ភ្នំពេញៈ រាជរដ្ឋាភិបាលបានបង្កើនកញ្ចប់ថវិកាជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបញ្ហាប្រឈមជាអាទិភាពនានា។
ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការលើកកម្ពស់ និងបង្កើនការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តការងារ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគណនេយ្យភាពសង្គម នៅថ្ងៃទី ៨ ខែកុម្ភៈ លោក ម៉ាអុន ម៉ាអូណាត ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃព័ត៌មាននៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានថ្លែងថា ក្នុងរយៈពេល ២០ ឆ្នាំមកនេះ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍនៅតាមថ្នាក់ក្រោមជាតិ និងបានបង្កើនកញ្ចប់ថវិកាជាបន្តបន្ទាប់។ ក្នុងឆ្នាំ ២០០២ រដ្ឋាភិបាលបានផ្តល់ថវិកាដល់ឃុំ-សង្កាត់ជាមធ្យមប្រមាណ ៤ ៥០០ ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ ២០២២ នេះគឺផ្តល់ថវិកាជាមធ្យមរហូតដល់ ១២៧ ០០០ ដុល្លារ។ រីឯក្រុង-ស្រុកនៅឆ្នាំ ២០១៣ ទទួលកញ្ចប់ថវិកាជាមធ្យម ៧ ៩០០ ដុល្លារ ខណៈឆ្នាំ ២០២២ ទទួលបានថវិកា ៥៧ ម៉ឺនដុល្លារ។ សម្រាប់ឆ្នាំ ២០២២ រដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាសរុបដល់រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ១ ០៤៣ លានដុល្លារ ក្នុងនោះផ្តល់ជូនរាជធានី-ខេត្ត ទូទាំងប្រទេសសរុបប្រមាណ ៦៩៧ លានដុល្លារ ។
លោកបញ្ជាក់ថា ការបង្កើនថវិកាជាបន្តបន្ទាប់នេះ ដោយសារការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការទទួលបានជោគជ័យប្រកបដោយផ្លែផ្កាក្នុងរយៈពេល ២០ ឆ្នាំមកនេះ។ លោកថា ផ្អែកតាមសមិទ្ធផលរយៈពេលជិត ២ ទសវត្សរ៍មកនេះបង្ហាញឱ្យយើងឃើញថា កំណែទម្រង់នេះបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបញ្ហាប្រឈមជាអាទិភាពនានា។
លោកថា៖ «ប្រការនេះបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព»។
បើតាមលោក ម៉ាអុន ម៉ាអូណាត កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺជាការអភិវឌ្ឍ មូលដ្ឋានជាការបើកឱកាសឱ្យមានការចូលរួមពីពលរដ្ឋ ដោយអនុវត្តកម្មវិធីជាតិដំណាក់កាលទី ១ ឆ្នាំ ២០១០-២០២០ សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រួមជាមួយការផ្ទេរមុខងារ និង ធនធាន ដើម្បីធានាលើកកម្ពស់ប្រសិទ្ធភាពគុណភាព ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាចាំបាច់នានាជូនពលរដ្ឋ។
ពាក់ព័ន្ធកំណែទម្រង់នេះលោក ម៉ាអូណាត បញ្ជាក់ថា បច្ចុប្បន្នអង្គភាពច្រកចេញចូលតែមួយទូទាំងប្រទេសមានចំនួន ១១៤ ក្រុង-ស្រុក ខណៈខេត្តមួយចំនួនកំពុងបង្កើនការសាងសង់នៅតាមស្រុកផងដែរ ដើម្បីបង្ខិតសេវាដល់ពលរដ្ឋ។
ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក ខ្លូត ផន បានលើកឡើងថា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលបានផ្តល់សិទ្ធិអំណាច និងផ្តល់មូលនិធិដល់ឃុំសង្កាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន និងសម្រេចបាននូវសមិទ្ធផលជាច្រើន។
លោកបានលើកឡើងថា ការអភិវឌ្ឍឃុំមួយកន្លងមក រដ្ឋាភិបាលមិនទាន់ទម្លាក់មូលនិធិឱ្យឃុំ សង្កាត់ គឺមិនទាន់មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នៅឡើយទេ នៅឆ្នាំ ២០០២។ លោកបញ្ជាក់ថា៖ «អ៊ីចឹងឃុំសង្កាត់អត់មានថវិកាទេ អ្វីៗគឺក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលជាអ្នកអនុវត្ត ហើយឃុំខ្លះបាន ឃុំខ្លះអត់បានទេ ប៉ុន្តែដល់យើងធ្វើគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្រោយការបោះឆ្នោត ២០០២ មក ឃុំ សង្កាត់មានមូលនិធិផ្ទាល់ខ្លួន ហើយមកដល់ឥឡូវមូលនិធិនេះពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើន ដែលយើងអាចសម្រេច និងអភិវឌ្ឍក្នុងមូលដ្ឋានឃុំ សង្កាត់បានច្រើន»។
អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃអង្គការ Internews លោក ម៉ៃ ទិត្យថារ៉ា ដែលរៀបចំកម្មវិធីបានថ្លែងថា រដ្ឋបាលថ្នាក់ក្រោមជាតិ គួរផ្តល់ព័ត៌មានពាក់ព័ន្ធការអភិវឌ្ឍ និងកញ្ចប់ថវិកាដល់អ្នកសារព័ត៌មាន ដើម្បីបង្ហាញពីតម្លាភាព គណនេយ្យភាពសង្គម និងបង្កលក្ខណៈងាយស្រួលក្នុងការចុះផ្សាយពីភាពវិជ្ជមាន និងអវិជ្ជមាន ដើម្បីជាប្រយោជន៍រួម។ លោកថា៖ «ព័ត៌មានទាំងអស់មិនត្រូវលាក់បាំងទៀតទេ ត្រូវតែបង្ហាញឱ្យប្រជាពលរដ្ឋបានដឹង។ ឧទាហរណ៍ថា តើឃុំនោះទទួលបានថវិកាប៉ុន្មាន ហើយអ្វីដែលជាគម្រោងអាទិភាពរបស់គាត់ អ៊ីចឹងគាត់ត្រូវបិទនៅសាលាឃុំដើម្បីឱ្យពលរដ្ឋបានទទួលព័ត៌មាន»។
ក្នុងវេទិកានោះដែរ ភាគីគណៈកម្មាធិការជាតិសម្រាប់ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏បានស្នើឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយពីសមិទ្ធផលការអភិវឌ្ឍនៅតាមមូលដ្ឋាន និងនៅតាមគោលដៅឱ្យបានច្រើន ខណៈអ្នកសារព័ត៌មានបានស្នើសុំកិច្ចសហការពីរដ្ឋាភិបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់ព័ត៌មានសម្រាប់ការចុះផ្សាយ។
សម្រាប់សំណើ និងមតិយោបល់ដែលត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សានោះ ភាគីគណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងក្រុមអ្នកសារព័ត៌មានបានសន្យានឹងជួយគ្នាទៅវិញទៅមកទៅតាមលទ្ធភាពដែលខ្លួនមាន៕