ភ្នំពេញៈ កម្ពុជា និងជប៉ុនសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីចំនួន ៤ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រួមមាន អគាររដ្ឋបាល អគារសិក្សា អគារបណ្ណាល័យ និងសាលពហុបំណងក្រោមជំនួយឥតសំណងរបស់ជប៉ុននៅទី ៩ ខែកុម្ភៈនេះ។
សេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បញ្ជាក់នាថ្ងៃទី ៨ ខែកុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានឹងសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីទាំង ៤ នេះនៅទីតាំងនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
ការកែលម្អអគារ និងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានគរុកោសល្យនេះធ្វើឡើងក្រោមគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា និងទីភ្នាក់ងារ JICA។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គម្រោងនេះមានគោលបំណងពង្រឹងមូលដ្ឋានជារូបវន្តចាំបាច់សម្រាប់វិទ្យាស្ថានគរុកោសល្យចំនួន ២ គឺ នៅរាជធានីភ្នំពេញ និងបាត់ដំបង ដើម្បីប្រែក្លាយជាគ្រឹះស្ថានអប់រំគ្រូបង្រៀនថ្នាក់បរិញ្ញាបត្ររយៈពេល ៤ ឆ្នាំ ដោយពង្រីក និងកែលម្អនូវអគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើដល់ការបណ្តុះបណ្តាលគ្រូបង្រៀន និងផ្តល់សម្ភារចាំបាច់សម្រាប់ការបង្រៀន។
ប្រភពដដែលបញ្ជាក់ថា «តាមការរំពឹងទុក គម្រោងនេះនឹងចូលរួមចំណែកក្នុងការបង្កើនគុណភាពការអប់រំនៅបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ តាមរយៈការបង្កើនគុណភាពរបស់គ្រូបង្រៀន»។
ក្រៅពីសាងសង់អគារថ្មីចំនួន ៤ នេះ គម្រោងនេះក៏បានបំពាក់នូវសម្ភារសម្រាប់បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់កុំព្យូទ័រ និងបន្ទប់តន្ត្រី និងសិល្បៈ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរៀន និងការបង្រៀន។
ក្រៅពីគម្រោងជំនួយហិរញ្ញប្បទាននេះ ទីភ្នាក់ងារ JICA និងក្រសួងអប់រំក៏បាន និងកំពុងអនុវត្តគម្រោងជំនួយបច្ចេកទេសសម្រាប់ការកសាងមូលដ្ឋានគ្រឹះដល់វិទ្យាស្ថានគរុកោសល្យទាំង ២ ដោយអភិវឌ្ឍកម្មវិធីសិក្សាលម្អិតសម្រាប់ការអប់រំបរិញ្ញាបត្រសម្ភារសម្រាប់បង្រៀន និងប្រឡងប្រព័ន្ធគ្រប់គ្រងរបស់វិទ្យាស្ថានក៏ដូចជាការកសាងឯកសារយុទ្ធសាស្ត្រសម្រាប់ដំឡើងគុណវឌ្ឍិគ្រូបង្រៀន។
គម្រោងនេះក៏បានផ្តោតលើការអភិវឌ្ឍសមត្ថភាពរបស់គ្រូឧទ្ទេស រួមមាន សមត្ថភាពដើម្បីស្រាវជ្រាវអប់រំ និងអភិវឌ្ឍកម្មវិធីសិក្សា និងកម្មវិធីអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «កិច្ចសហការដ៏ល្អនេះនឹងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ ក៏ដូចជារបស់ដៃគូអភិវឌ្ឍន៍ក្នុងការឆ្លើយតបនឹងតម្រូវការជាអាទិភាពសម្រាប់កំណែទម្រង់ការអប់រំគ្រូបង្រៀននៅព្រះរាជាណាចក្រកម្ពុជា»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៨ ខែកុម្ភៈថា ការកែលម្អអគារថ្មីចំនួនទាំង ៤ នេះគឺដើម្បីបន្តលើកកម្ពស់គុណភាពនៃការរៀន ការបង្រៀន និងការគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យនេះ៕