ក្រចេះ: កំណាត់ផ្លូវជាតិលេខ ៧ ដែលមានប្រវែងជាង ៩៣ គីឡូម៉ែត្រក្នុងខេត្តក្រចេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើជាផ្លូវការ បន្ទាប់ពីបញ្ចប់គម្រោងលើកកម្ពស់គុណភាពផ្លូវនេះកាលពីឆ្នាំ ២០១៨ ក្រោមជំនួយឥតសំណងរបស់ចិនក្នុងតម្លៃជាង ៣៣ លានដុល្លារ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើកំណាត់ផ្លូវជាតិលេខ ៧ នៅខេត្តក្រចេះកាលពីថ្ងៃទី ៧ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ផ្លូវនេះគឺជាចំណែកមួយនៃការជួយរបស់មិត្តចិនសម្រាប់តភ្ជាប់ក្នុងតំបន់ឦសាន ។ លោកបន្តថា កម្ពុជាជាបណ្តើរៗបានរៀបចំប៉ូលសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួន ដែលក្នុងន័យនេះខេត្តមួយចំនួនត្រូវបានចងភ្ជាប់ទៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលរួមមាន ខេត្តក្រចេះស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរីក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។
លោកបញ្ជាក់ថា នៅចុងឆ្នាំ ២០២១ និងដើមឆ្នាំនេះមានសមិទ្ធផលចំនួន ៣ ហើយដែលត្រូវបានសម្ពោធឱ្យប្រើប្រាស់រួមមាន ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ពហុកីឡដ្ឋានមរតកតេជោ ដែលជាជំនួយឥតសំណងដ៏ធំរបស់ចិន និងការដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៧ នេះ។
លោកមានប្រសាសន៍ថា៖ «នៅក្នុងដើមឆ្នាំនេះ ក្រៅពីចិន យើងនឹងមានបើកការដ្ឋានរបស់កូរ៉េខាងត្បូងសម្រាប់ផ្លូវជាតិលេខ ៤៨ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ៥ ដែលជាហិរញ្ញប្បទានរបស់ជប៉ុនពីបាត់ដំបងទៅសិរីសោភ័ណ ហើយប៉ុន្មានថ្ងៃខាងមុខនេះនឹងបើកការដ្ឋានសាងសង់ផ្លូវស្ពានជាបន្តបន្ទាប់»។
លោកនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងថា សម្រាប់ខេត្តក្រចេះនឹងសម្ពោធបើកការដ្ឋានការសាងសង់ស្ពានឆ្លងពីខេត្តក្រចេះទៅខេត្តកំពង់ធំ នៅឆ្នាំ ២០២៣ ខាងមុខផងដែរ។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ថ្លែងក្នុងពិធីនោះដែរថាផ្លូវជាតិលេខ ៧ គឺជាគម្រោងជំនួយរបស់ភាគីចិនជួយដល់ភាគីកម្ពុជាក្នុងទ្រង់ទ្រាយធំដែលអាចជួយដល់ការធ្វើចរាចរណ៍ក្នុងប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមមាញឹកជាខ្លាំងហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ។
លោកថា៖ «អាចនិយាយបានថា វាមិនត្រឹមតែជាគម្រោងសំខាន់មួយសម្រាប់ជំនួយភាគីចិនជួយភាគីកម្ពុជាប៉ុណ្ណោះ តែក៏ជាគម្រោងពិសេសមួយក្នុងប្រវត្តិសាស្ត្រនៃជំនួយរបស់ចិនជូនចំពោះប្រទេសលើសកលលោកនាពេលនោះផងដែរ»។
លោកឱ្យដឹងថា បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិនេះ រដ្ឋាភិបាលចិននឹងពិចារណាបន្តជួយជួសជុលកំណាត់ផ្លូវខាងជើង និងផ្តល់ជំនួយសាងសង់តាមបណ្តាវិស័យនៅកម្ពុជាតាមលទ្ធភាពរបស់ខ្លួន។
លោកថា៖ «ផ្លូវជាតិលេខ ៧ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីភាពចាស់ទុំសម្រាប់ជំនួយរបស់ចិនមកកម្ពុជាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយប៉ុណ្ណោះទេ ក៏ជាសក្ខីភាពក្នុងការអភិវឌ្ឍចំណងមិត្តភាពរវាងចិន និងកម្ពុជា និងសាងវាសនារួមគ្នាកាន់តែស៊ីជម្រៅទៀត»។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានថ្លែងដែរថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែបរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ។
លោកបន្តថា កំណាត់ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយតភ្ជាប់ពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេសសម្រាប់បម្រើឱ្យសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។
លោកបញ្ជាក់ថា ផ្លូវជាតិលេខ ៧ ក៏ប្រទាក់ក្រឡាជាមួយផ្លូវជាតិមួយចំនួនទៀតសម្រាប់ជំរុញការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV DTA) ដើម្បីប្រែក្លាយតំបន់ដាច់ស្រយាលនៃប្រទេសទាំង ៣ ទៅជាតំបន់មានការអភិវឌ្ឍ។
គម្រោងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ នេះគឺជាជំនួយឥតសំណងពីរដ្ឋាភិបាលចិនជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ផ្តើមការដ្ឋានសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ និងបានបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ ២០១៨ ដោយប្រើពេលអស់ ២៤ ខែ និងបានចំណាយថវិកាអស់ ៣៣,៣៧ លានដុល្លារអាមេរិក។
កំណាត់ផ្លូវនេះមានប្រវែង ៩៣,៥៦ គីឡូម៉ែត្រពីរង្វង់មូលខ្លាស្ទុះ ក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ៕