ភ្នំពេញៈ អង្គការ UNIDO (អង្គការអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល) សហការជាមួយរដ្ឋបាលជលផលចុះហត្ថលេខា និងដាក់ឱ្យដំណើរការជាផ្លូវការ ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ ដើម្បីលើកកម្ពស់ និងធានាដល់ការកែច្នៃសុវត្ថិភាពម្ហូបអាហារក្នុងវិស័យជលផល ដែលរដ្ឋមន្ត្រីរំពឹងថា បើកម្ពុជា សម្រេចបាននូវការច្នៃនៃទិន្នផលត្រីនោះនឹងឱ្យកម្ពុជាទទួលបានចំណូលកាន់តែច្រើន។ ពិធីចុះហត្ថលេខា និងដាក់ឱ្យដំណើរការជាផ្លូវការ ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនេះបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែកុម្ភៈ នៅសណ្ឋាគាររ៉ាហ្វល់ឡឺរ៉ូយ៉ាល់ភ្នំពេញ ដែលមានអ្នកពាក់ព័ន្ធមកពីបណ្តាក្រសួងស្ថាប័ន វិស័យឯកជន អ្នកស្រាវជ្រាវ និងសង្គមស៊ីវិលជាច្រើនចូលរួម។
អង្គការ UNIDO បានឱ្យដឹងថា ការបង្កើតថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនេះ គឺជាគំនិតផ្តួចផ្តើមមួយដែលគម្រោង CAPFish បានរៀបចំឡើងដើម្បីបង្កលទ្ធភាពដល់អ្នកតាក់តែងគោលនយោបាយ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជនធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហា ឆ្លើយតបនឹងតម្រូវការក្នុងវិស័យជលផលជាពិសេស ការស្រាវជ្រាវ និងនវានុវត្តន៍នៃជលផលក្រោយប្រមូលផលតាមរយៈថ្នាលបច្ចេកវិទ្យានេះ។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាល ជលផល បានថ្លែងក្នុងឱកាសនោះថា ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនេះនឹងចូលរួមដោះស្រាយនូវបញ្ហាប្រឈមដែលកម្ពុជាបានជួបប្រទះទាក់ទងនឹងការកែច្នៃផ្នែកម្ហូបអាហារនេះ ខណៈកម្ពុជានៅមិនទាន់មានការកែច្នៃនេះឱ្យបានពេញលេញនៅឡើយ។
លោកថា៖ «ចាំបាច់ត្រូវរៀបចំឱ្យមានការបង្កើតភាពជាដៃគូពីស្ថាប័នគ្រឹះស្ថានអប់រំរដ្ឋ និងវិស័យឯកជន ដើម្បីធានាដល់ការស្រាវជ្រាវ នវានវត្តន៍សំដៅរួមចំណែកបង្កើតផលិតផល និងបច្ចេកទេសថ្មីៗ កាត់បន្ថយថ្លៃដើម និងបាត់បង់ក្រោយការប្រមូលផល ព្រមទាំងលើកកម្ពស់ផលិតភាព និងផលិតកម្ម»។
លោក ពុំ សុថា ថ្លែងថា គម្រោង CAPFish នឹងជំរុញលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍សំដៅបង្កើតបច្ចេកវិទ្យាកែច្នៃផលជលផល ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញ។ ថ្នាលបច្ចេកវិទ្យានេះនឹងសម្របសម្រួលការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការរៀបចំ ឬកែលម្អកម្មវិធីសិក្សាពាក់ព័ន្ធនឹងផលជលផល ក្រោយប្រមូលផលការផ្តល់មូលនិធិសម្រាប់និស្សិតធ្វើកម្មសិក្សានិងអាហារូបករណ៍ ថ្នាក់ក្រោយឧត្តមសិក្សាជាដើម។
លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងក្នុងឱកាសនោះថា ស្ថាប័នស្រាវជ្រាវ និងឧត្តមសិក្សា គឺជាដៃគូដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសក្នុងការធ្វើឱ្យប្រសើរឡើងនូវភាពច្នៃប្រឌិត និងគុណភាពនៃផលិតផល។ ការចូលរួមចំណែករបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការស្រាវជ្រាវ និងនវានុវត្តន៍កំពុងឆ្លើយតបយ៉ាងល្អ ចំពោះកំណើនវារីវប្បកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន ដែលមានអត្រា ២០% ជារៀងរាល់ឆ្នាំ។ ប៉ុន្តែទាំងនេះអាចនឹងបាត់បង់ឱកាស ប្រសិនបើធនធានពីវារីវប្បកម្មទាំងនោះមិនត្រូវបានដំណើរការល្អជាមួយនឹងការបន្ថែមតម្លៃ ដើម្បីបំពេញសក្តានុពលពេញលេញរបស់វា។
លោកថា៖ «ការធ្វើពិពិធកម្មផលិតផលជលផលដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ គឺជាគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស ជាពិសេសដើម្បីគាំទ្រដល់ការនាំចេញផលិតផលនេសាទរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងសហភាពអឺរ៉ុប»។
លោក វេង សាខុន ថា ក្នុងឆ្នាំ ២០២១ កន្លងមកនេះ ទិន្នផលត្រីដែលកម្ពុជាសម្រេចបានសរុប គឺមានប្រមាណជាង ៨០០ ពាន់តោន ឬស្មើ ១,៧ ពាន់លានដុល្លារ នៃចំនួនទិន្នផលសរុបរបស់ប្រទេស ដែលលោកសម្លឹងឃើញថា បើកម្ពុជាសម្រេចបាននូវការកែច្នៃផលិតផលទាំងនេះ ព្រមទាំងសម្រេចបាននូវការនាំចេញទៅក្រៅប្រទេសទៀតនោះ ទិន្នផលដែលទទួលបានពីវិស័យជលផលនេះនឹងកាន់តែមានការកើនឡើង។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានថ្លែងដោយរំពឹងថា ក្នុងពេលខាងមុខថ្នាលនេះនឹងបានចូលរួមចំណែកដ៏ធំធេងដល់វិស័យឯកជន ក្នុងការស្រាវជ្រាវ និងបង្កើតការកែច្នៃដែលប្រកបដោយសុវត្ថិភាពលើផ្នែកម្ហូបអាហារ។
លោកថា៖ «គោលដៅរបស់ថ្នាលនេះ គឺគាំទ្រដល់ផលិតផល ទិន្នផលក្រោយប្រមូលផលតាមរយៈការប្រើប្រាស់សមត្ថភាពជំនាញស្រាវជ្រាវ និងនវានវត្តន៍របស់គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា។ ចក្ខុវិស័យថ្នាលនេះ គឺនឹងផ្តល់ការគាំទ្រដល់ផលិតកម្មអាហារទាំងមូលអ៊ីចឹងក្នុងនាមវិស័យឯកជន យើងនឹងបន្តចែករំលែកដល់សមាជិកឱ្យបានយល់ដឹងបន្ថែមទៀតពីការចូលរួម ជាពិសេសសហគ្រាសពាក់ព័ន្ធនឹងការកែច្នៃអាហារ»៕