ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន ២២ ​ម៉ឺន​ដុល្លារ​អាមេរិក​បន្ថែមទៀត ជា​វិភាគទាន​ដើម្បី​ផ្តល់ជូន​ភាគី​អង្គការសហប្រជាជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដោយ​ភាគី​កម្ពុជា​បាន​ស្វាគមន៍​ដល់​ការ​ផ្តល់ជំនួយ​នេះ ដែល​រហូតមក​ដល់ពេល​នេះ ប្រទេស​ជប៉ុន​បានផ្តល់​ជំនួយ​មកដល់​សាលាក្តី​ខ្មែរ​ក្រហម​ជាង ៨៨ ​លាន​ដុល្លារ​​អាមេរិក​ហើយ​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ៤ ​កុម្ភៈ រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ចេញ​ប្រាក់​ចំនួន ២២០ ០០០ ដុល្លារ​អាមេរិក ជា​វិភាគទាន ដើម្បី​ផ្តល់ជូន​ភាគី​អង្គការ​សហប្រជាជាតិ​នៃ​ថវិកា​អង្គ​ជំនុំជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ចិត្ត​ផ្តល់​វិភាគទាន​នេះ ដើម្បី​ទ្រទ្រង់​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​។

ស្ថានទូត​ជប៉ុន​បាន​បន្ថែមថា៖ «​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​សារៈសំខាន់​ទៅលើ​សាលាក្តី​ខ្មែរក្រហម ដោយ​ផ្អែកលើ​ទស្សនៈ​ចំនួន​ ៣​។ ទី​ ១ ការកាត់ក្តី​មេដឹកនាំ​ខ្មែរក្រហម គឺជា​ដំណាក់កាល​បញ្ចប់​នៃ​ដំណើរការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ដើម្បី​បង្ការ​ទប់ស្កាត់​ការកើតមាន​ឡើងវិញ​នៃ​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្តឡើង​នៅក្នុង​សម័យ​ខ្មែរក្រហម​»​។

ទី​ ២ សាលាក្ដី​ខ្មែរក្រហម​នេះ​នឹង​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ដែល​ប្រការនេះ​នឹង​រួមចំណែក​ដល់​ការផ្សះផ្សា​ជាតិ​ឡើងវិញ និង​ទី​ ៣ សាលាក្តី​នេះ​នឹង​រួមចំណែក​ដល់​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ក៏ដូចជា​នៅ​សហគមន៍​អន្តរជាតិ​ផងដែរ​។ ស្ថានទូត​ជប៉ុន​បានបញ្ជាក់​បន្ថែម​។

រដ្ឋាភិបាល​ជប៉ុន​បាននិង​កំពុង​ជួយ​ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា តាំងពីដើម​ដំបូង​រៀងមក ហើយ​គិត​ត្រឹម​ថ្ងៃនេះ ជំនួយ​ហិរញ្ញវត្ថុ​ពី​ប្រទេស​ជប៉ុន សម្រាប់​តុលាការ​នេះ​មាន​ចំនួន ៨៨,៧ ​លាន​ដុល្លារ​អាមេរិក​ដោយ​គិត​រួមទាំង​ការបញ្ចេញ​ថវិកា​លើក​នេះ​ដែល​ប្រហាក់ប្រហែល​នឹង ២៧% នៃ​ថវិកា​សរុប​ផ្តល់​ដោយ​ប្រទេស​ផ្តល់ជំនួយ​ជូន​ភាគី​ជាតិ និង​ភាគី​អង្គការសហប្រជាជាតិ នៃ​ អ.វ.ត.ក​។ ស្ថានទូត​ជប៉ុន​បាន​បញ្ជាក់ថា ប្រទេស​ជប៉ុន រួមជាមួយ​ប្រទេស​បារាំង​ក្នុងឋានៈ​ជា​សហប្រធាន​នៃ​មិត្ត​របស់ អ.វ.ត.ក. បាន​តាមដាន​ដំណើរការ​របស់​តុលាការ​នេះ​យ៉ាងសកម្ម​។

អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ​ដោយ​លោក​បាន​ស្វាគមន៍​នូវ​ការ​ផ្តល់ជំនួយ​នេះ និង​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ជប៉ុន ដែល​បានផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ​មក​សាលាក្តី​ខ្មែរក្រហម ចាប់​តាំងពី​ដំណើរការ​តុលាការ​នេះ​មក​។ លោក​បាន​ប្រាប់ថា៖ «​ប្រទេស​ជប៉ុន​នៅតែ​ជា​ប្រទេស​ម្ចាស់ជំនួយ​ធំជាងគេ​មួយ​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​បានផ្តល់​ថវិកា​យ៉ាងច្រើន ដែល​មកដល់ពេលនេះ បានផ្តល់​ឱ្យមក​សាលាក្តី​ខ្មែរក្រហម ទាំង​ភាគី​ជាតិ និង​អន្តរជាតិ​ជាង ៨៨ លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង​ប្រមាណ​ជា​ ២៧% ​នៃ​ថវិកា​ចំណាយ​សរុប​របស់​សាលាក្តី​ខ្មែរក្រហម​»​។

លោក នេត្រ ភក្ត្រា បាន​បន្តថា មកដល់​ឆ្នាំ​ ២០២១ ​កន្លងទៅនេះ សាលាក្តី​ខ្មែរក្រហម​បាន​ចំណាយ​ថវិកា​គឺ​ចំនួន​ជាង ៣៣០,៤ លាន​ដុល្លារ​អាមេរិក​ដែល​ក្នុងនោះ​​ភាគី​អន្តរជាតិ​ចំណាយ​អស់​ជាង ២៣៥,៦៦ ​លាន​ដុល្លារ និង​ភាគី​ជាតិ​ចំណាយ​អស់​ជាង ៩៤,៧៣ លាន​ដុល្លារ​អាមេរិក​។

ប្រទេស​ដែល​ផ្តល់ជំនួយ​ច្រើនជាងគេ គឺ​ប្រទេស​ជប៉ុន​ដែលមាន​ជាង ៨៨ ​លាន​ដុល្លារ​អាមេរិក​បន្ទាប់មក​គឺ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ប្រមាណ​ជា​ ៤២ ​លាន​ដុល្លារ​អាមេរិក​ស្មើនឹង​ ១៣% ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​ទី​ ៣ គឺមាន​ចំនួន​ ៣៤ ​លាន ស្មើនឹង​ ១១% ​ហើយ​ប្រទេស​ទី​ ៤​ គឺ​សហរដ្ឋអាមេរិក ដែល​បានផ្តល់​ចំនួន​ ៣២​ លាន​ដុល្លារ​អាមេរិក ស្មើនឹង​ ១០% បន្ទាប់មក​មាន​សហភាព​អឺរ៉ុប ស៊ុយអែត អង់គ្លេស បារាំង និង​ប្រទេស​ន័រវែស​ជាដើម​។

ដោយ​ផ្អែកលើ​តម្រូវការ​ដែល​បាន​រំពឹងទុក អង្គជំនុំជម្រះ​វិសាមញ្ញ​កំពុង​ស្នើសុំ​ការអនុម័ត​ថវិកា​ដែល​បានស្នើ​ឡើង​ក្នុង​ចំនួន​ទឹកប្រាក់ ១៦,១៨​ លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​ ២០២២ ដែលមាន​ការថយចុះ​ចំនួន ៩,១៧% បើ​ប្រៀបធៀប​នឹង​ថវិកា​សម្រាប់​ឆ្នាំ​ ២០២១៕