរបស់អាស៊ាន។
លោកថ្លែងថា៖ «ការធ្វើបែបនេះ កម្ពុជាមិនរងការរិះគន់ពីមតិជាតិ និងអន្តរជាតិ ជាពិសេសពីសមាជិកអាស៊ានដទៃទៀតផងដែរ ដែលចោទថា ការធ្វើទស្សនកិច្ចរបស់កម្ពុជាទៅជួបរបបសឹកហាក់ជាការទទួលស្គាល់ភាពស្របច្បាប់របស់របបនេះ»៕