ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិបានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៥៧ រូបស្ដីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ ដើម្បីបង្កើនសមត្ថភាពលើការប្រើប្រព័ន្ធបច្ចេកវិទ្យាថ្មីក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់កំពុងបន្តកើនឡើង។
វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុបណ្ណបើកបរនេះបានធ្វើឡើងក្រោមអធិបតីលោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិកាលពីថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសិក្ខាកាមមកពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ១៥ រូប ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១៦ រូប ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ១៥ រូប ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ១១ រូបសរុបទាំងអស់ ៥៧ រូប រួមជាមួយនឹងគ្រូបង្គោលចំនួន ៣ រូបមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងគ្រូបង្គោលក្រុមហ៊ុនទ្រូម៉ាន់នី (True Money) ផងដែរ។
លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានថ្លែងក្នុងពិធីនោះថាគោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះ មាន ៣ ចំណុច គឺទី ១ បង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីលើការគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទី ២ បង្ហាញនូវនីតិវិធីប្រតិបត្តិការប្រព័ន្ធ និងការប្រើប្រាស់ឧបករណ៍ពិន័យអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងទី ៣ វិធីគ្រប់គ្រងព័ត៌មាន និងការរក្សាទុកទិន្នន័យនៃការពិន័យ។
លោកថ្លែងថា៖ «ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុបណ្ណបើកបរឱ្យស្របទៅនឹងចក្ខុវិស័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិគឺការកសាងនូវបច្ចេកទេសបច្ចេកវិទ្យាក្នុងការគ្រប់គ្រងបទល្មើស មិនថា
តែបទល្មើសចរាចរណ៍ទេ បទល្មើសព្រហ្មទណ្ឌ ឬបទល្មើសផ្សេងៗទៀតនោះទេក៏អាចរៀបចំចងក្រងបទល្មើសក្នុងប្រព័ន្ធគ្រប់គ្រងទំនើបផងដែរ»។
លោក ប៉ែន បូរាណ បានថ្លែងអំណរគុណដល់អគ្គស្នងការនគរបាលជាតិដែលបានបញ្ជូនមន្ត្រីជំនាញមកចូលរៀនវគ្គបណ្តុះបណ្តាលនេះ។ ជាពិសេសក្រុមការងារអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានផ្តួចផ្តើមគំនិតថ្មី ដើម្បីប្រើបច្ចេកវិទ្យាថ្មីឱ្យទាន់សភាពការណ៍ទៅតាមតម្រូវការរបស់សង្គម។
លោកបញ្ជាក់ថា៖ «យើងដឹងហើយថា បច្ចេកវិទ្យាឥឡូវវាទំនើប ដូច្នេះការប្រើប្រាស់ឧបករណ៍ប្រកបដោយបច្ចេកវិទ្យាទំនើបនេះ គឺត្រូវតែមានការរៀនសូត្រ ប៉ុន្តែខ្ញុំគិតថា ការរៀនសូត្រនេះគឺរៀនមិនចេះចប់នោះទេ។ ជាពិសេសវគ្គសិក្សានេះ គឺជាវគ្គដំបូងដែលរៀនអំពីឧបករណ៍ប្រើដោយបច្ចេកវិទ្យាដូច្នេះសិក្ខាកាមត្រូវតែចេះបច្ចេកទេសច្បាស់លាស់ក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះ មិនអាចចេះស្ទើរៗបានទេ ពីព្រោះយើងដឹងហើយថា ការប្រើឧបករណ៍បច្ចេកទេស កាលណាយើងបញ្ចូលទិន្នន័យនេះខុស វាក៏ឱ្យលទ្ធផលមកយើងវិញខុសដែរ»។
បើតាមលោក ប៉ែន បូរាណ តាមរយៈការបណ្ដុះបណ្ដាលនេះទាមទារឱ្យសិក្ខាកាមចេះឱ្យបានស្ទាត់ ដើម្បីឱ្យក្លាយជាគ្រូបង្គោលក្នុងការយកទៅបង្ហាត់ដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗបន្តទៀត។
លោកបានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះក្នុងបំណងបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍អំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនៃកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ( Driver’s License Point Deduction and Fine Mobile App) តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា (POS) និងបង្ហាញនូវនីតិវិធីប្រតិបត្តិការគ្រប់គ្រងព័ត៌មាន រក្សាទុកទិន្នន័យនៃការផាកពិន័យបទល្មើសចរាចរណ៍ ដើម្បីឱ្យសិក្ខាកាមជាមន្ត្រីនគរបាលចរាចរណ៍អាចយកទៅអនុវត្តជាក់ស្តែងបានផងដែរ។
លោកបានបន្តថា ការបង្កើតកម្មវិធី Fine Mobile App នេះគឺជាគំនិតផ្ដួចផ្ដើមមួយដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក៏ដូចជាការរឹតបន្តឹងលើការងារអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព។
លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាក្នុងពេលអញ្ជើញធ្វើជាអធិបតីសម្ពោធឱ្យប្រើកំណាត់ផ្លូវជាតិលេខ ៧ ក្នុងខេត្តក្រចេះកាលពីថ្ងៃទី ៧ ខែកុម្ភៈបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ខណៈគ្រាន់តែនៅថ្ងៃទី ៧ ខែកម្ភៈ (១ ថ្ងៃ) មានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ១២ លើកបណ្តាលឱ្យមនុស្សស្លាប់ ១៣ នាក់ រងរបួសសរុប ៨ នាក់ ក្នុងពេលដែលជាង ១ ខែ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នោះ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីបានថ្លែងកាលពីថ្ងៃទី ៧ កុម្ភៈថា ក្រោយពីរាជរដ្ឋាភិបាលបើកប្រទេសជាប្រក្រតីឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ ១៩ ធូរស្រាល បញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ និងរបួសមានការកើនឡើង។
លោកបានថ្លែងថា៖ «ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ អ្វីដែលយើងអាចធ្វើបាន គឺយើងត្រូវដោះស្រាយបញ្ហា ២ ក្នុងនោះទី ១ យើងត្រូវកែប្រែឥរិយាបថអ្នកបើកបរនាពេលបច្ចុប្បន្ន និងទី ២ យើងត្រូវបណ្ដុះឥរិយាបថឱ្យមានការគោរពសុវត្ថិភាពចរាចរណ៍ ដោយចាប់ផ្ដើមតាំងពីកុមារឡើងមក ដើម្បីឱ្យមានឥទ្ធិពលយូរអង្វែងលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក»៕