លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារពិសេសមួយនាយប់ថ្ងៃទី០៨ ខែកុម្ភៈ ដោយលោកតម្រូវឱ្យមានវិធានការជាបន្ទាន់បន្ថែមលើវិធានការដែលមានរួចមកហើយដើម្បីការពារការឆ្លងរាលដាលវីរុសកូវីដ១៩ ខណៈដែលក្រសួងបានរកឃើញវីរុសកូវីដ ១៩ ប្រភេទអូមីក្រុងនៅថ្ងៃនេះរហូតជាង ២០០ ករណី។
លោកក៏បានអំពាវនាវទៅដល់ជនរួមជាតិទាំងអស់យកចិត្តទុកដាក់ទៅលើកិច្ចការពារខ្លួនជាចាំបាច់ ដែលក្នុងនោះមានការជួបជុំ ការប្រមូលផ្តុំ ក៏ដូចជាវិធីទាំងឡាយដែលបាននិងកំពុងអនុវត្តគឺ ៣ កុំ និង ៣ការពារ។
លោក ហ៊ុន សែន បានមានប្រសាសន៍តាមរយៈសារសំឡេងពិសេសថា៖ «ប្រសិនបើម្នាក់ៗអនុវត្តបាន ជំងឺនេះក៏មិនឆ្លងរីករាលដាលធ្ងន់ធ្ងរដូចនេះដែរ។ ដូច្នេះ ខ្ញុំសុំអំពាវនាវទៅដល់ប្រជាពលរដ្ឋកាត់បន្ថយការជួបជុំ ផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាព សម្រាប់ការពារនូវការឆ្លង បើទោះបីជាមេរោគបច្ចុប្បន្ននៅកម្ពុជាពុំមានករណីប្រភេទដែលតានិងអាល់ហ្វា ដែលឆក់យកជីវិតប្រជាជនក៏ដោយចុះ»។
ការកើនឡើងនៃចំនួនឆ្លងក្នុងប្រទេសកម្ពុជា ថៃ វៀតណាម និងបណ្តាប្រទេសអាស៊ានដទៃទៀតក៏ការឆ្លងមានការកើនឡើងផងដែរ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម។
លោកនាយករដ្ឋមន្ត្រីបានបន្តថា ជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងបានមកជំនួសមេរោគកូវីដ ១៩ ប្រភេទដែលតា និងអាល់ហ្វា ហើយទោះបីជាវីរុសប្រភេទអូមីក្រុងនេះស្រាលក៏ដោយ ប៉ុន្តែប្រសិនបើការឆ្លងនេះមានអត្រាកើនឡើងខ្ពស់ វានឹងនាំមកនូវគ្រោះថ្នាក់ដោយការសាយភាយពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តដែលខេត្តមួយចំនួនពុំមានករណីឆ្លងនោះទេ។
លោកថា៖ «ត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹងនូវស្ថានភាពទាំងឡាយនៅតាមទីកន្លែងដែលមានការបើកឱ្យធ្វើអាជីវកម្មដូចជា រង្គសាល ពិធីជួបជុំនានា ឬពិធីរៀបអាពាហ៍ពិពាហ៍ ឬការជួបជុំខាងសាសនាជាដើម គួរតែត្រូវបានកម្រិត ដោយការធ្វើកាន់តែតិចកាន់តែល្អ»។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «យើងធ្វើនេះ មិនមែនជាការដើរថយក្រោយនោះទេ ក៏ប៉ុន្តែយើងធ្វើនេះដើម្បីទប់ស្កាត់ជាយថាហេតុ។ អូមីក្រុងកំពុងតែរីករាលដាលនៅទីក្រុងភ្នំពេញ ហើយប្រសិនបើយើងមិនប្រយ័ត្នទេ អូមីក្រុងនឹងពង្រាយនៅទូទាំងប្រទេសដូចដែលយើងធ្លាប់ជួបប្រទះនាពេលកន្លងមកដូចគ្នា»។
លោកស្នើសុំឱ្យអាជ្ញាធរគ្រប់កន្លែងទាំងអស់ ពិនិត្យឱ្យបានហ្មត់ចត់នូវបញ្ហា ការអនុវត្តនូវវិធានការ ៣ ការពារ និង ៣ កុំ ហើយសំខាន់ត្រូវយកចិត្តទុកដាក់លើការពាក់ម៉ាស់ ការលាងដៃ និងរក្សាគម្លាត និងចៀសវាងនូវការជួបជុំណាដែលមានចរិតជាការឆ្លង។
លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវទៅទទួលយកនូវការចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យបានគ្រប់ៗគ្នា ដោយសារវ៉ាក់សាំងជួយកាត់បន្ថយនូវការឆ្លងនិងការស្លាប់ដោយសារជំងឺកូវីដ ១៩។
លោកបានសង្កត់ធ្ងន់ថា ៖ «សូមក្រសួងសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំសង្កាត់ ភូមិ និងប្រជាពលរដ្ឋរបស់យើងអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសវាងនូវមហន្តរាយសម្រាប់ប្រទេសរបស់យើង»៕
វីដេអូ៖