ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា​នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នៅ​ឆ្នាំនេះ​ឱ្យបាន បន្ទាប់ពី​កម្ពុជា​បាន​ខកខាន​អស់​រយៈពេល​ ២ ​ឆ្នាំ​ហើយ​ដោយសារ​ការរីក​រាលដាល​នៃ​មេរោគ​កូវីដ​ ១៩ ប៉ុន្តែ​លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវការពារ​ពី​ការឆ្លង​មេរោគ​នេះ និង​បន្ត​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ឱ្យបាន​គ្រប់ៗ​គ្នា​។

លោក​បាន​ថ្លែង​ដូចនេះ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​ ៧ ពី​ចំណុច​រង្វង់មូល​ខ្លាស្ទុះ ក្រុង​ក្រចេះ ទៅ​ភូមិ​រមាត ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដោយ​លោក​បាន​បញ្ជាក់ថា មិនត្រូវ​មានការ​ធ្វេសប្រហែស​ដែល​ធ្វើឱ្យ​ប្រទេស​ដើរ​ថយក្រោយ​វិញ​ឡើយ​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សុំ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​ប្រឹងប្រែង​ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​ដើរ​ថយក្រោយ​។ យើង​ខាន​ចូលឆ្នាំ​ខ្មែរ ២ ​ឆ្នាំ​ហើយ ឥឡូវ​ឆ្នាំនេះ​គឺ​ប្តូរផ្តាច់​ចូលឆ្នាំ នាំគ្នា​រាំលេង​សប្បាយ​ទៅ តែ​រាំ​ឱ្យ​ឃ្លាត​ពីគ្នា​បន្តិច កុំ​ពពាក់ពពូន​គ្នា​»​។

ជាមួយ​គ្នា​នោះដែរ លោក ហ៊ុន សែន ក៏បាន​ជំរុញ​ឱ្យធ្វើ​ការខិតខំ​បង្កើត​មូលដ្ឋាន​ផលិត​វ៉ាក់សាំង​នៅ​កម្ពុជា ហើយ​ប្រសិនបើ​ធ្វើបាន​នៅ​កម្ពុជា ពេលនោះ​គឺ​កម្ពុជា​មាន​របស់​ក្នុង​ដៃ​ហើយ បើទោះបីជា​កម្ពុជា​នៅតែមាន​ការបញ្ជាទិញ​វ៉ាក់សាំង​ពី​រោងចក្រ​នៅ​កម្ពុជា ប៉ុន្តែ​វា​មាន​មូលដ្ឋាន​ក្នុងប្រទេស​តែម្តង ដោយ​មិន​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ពី​ចម្ងាយ​។ លោក​សន្យា​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​ចិន​ថា ឈប់​ផ្តល់​វ៉ាក់សាំង​ជូនទៅ​ឱ្យ​ប្រទេស​ផ្សេង​ហើយ ខណៈដែល​លោក​បន្ត​ប្រកាស​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ និង​បរទេស​ដោយ​មិន​គិតថ្លៃ​ដដែល​។ ប្រទេស​កម្ពុជា​ធ្លាប់បាន​ផ្តល់​វ៉ាក់សាំង​ប្រភេទ​ស៊ីណូវ៉ាក់​ទៅកាន់​ប្រទេស​ឡាវ​ចំនួន​ ៧០ ​ម៉ឺន​ដូស និង​បាន​ផ្តល់ឱ្យ​ប្រទេស​វៀតណាម​ចំនួន​ ២០ ​ម៉ឺនដូស​នូវ​វ៉ាក់សាំង​ស៊ីណូហ្វាម​។

លោក​ថ្លែងថា​៖ «​ដូចនេះ ខ្ញុំ​មិន​ផ្តល់ទៅឱ្យ​អ្នកណា​ទៀត​ទេ ដោយសារ​ប្រទេស​ទាំងនោះ​មាន​វ៉ាក់សាំង​របស់គេ​ហើយ​។ ដូចនេះ​វ៉ាក់សាំង​ដែល​យើង​មាន​គឺ​សម្រាប់​ប្រើតែ​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​»​។

លោក​ថា ក្នុង​យុទ្ធនា​ការចាក់​ដូស​ទី​ ៣ ​ឬ​ដូស​ជំរុញ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ចំនួន​វ៉ាក់សាំង​នៅក្នុង​ឃ្លាំង​បាន​ថយ​ចុះមក​នៅសល់តែ​ ៨,៨​ លាន​ដូស ដូចនេះហើយ​បានជា​លោក​ស្នើឱ្យ​ខាង​ភាគី​ចិន​ជួយផ្តល់​វ៉ាក់សាំង​មកដល់​កម្ពុជា​បាន​លឿន ដែល​លោក​បាន​បញ្ជា​ទិញ​បន្ថែម​ ៣​ លាន​ដូស និង​ការសន្យា​ផ្តល់​មក​កម្ពុជា​ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ចំនួន​ ៥ ​លាន​ដូស​ផងដែរ​។

លោក ហ៊ុន សែន​ថា​៖ «​ដោយសារ​ខ្ញុំ​ត្រូវការ​មធ្យោបាយ​ក្នុង​ដៃ​ ១ ជាក់លាក់​ដើម្បី​ខ្ញុំ​ធានា​ជាមួយនឹង​ពលរដ្ឋ​របស់ខ្ញុំ​ថា វ៉ាក់សាំង​ជា​យុទ្ធសាស្ត្រ​នេះ​ត្រូវបាន​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយមាន​ភាព​សុំា ធានា​កុំ​ឱ្យមាន​មនុស្ស​ស្លាប់​បន្តទៀត ដោយសារ​កូវីដ-១៩​។ នេះ​ជា​របៀប​ធ្វើការ​របស់ខ្ញុំ​»​។

លោក​ថា រាជរដ្ឋាភិបាល​នៅតែ​បន្ត​គោលនយោបាយ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ដដែល​។

លោក​ថា​៖ «​បងប្អូន​ខ្លះ​បាន​លើក​យោបល់​ថា ចាក់​ដូស​ទី​ ១ ទី​ ២ ​រួចហើយ អ៊ីចឹង​ដូស​ទី ៣ ​ឬ​ដូស​ជំរុញ​គួរ​យកប្រាក់ ប៉ុន្តែ​ខ្ញុំ​ថា សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​ចាក់​ជូន​ដោយ​មិន​គិត​ប្រាក់ ហើយ​ប្រសិនបើ​យកប្រាក់​ពី​ប្រជាពលរដ្ឋ​ពី​ការចាក់​វ៉ាក់សាំង​នេះ ក៏​យើង​មិនអាច​ក្លាយជា​អ្នកមាន​ដែរ ហើយ​ជនបរទេស​នៅ​ស្រុក​ខ្មែរ ក៏​ចាក់​មិន​យកលុយ​ដែរ​»​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ ក៏បាន​បន្ត​ក្រើនរំឭក​ទៅដល់​ប្រជាពលរដ្ឋ​ត្រូវតែ​រួសរាន់​ទៅ​ទទួលយក​នូវ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា នៅតាម​ទីតាំង​ និង​មូលដ្ឋាន​សុខាភិបាល​តែម្ដង​។

លោកស្រី​ថា​៖ «​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​ឱ្យបាន​គ្រប់ៗ​គ្នា ក៏ដូចជា​ពាក្យស្លោក ៣ ​កុំ ៣​ ការពារ​បូករួម​ជាមួយ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់​ចំនួន​ដូស​ផងដែរ​»​។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី លី អៃឡែន បានលើកឡើង​កាលពី​សប្តាហ៍​មុន​ថា វីរុស​អូមីក្រុង​អាចធ្វើឱ្យ​មនុស្ស​មួយចំនួនធំ​ធ្លាក់ខ្លួន​ឈឺ ជាពិសេស​ប្រសិនបើ​មិនបាន​អនុវត្តតាម​វិធានការ​ការពារ​ពី​មេរោគ​កូវីដ​ ១៩ ​ឱ្យបាន​ត្រឹមត្រូវ ឬ​ពឹងផ្អែក​តែ​ទៅលើ​វ៉ាក់សាំង​ ដើម្បី​កាត់បន្ថយ​ការចម្លង​។

លោកស្រី​ថា​៖ «​ដើម្បី​ចៀសវាង​កុំឱ្យ​ឆ្លង​ហួស​ខ្សែបន្ទាត់​ក្រហម និង​ដើម្បី​ការពារ​អ្នក​ងាយ​រងគ្រោះ យើង​ត្រូវ​កាត់បន្ថយ​ការចម្លង​មិន​ចំពោះ​ថា​ការចម្លង​ដោយ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ណា​នោះទេ​។ ការថែទាំ​រហូតដល់​ជាសះស្បើយ​នៅតាម​ផ្ទះ សម្រាប់​អ្នកជំងឺ​ដែល​គ្មាន​រោគសញ្ញា​ ឬ​រោគសញ្ញា​ស្រាល​ជា​ផ្នែក​មួយ​សំខាន់​នៃ​យុទ្ធសាស្ត្រ​ឆ្លើយតប​ចំពោះ​កូវីដ​ ១៩ ​ទាំងមូល ជាពិសេស​ចំពោះ​មេរោគ​កូវីដ​ ១៩ ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូមីក្រុង​បច្ចុប្បន្ន​»​។

ក្នុង​រយៈពេល​ជាង ​៣០ ​ថ្ងៃ​មកនេះ កម្ពុជា​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩​ ទេ ខណៈដែល​សេដ្ឋកិច្ច​បើក​ពេញលេញ រួមទាំង​ការបើក​នូវ​ក្លិប​កម្សាន្ត​នានា ប៉ុន្តែ​ត្រូវការ​ការពារ ហើយ​និង​បន្ត​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​៕

វីដេអូ៖