ភ្នំពេញៈ មន្ត្រីក្រសួងសង្គមកិច្ច ណែនាំ និងស្នើអាជ្ញាធររាជធានី-ខេត្តបញ្ជូនជនដែលមានវិបល្លាសស្មារតីមកទទួលការព្យាបាល និងថែទាំនៅមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ដោយក្រសួងមានការបើកទូលាយជាងមុនក្នុងការទទួលយកគ្រប់ជនប្រភេទនេះ ដែលមិនពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
នាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការទទួល និងការថែទាំជនវិបល្លាសស្មារតីស្នាក់នៅក្នុងមជ្ឈមណ្ឌលកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២។ ក្រសួងសង្គមកិច្ច ឱ្យដឹងថា គោលដៅនៃការរៀបចំនូវគោលការណ៍ណែនាំនេះឡើង គឺសំដៅលើនីតិវិធី និងយន្តការនៃការទទួលការថែទាំ និងការគ្រប់គ្រងជនវិបល្លាសស្មារតីស្នាក់នៅ និងការគ្រប់គ្រងមជ្ឈមណ្ឌលថែទាំជនវិបល្លាសស្មារតី។
លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថា គោលការណ៍ស្តីពីការទទួល និងការថែទាំ ជនវិបល្លាសស្មារតី ស្នាក់នៅក្នុងមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីនេះ មិនមែនជាគោលការណ៍ថ្មីអ្វីប្លែកនោះទេ ប៉ុន្តែវាគ្រាន់តែមានការបើកទូលាយជាងមុនបន្តិច។
លោកបញ្ជាក់ថា៖ «គោលការណ៍នេះយើងមានរួចហើយកាលពីដាក់ឱ្យអនុវត្តក្នុងពេលបើកសម្ពោធមណ្ឌល គ្រាន់តែវាមានលក្ខណៈចង្អៀតបន្តិច។ ប៉ុន្តែគោលការណ៍ចុងក្រោយនេះ មានការបើកទូលាយជាងមុន ដោយយើងបើកទទួលជនវិបល្លាសស្មារតី នៅតាមផ្ទះផងដែរឱ្យមកស្នាក់នៅក្នុងមណ្ឌលរបស់យើង ដែលពីមុនយើងយកតែអ្នកក្រីក្រ និងជនអនាថានៅតាមផ្លូវជាដើម»។
បណ្តារាជធានី-ខេត្តទាំងអស់អាចបញ្ជូនជនដែលមានវិបល្លាសស្មារតីមកស្នាក់នៅ ដើម្បីទទួលការថែទាំ និងគ្រប់គ្រងនៅក្នុងមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ដែលមានទីតាំងក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីនេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែកញ្ញា ឆ្នាំ ២០១៩ ដែលជាមណ្ឌលដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។
លោក តូច ចាន់នី បញ្ជាក់ថា៖ «ក្រសួងសង្គមកិច្ចចាំទទួលជនវិបល្លាសស្មារតី ហើយអាជ្ញាធរជាអ្នកប្រមូលពួកគាត់មក ដើម្បីថែទាំ និងគ្រប់គ្រងនៅក្នុងមណ្ឌលរបស់យើងដែលមានស្រាប់។ ប៉ុន្តែត្រូវមានតារាងបំពេញបែបបទត្រឹមត្រូវផងដែរ»។
សម្រាប់លក្ខខណ្ឌនៃការទទួលជនវិបល្លាសស្មារតីនេះ តាមគោលការណ៍បញ្ជាក់ថា ជនវិបល្លាសស្មារតី (មិនពាក់ព័ន្ធនឹងករណីគ្រឿងញៀន) ដែលនឹងត្រូវទទួលមកស្នាក់នៅក្នុងមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី។ ជននោះទីទ័លក្រ ដែលគ្មានទីពឹងជនអនាថា ជនដែលបែកចេញពីគ្រួសារបណ្តាលមកពីស្ថានភាពគំរាមកំហែងទទួលរងគ្រោះដោយអំពើហិង្សាគ្រប់ទម្រង់រូបភាព និងជនដែលមានសភាពធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន និងបង្កហានិភ័យដល់គ្រួសារ និងសហគមន៍។
គោលការណ៍ណែនាំនេះបានបញ្ជាក់ទៀតថា ចំពោះឯកសារដែលត្រូវមានដូចជា លិខិតស្នើសុំឯកសារពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ជនវិបល្លាសស្មារតី ដែលមានក្រុមគ្រួសារ។ ចំពោះជនដែលមិនមានគ្រួសារ អាជ្ញាធរដែនដីត្រូវធ្វើលិខិតស្នើសុំឯកភាពពីរដ្ឋមន្ត្រី លិខិតបញ្ជាក់របស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ លិខិតបញ្ជាក់ពីមន្ទីរសង្គមកិច្ច រាជធានីខេត្ត និងលិខិតបញ្ជាក់ពីគ្រូពេទ្យឯកទេសផ្នែកវិកលវិទ្យាផងដែរ។
បច្ចុប្បន្ន មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ដែលមានទីតាំងក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានជនវិបល្លាសស្មារតីប្រមាណជា ៨០ នាក់កំពុងស្នាក់នៅ ប៉ុន្តែក៏មានជនមួយចំនួនបានជាសះស្បើយ និងបញ្ជូនទៅក្រុមគ្រួសាររបស់ពួកគេវិញផងដែរ៕