ភ្នំពេញៈ មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ (Sunhak Peace Prize) បានប្រកាសជាផ្លូវការ ចំពោះម្ចាស់ជយលាភីពានរង្វាន់សន្តិភាពចំនួន ៣ ដោយរួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ២ ទៀតត្រូវបានប្រគល់ជូនសាស្ត្រាចារ្យផ្នែកវ៉ាក់សាំង និងស្ថាប័នដែលផ្គត់ផ្គង់វ៉ាក់សាំងនៅជុំវិញពិភពលោក។
មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់បានរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាធារណរដ្ឋកូរ៉េ និងបន្តផ្សាយនៅកម្ពុជាស្តីពី «ការប្រកាសជាផ្លូវការនូវជយលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ លើកទី ៥ រួមទាំងពានរង្វាន់ ស្ថាបនិក»។
ពានរង្វាន់នេះធ្វើឡើងជារៀងរាល់ ២ ឆ្នាំម្តង និងផ្តោតទៅលើប្រធានបទផ្សេងៗគ្នាទៅតាមឆ្នាំនីមួយៗ ហើយសម្រាប់ពានរង្វាន់នៅឆ្នាំ ២០២២ នេះគឺផ្តោតទៅលើការឆ្លើយតបទៅកាន់វិបត្តិសុខភាពពិភពលោក ជាពិសេសវិបត្តិកូវីដ ១៩ និងការរៀបចំការការពារ និងបញ្ហាប្រឈមនៅថ្ងៃអនាគត។
សមាជិកគណៈកម្មការជ្រើសរើសពានរង្វាន់សន្តិភាពស៊ុនហាក់លោក Yun Young-ho បានប្រកាសថា សម្រាប់ឆ្នាំនេះបានផ្តល់ពានរង្វាន់សន្តិភាព ចំពោះបុគ្គល ២ រូប និងស្ថាប័នចំនួន ១។ លោកបន្តថា ពានរង្វាន់កតញ្ញូពិសេសរបស់ស្ថាបនិក គឺត្រូវបានផ្តល់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានខិតខំកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំ សម្រាប់បុព្វហេតុសន្តិភាពពិភពលោក ហើយតែងតែខិតខំធ្វើការសម្រាប់សន្តិភាពនៅជុំវិញពិភពលោក ជាពិសេសទៅទៀត លោកក៏ជាសហប្រធាននៃកិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េនៅឆ្នាំ ២០២២។
លោកថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាវឌ្ឍនភាពមួយ និងជាកិច្ចការងារមួយដ៏ល្អ ដែលនេះគឺជាការដើរសម្រាប់សេចក្តីសុខរមនាដល់មនុស្សជាតិ ហើយនេះជាគំរូសម្រាប់សន្តិភាពទាំងមូល»។ លោកបន្តថា បន្ថែមពីនេះលោកនាយករដ្ឋមន្ត្រីកម្ពុជាតែងតែមានប្រសាសន៍ថា មនុស្សជាតិទាំងអស់ គឺមានភាពស្មើៗគ្នា មិនថា ជាតិសាសន៍ណាទេ ទាំងពណ៌សម្បុរ និងសាសនា។ លោកគូសបញ្ជាក់ថា អ្នកទទួលពានរង្វាន់ទាំង ៣ នេះគឺជាអ្នកដឹកនាំសម្រាប់ធ្វើការដឹកនាំសន្តិភាពពិភពលោក។
ពានរង្វាន់មួយទៀតប្រគល់ជូន លោកស្រីបណ្ឌិត Damo Sarah Catherine សាស្ត្រាចារ្យផ្នែកវ៉ាក់សាំង ដែលខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងសម្រាប់ការពារមេរោគកូវីដ ១៩ ហើយលោកស្រីតែងតែខិតខំស្វែងរកមាគ៌ាវ៉ាក់សាំង ដើម្បីផ្តល់ជូនមនុស្សគ្រប់គ្នា ហើយលោកស្រីជឿជាក់ថា វ៉ាក់សាំងគួរតែផ្តល់ដល់មនុស្សគ្រប់គ្នា មិនថាប្រទេសក្រីក្រនោះទេជាពិសេសជួយជ្រោមជ្រែងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ លោកបន្តថា សម្រាប់ស្ថាប័នវិញ ពានរង្វាន់បានទៅលើ Gavi ដែលជាស្ថាប័នមួយបង្កើតឡើងសម្រាប់ជួយជ្រោមជ្រែងទៅដល់ការផ្តល់នូវប្រភេទវ៉ាក់សាំងនៅលើពិភពលោក ដែលស្ថាប័ននេះ រៀបចំប្រព័ន្ធបញ្ជូនវ៉ាក់សាំងទៅកាន់ប្រទេសនីមួយៗ និងអភិវឌ្ឍស្ថាប័នកូវ៉ាក់ ដែលនៅពេលនេះមាន ១៤៤ ប្រទេស និងរាប់លានដូស ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសទាំងអស់នោះ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោកស្រី ជ្រឹង បុទុមរង្ស៊ី តំណាងឱ្យកម្ពុជាបានឡើងថ្លែងសុន្ទរកថា មាគ៌ាដើម្បីបង្កើតសុខសន្តិភាព ដូចមានការផ្សះផ្សា និងកិច្ចការងារដ៏លំបាក គឺទាមទារពេលវេលាដ៏ស្មុគស្មាញ ដូច្នេះហើយយើងមិនអាចបោះបង់នូវកិច្ចខិតខំប្រឹងប្រែងរបស់យើងបានទេ ពីព្រោះសន្តិភាពនឹងត្រូវបានប្រមូលផលដោយការរួមធ្វើការជាមួយគ្នា និងបង្កើនទំនាក់ទំនងគ្នាទៅវិញទៅមក។ លោកស្រីបញ្ជាក់ថា៖ «ខ្ញុំសូមអនុញ្ញាតបញ្ជាក់ថា គ្រប់កិច្ចសហប្រតិបត្តិការគឺជាគោលការណ៍ដ៏ចម្បង សម្រាប់ការគោរពគ្នាទៅវិញទៅមក អព្យាក្រឹតនីមួយៗ ជាពិសេសការយល់គ្នា ការជឿជាក់គ្នា និងការបង្កើតអន្តរផលប្រយោជន៍រវាងប្រទេសមួយទៅប្រទេសមួយ»។
ទាក់ទងនឹងការផ្តល់ពានរង្វាន់សន្តិភាពនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាតួអង្គសំខាន់សម្រាប់សន្តិភាពនៅកម្ពុជាដោយសារកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ ហើយលោកបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដែលធ្វើឱ្យកម្ពុជាបានសន្តិភាពពេញលេញ។ ទន្ទឹមនឹងនោះ លោកក៏បានចូលរួមចំណែកច្រើនផងដែរក្នុងក្របខ័ណ្ឌកម្ពុជាក្នុងបេសកកម្មសន្តិភាពពិភពលោកតាមរយៈអង្គការសហប្រជាជាតិ»។
បេសកជនពិសេសសម្រាប់សន្និបាតពិភពលោកឆ្នាំ ២០២២ និងជាអតីតរដ្ឋមន្ត្រីក្រសួង សន្តិភាព និងការផ្សះផ្សា (២០១៥-២០១៦) នៃរដ្ឋាភិបាលនេប៉ាល់លោក Ek Nath Dhakal បានថ្លែងថា ពានរង្វាន់ស៊ុនហាក់នេះ គឺមិនអាចកាត់ថ្លៃបានដែលជាការបូជា និងពលិកម្មនៃបុព្វហេតុសន្តិភាពរបស់ស្ថាបនិកពេញមួយជីវិត ហើយយើងមិនអាចធ្វើការប្រៀបធៀបជាមួយពានរង្វាន់ផ្សេងៗនោះទេ។
ជយលាភីម្នាក់ៗនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ និងមេដាយមាសនៅឯកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ (កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ) នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាធារណរដ្ឋកូរ៉េ។ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ ដើម្បីផ្តល់កិត្តិយសដល់បុគ្គល និងស្ថាប័ននានាដែលបានរួមចំណែកដ៏អស្ចារ្យដល់សន្តិភាព និងសុខុមាលភាពសកលដែលទាក់ទងជាមួយកត្តាមួយនៅក្នុងកត្តាសំខាន់ទាំង ៣ គឺ ការអភិវឌ្ឍ មនុស្សប្រកបដោយចីរភាព ការដោះស្រាយជម្លោះ ឬការអភិរក្សអេកូឡូស៊ី។
លោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន បានបង្កើតពានរង្វាន់នេះឡើង ដើម្បីឧទ្ទិសដល់កេរមរតករបស់ស្វាមីលោកស្រី គឺ លោកបណ្ឌិត សាន់ ម៉ុង មូន ដែលបានលះបង់ជីវិតរបស់គាត់ ដើម្បីកសាងវប្បធម៌សន្តិភាពពិភពលោកក្រោមបដារួមមួយគឺ «យើងជាគ្រួសារមនុស្សជាតិតែមួយ ក្រោមព្រះតែមួយ»៕