ភ្នំពេញៈ សាលារាជធានីភ្នំពេញបានធ្វើការព្រមាន និងដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនដោយហាមដាច់ខាតមិនឱ្យអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាលវើលដ៍ធ្វើការប្រមូលផ្តុំគ្នាតវ៉ាជាថ្មីទៀតឡើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្រោយពីរកឃើញអតីតបុគ្គលិកក្រុមហ៊ុននេះមានផ្ទុកមេរោគកូវីដ- ១៩ បំប្លែងថ្មីអូមីក្រុងមានការកើនឡើងជាបន្តបន្ទាប់រហូតដល់ ៤១ នាក់។
គិតត្រឹមថ្ងៃទី ៦ កុម្ភៈក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានរកឃើញករណីវិជ្ជមានថ្មីរហូតដល់ទៅ ៤១ នាក់ក្នុងចំណោមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៥៤៦ នាក់ដែលបានទៅធ្វើតេស្ត។ អ្នករកឃើញវិជ្ជមានទាំងនោះមួយចំនួនត្រូវឱ្យព្យាបាលនៅផ្ទះ និងភាគច្រើនសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដោយចាត់ទុកថា នេះជាចំនួនឆ្លងដ៏ច្រើនគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង សាលារាជធានីភ្នំពេញបានចេញសេចក្តីណែនាំ ដើម្បីថែរក្សាអាយុជីវិតក្រុមបាតុករ និងក្រុមគ្រួសារសាច់ញាតិ ក៏ដូចជាដើម្បីចៀសវាងសោកនាដកម្មនៃការឆ្លងរាលដាលធ្ងន់ធ្ងរទៅក្នុងសហគមន៍ជាទ្រង់ទ្រាយធំ ជាពិសេសធានាបាននូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។
សាលារាជធានីបានណែនាំថា៖ «មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ចែងបាញ់ថ្នាំសម្លាប់មេរោគចំពោះមធ្យោបាយ ធ្វើដំណើរ និងទីតាំងសាធារណៈដែលក្រុមបាតុករធ្លាប់បានប្រើប្រាស់ ដូចជារថយន្តក្រុងដែល ក្រុមបាតុករធ្លាប់បានធ្វើដំណើរទៅយកសំណាកទីតាំងផ្ញើទុកដាក់យានជំនិះរបស់ក្រុមបាតុករ ទីតាំងហូបអាហារ និងបន្ទប់ទឹកជាដើម»។
ចំពោះក្រុមបាតុករដែលមិនទាន់ទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកដោយអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងត្រូវណែនាំដល់ក្រុមគ្រួសារសាច់ញាតិមិត្តភក្តិ ដែលសង្ស័យមានជាប់ពាក់ព័ន្ឋដោយផ្ទាល់ ឬដោយប្រយោលត្រូវអញ្ជើញទៅយកសំណាកតេស្តរកជំងឺកូវីដ ១៩ ជាដាច់ខាត។ បន្ថែមពីនេះ សាលារាជធានីក៏បានណែនាំឱ្យក្រុមបាតុករ និងអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ និងត្រូវបញ្ឈប់នូវរាល់ការប្រមូលផ្តុំ។
ជាមួយគ្នានោះ សាលារាជធានីក៏បានព្រមានដែរថា៖ «ក្នុងករណីមិនអនុវត្តតាមវិធានសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការរដ្ឋបាលចាត់បញ្ជូនបុគ្គលរឹងរូសឱ្យទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ)។ ក្នុងនោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬបុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កនឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១ លាន ដល់ ៥ លានរៀល ព្រមទាំងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងថា៖ «គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌដូនពេញ និងមន្ទីរសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលបន្តការប្រមូលផ្តុំ ឬការជួបជុំដោយមិនអនុវត្តតាមវិធានការសុខាភិបាលបង្កការរាំងស្ទះដល់ការបំពេញការងាររបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ច ដោយការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ»។
ឆ្លើយតបនឹងបញ្ហានេះសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា កូដករទាំងអស់នឹងបន្តធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងក្នុងសហគមន៍ និងចូលរួមការពារសុខុមាលភាពរបស់សាធារណជនដោយស្មារតីទទួលខុសត្រូវ។
សហជីពនេះបានបញ្ជាក់ថា៖ «ខណៈពេលដែលកំពុងធ្វើចត្តាឡីស័ក យើងខ្ញុំនៅតែបន្តធ្វើយុទ្ធនាការតាមរយៈការផុសលើបណ្តាញសង្គម ដើម្បីឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ មានការទទួលស្គាល់សិទ្ធិសហជីព ដោះលែងថ្នាក់ដឹកនាំគណៈកម្មាធិការសហជីព សកម្មជនសហជីព ដែលបានចាប់ខ្លួនជាបន្តបន្ទាប់ និងទទួលយកកម្មករ ៣៦៥ នាក់ និងអ្នកកំពុងធ្វើកូដកម្មចូលធ្វើការងារវិញហើយធ្វើការចរចាជាមួយសហជីពដោយស្មោះត្រង់»។
បន្ថែមពីនេះ សហជីពនេះក៏បានបញ្ជាក់ទៀតថា ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក អតីតកម្មករទាំងអស់គ្នា ដែលជាកូដករនឹងបន្តធ្វើកូដកម្មជាបន្តទៀត ដើម្បីស្នើអាជ្ញាធរបញ្ឈប់ការចោទប្រកាន់ យាយី មកលើក្រុមកូដករ ដោយបើកផ្លូវឱ្យមានការធ្វើកូដកម្មនៅមុខក្រុមហ៊ុនស្របតាមច្បាប់។
ពាក់ព័ន្ធនឹងវិវាទនេះនៅថ្ងៃទី ៧ កុម្ភៈ សហភាពសហជីព សហព័ន្ធសហជីព សមាគម បណ្តាញសហគមន៍ អង្គការសង្គមស៊ីវិល អ្នកវិភាគឯករាជ្យ អ្នកសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សង្គម សកម្មជនបរិស្ថានជាង ១៣០ ស្ថាប័នក៏បានចេញលិខិតចំហមួយដាក់ជូនលោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដើម្បីស្នើអន្តរាគមន៍ដោះស្រាយផងដែរ។ លិខិតចំហនេះបានស្នើឱ្យមានការអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ណាហ្គាវើលដ៍ និងស្នើឱ្យមានការដោះលែង និងទម្លាក់ការចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព និងសកម្មជន សហជីពទាំង ៨ រូប រួមទាំងអ្នកដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
កាលពីថ្ងៃទី ៥ កុម្ភៈ សមត្ថកិច្ចរាជធានីភ្នំពេញបានឃាត់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុននេះចំនួន ២ នាក់តាមដីកាតុលាការពាក់ព័ន្ធករណី រារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ហើយជាមួយគ្នានោះ សហជីពក៏បានប្រកាសដែរថា សមាជិករបស់ខ្លួនចំនួន ៤ នាក់ផ្សេងទៀតក៏ទទួលបានដីកាបញ្ជាឱ្យចូលខ្លួនក្រោមហេតុផលរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ផងដែរ៕
វីដេអូ៖