ភ្នំពេញៈ រាជរដ្ឋាភិបាល និងអង្គការដៃគូបាននិងកំពុងស្វះស្វែងរកទីផ្សារបន្ថែម ដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន សម្រាប់យកថវិកាទៅបង្កើន និងពង្រឹងការងារការពារអភិរក្សធនធានធម្មជាតិ ក្រោយពីជោគជ័យក្នុងការលក់ឥណទានកាបូនចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ បានទឹកប្រាក់ជាង ១១ លានដុល្លារអាមេរិក។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានឱ្យដឹងនៅថ្ងៃទី ៧ កុម្ភៈថា ក្រោយពីកម្ពុជាបានលក់ឥណទានកាបូនទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ ២០១៦-២០២០ បានទឹកប្រាក់ចំនួន ១១,៦ លានដុល្លារអាមេរិក រាជរដ្ឋាភិបាលកម្ពុជា និងដៃគូបាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមានយកថវិកាមកបង្កើន និងពង្រឹងការងារការពារ និងអភិរក្សធនធានធម្មជាតិ។
លោកថា នេះ គឺជាមោទនភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។ ថវិកាដែលបានពីការលក់ឥណទានកាបូននេះត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋាន។ ក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាពសម្រាប់ពួកគាត់ បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍។
ជាមួយគ្នានោះថវិកាដែលបានពីការលក់កាបូនក៏ប្រើសម្រាប់ការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងបម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «ការលក់ឥណទានកាបូនចំនួន ២ គម្រោងបានធ្វើឡើងទី ១ នៅដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរី និងទី ២ គម្រោងរ៉េដបូក ក្រវាញខាងត្បូង (ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ)។ បច្ចុប្បន្ន ក្រសួងបរិស្ថាន និងដៃគូបាននិងកំពុងបន្តរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត»។
ក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថា កម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់។ ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្ត មានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci ជាដើម។ នេះបើតាមលោក នេត្រ ភក្ត្រា។
បើតាមលោក ភក្ត្រា មកដល់ពេលនេះមានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ មុននឹងទិញឥណទានកាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូរដោយព្រៃឈើ សត្វព្រៃនិងជីវចម្រុះផ្សេងទៀត។
លោកថ្លែងថា៖ «ការសម្រេចទិញឥណទានកាបូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញ ថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិនៅតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព»។
លោក លាក់ រតនា មន្ត្រីផ្នែកកិច្ចការទំនាក់ទំនងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ឱ្យដឹងនៅថ្ងៃទី ៧ មករាថា តាមការបញ្ជាក់ពីអ្នកជំនាញអង្គការ WCS ការលក់ឥណទានកាបូនអាចអនុញ្ញាតឱ្យកម្ពុជាផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពដល់ជីវចម្រុះ និងការអភិរក្សព្រៃឈើ ខណៈផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋានផងដែរ។
លោកថា ដើម្បីកម្ពុជាមានទីផ្សារសម្រាប់លក់ការបូនបន្ថែមទៀត អង្គការ WCS នៅតែបន្តសហការជាមួយក្រសួងបរិស្ថាន និងស្វែងរកចាប់ដៃជាមួយក្រុមហ៊ុនអន្តរជាតិផ្សេងៗទៀតទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោកថ្លែងថា៖ «អង្គការ WCS និងក្រសួងបរិស្ថាននឹងចាប់ដៃគូជាមួយក្រុមហ៊ុនទីផ្សារអន្តរជាតិ ដើម្បីចូលប្រើបណ្តាញសកលនៃអ្នកទិញឥណទានកាបូនដែលមានសក្តានុពល»។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាននៅថ្ងៃទី ២ កុម្ភៈ ប្រកាសថានឹងរៀបចំសន្និសីទសារព័ត៌មាន កិច្ចពិភាក្សា និងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» នៅកម្ពុជានៅថ្ងៃទី ១១ កុម្ភៈ វេលាម៉ោង ១ និង ៣០ នាទី រសៀលនៅសាលប្រជុំ ម៉ុក ម៉ារ៉េត ជាន់ទី ៥ ក្រសួងបរិស្ថានក្រោមវត្តមាន លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លិខិតបញ្ជាក់ថា យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនត្រូវបានអនុម័ត និងដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១៕