ពោធិ៍សាត់/មណ្ឌលគិរីៈ មន្ត្រីរដ្ឋបាលខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរីបដិសេធរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស (អាដហុក) ដែលបង្ហាញថា កត្តាចម្បងដែលនាំឱ្យមានការចាប់ខ្លួនចោទប្រកាន់ និងឃុំខ្លួន ប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី គឺដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ដីឱ្យពួកគេលែងហ៊ានប្រើសិទ្ធិក្នុងការទាមទារតវ៉ាស្វែងរកយុត្តិធម៌។ មន្ត្រីថា អាជ្ញាធរមិនអនុវត្តច្បាប់ដោយបំពានសិទ្ធិប្រជាពលរដ្ឋបែបនោះឡើយ។
អភិបាលរងខេត្តពោធិ៍សាត់លោក ខូយ រីដា ថ្លែងនៅថ្ងៃទី ៨ កុម្ភៈថា ក្នុងនាមអាជ្ញាធរដែនដី មិនដែលធ្វើអំពើណាមួយដែលនាំឱ្យប៉ះពាល់ ឬរំលោភសិទ្ធិប្រជាពលរដ្ឋនោះទេ។ អ្វីៗដែលអាជ្ញាធរធ្វើ គឺអនុវត្តច្បាប់ទៅតាមភាពជាក់ស្តែង។ អាជ្ញាធរមានតួនាទីទទួលខុសត្រូវ ការពារ ធនធានធម្មជាតិ ក៏ដូចជាដីធ្លីទាំងអស់ដែលជាសម្បត្តិរបស់រដ្ឋរបស់ប្រជាជន។ បើសិនជាពលរដ្ឋមិនធ្វើសកម្មភាព ឬអំពើណាមួយប្រាសចាកផ្លូវច្បាប់ទេ ប្រាកដជាគ្មានបញ្ហាអ្វីកើតឡើងឡើយ។ ប៉ុន្តែបើប្រព្រឹត្តខុសពីគោលការណ៍ច្បាប់នោះ គឺអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែអនុវត្តច្បាប់។
លោកថ្លែងថា៖ «តែបើទស្សនៈរបស់គាត់ [អាដហុក] លើកឡើងអ៊ីចឹង ខ្ញុំមិនអាចទទួលយកបានទេ អាហ្នឹងជាទស្សនៈរបស់គាត់។ គាត់និយាយអីនិយាយទៅ ប៉ុន្តែសម្រាប់ផ្លូវច្បាប់ រាជរដ្ឋាភិបាលដែលមានអាជ្ញាធរមូលដ្ឋាននេះគឺគោរពច្បាប់ ធ្វើតាមច្បាប់។ កាលណាធ្វើខុសពីច្បាប់ អ្នកអនុវត្តច្បាប់ក៏ត្រូវទទួលទោសដូចគ្នាដែរ»។
យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) ចេញផ្សាយនៅថ្ងៃទី ៨ កុម្ភៈ ដែលមានចំណងជើងថា «ការបន្ត ចោទប្រកាន់ការចាប់ឃុំខ្លួនពលរដ្ឋក្នុងរឿងវិវាទដីធ្លី» បង្ហាញថា ក្នុងឆ្នាំ ២០២១ បានរកឃើញវិវាទដីធ្លីចំនួន ១៦៩ ករណី ដីទំហំ ៥២ ៦០១,៨៧ ហិកតាប៉ះពាល់ជនរងគ្រោះ ១៧ ០៣៣ គ្រួសារ ស្មើ ៦១ ៤៦៩ នាក់មានជនជាតិដើមភាគតិច ១ ៣៤៧ គ្រួសារ ដែលក្នុងនោះលេចធ្លោជាងគេគឺការរំលោភដោយបុគ្គល មានអំណាច ៦៦ ករណី និងបុគ្គលអ្នកមានទ្រព្យ ២៧ ករណី។
របាយការណ៍រៀបរាប់អំពីករណីនៃការរំលោភបំពាន ដូចជា ២៣,៦៦% នៃ ១៦៩ ករណី មានការចាប់ខ្លួនចោទប្រកាន់ឃុំខ្លួនដែល ៣៥ ករណី មានជនរងគ្រោះ ១៥៧ នាក់ កំពុងជាប់បណ្តឹងអាជ្ញា (ដាក់ក្រោមការត្រួតពិនិត្យតុលាការ) និង ៦ ករណីមានជនរងគ្រោះ ១៧ នាក់ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។ ម្នាក់ធ្លាក់ខ្លួនមានជំងឺធ្ងន់ធ្ងររហូតដល់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។
របាយការណ៍នេះក៏បានបង្ហាញអំពីករណីប្រជាសហគមន៍វិវាទដីធ្លីជាប់បណ្តឹងអាជ្ញា និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដែលមានច្រើននៅខេត្តមួយចំនួន ដូចជា ខេត្តត្បូងឃ្មុំ ៤៤ នាក់ ខេត្តឧត្តរមានជ័យ ២៨ នាក់ ខេត្តកណ្តាល ២១ នាក់ ខេត្តក្រចេះ ១៨ នាក់ និងខេត្តកំពង់ស្ពឺ ១៥ នាក់ផងដែរ។
ករណីនៅខេត្តកណ្តាលក្នុងឆ្នាំ ២០២១ វិវាទដីធ្លីធំៗបានកើនឡើងខ្ពស់មានលក្ខណៈធ្ងន់ធ្ងរ ប្រើអំពើហិង្សាវាយបង្ក្រាបចាប់ខ្លួន ឃុំខ្លួន បាញ់ប្រហារ ធ្លាក់ខ្លួនឈឺធ្ងន់ក្នុងពន្ធនាគារ ដូចជា ករណីវិវាទនៅស្រុកកណ្តាលស្ទឹងរវាងក្រុមហ៊ុនអូស៊ីអាយស៊ីធ្វើព្រលានយន្តហោះ។ ករណីវិវាទនៅស្រុកស្អាង ស្លាប់សកម្មជនម្នាក់ ក្រោយពេលបញ្ជូនពីពន្ធនាគារដល់មន្ទីរពេទ្យជ័យជំនះ និងករណីវិវាទនៅស្រុកអង្គស្នួល កម្លាំងប្រដាប់អាវុធបាញ់រះត្រូវប្រជាពលរដ្ឋម្នាក់របួសធ្ងន់ធ្លាយស្មាខាងឆ្វេង។
របាយការណ៍នោះបញ្ជាក់ពីការរកឃើញថា៖ «កត្តាចម្បងដែលនាំឱ្យមានការចាប់ខ្លួនចោទប្រកាន់ ឃុំខ្លួនប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី គឺដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ដីឱ្យពួកគាត់លែងហ៊ានប្រើសិទ្ធិក្នុងការទាមទារតវ៉ាស្វែងរកយុត្តិធម៌ ដូចជាករណីវិវាទដីធ្លីនៅភូមិស្រែប្រាំង ខេត្តត្បូងឃ្មុំ មានការប្រើប្រាស់គ្រឿងចក្រឈូសឆាយស្រែដំណាំ បាញ់គំរាមកំហែង ចោទប្រជាសហគមន៍ជាច្រើននាក់ និងឃុំខ្លួន ៣ នាក់»។
ក្រៅពីនោះ មានវិវាទនៅភូមិថ្នល់បត់ ខេត្តបន្ទាយមានជ័យបានចោទប្រកាន់ប្រជាសហគមន៍ ព្រមទាំងចាប់ដាក់ខ្នោះ។ វិវាទនៅតំបន់ឧទ្យានជាតិរាម ខេត្តព្រះសីហនុ បានប្រើកម្លាំងប្រដាប់អាវុធចម្រុះជាមួយគ្រឿងចក្ររុះរើលំនៅឋានប្រជាពលរដ្ឋ ចោទប្រកាន់ និងឃុំខ្លួនជាច្រើននាក់។ វិវាទនៅស្រុកឱរ៉ាល់ ស្រុកស្ទឹងច្រាល ស្រុកថ្ពង ខេត្តកំពង់ស្ពឺ វិវាទដីធ្លីនៅជីខលើ ខេត្តកោះកុង ជាមួយក្រុមហ៊ុនហេងហ៊ុយអភិវឌ្ឍន៍ និងវិវាទកើតឡើងនៅភូមិបឹងឈូក រាជធានីភ្នំពេញជាមួយប្រជាពលរដ្ឋ សហគមន៍បឹងឈូក។
របាយការណ៍បង្ហាញទៀតថា មានករណីប្រើឥទ្ធិពលអ្នកមានអំណាចមានទ្រព្យក្រុមហ៊ុន (ខ្វះការពិគ្រោះយោបល់ជាសាធារណៈនៃគម្រោងអភិវឌ្ឍន៍) ដូចជាករណីវិវាទដីសហគមន៍ជនជាតិដើមភាគតិចព្នងនៅឃុំក្បាលរមាស ខេត្តស្ទឹងត្រែង ក្រោមរូបភាពសម្បទានសេដ្ឋកិច្ច រាប់ពាន់ហិកតា។ វិវាទដីនៅកោះរ៉ុងជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងនៅឃុំបិតត្រាង ខេត្តព្រះសីហនុ វិវាទនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ វិវាទនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ វិវាទនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងករណីមួយចំនួនទៀត គឺការអនុវត្តច្បាប់មិនពេញលេញ និងលម្អៀង។
អាដហុកបញ្ជាក់ថា៖ «របាយការណ៍នេះមានគោលបំណងស្នើរាជរដ្ឋាភិបាល តុលាការគ្រប់ជាន់ថ្នាក់បង្អង់បណ្តឹងអាជ្ញា បញ្ឈប់ការចាប់ខ្លួនចោទប្រកាន់ឃុំខ្លួនប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លីនៅកម្ពុជា និងដាក់ទោសទណ្ឌចំពោះរាល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផលដំណាំប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី»។
លោក ខូយ រីដា បញ្ជាក់ថា សកម្មជនដីធ្លីដែលធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជាតិ គឺត្រូវតែអនុវត្តច្បាប់។ បើសិនធ្វើដូចការលើកឡើងរបស់អាដហុកថា បិទបញ្ឈប់ការចាប់ខ្លួន ការចោទប្រកាន់ ការឃុំខ្លួនប្រជាពលរដ្ឋក្នុងរឿងវិវវាទដីធ្លីនោះ គឺមិនបាច់បង្កើតឱ្យមានច្បាប់មានទម្លាប់មានអាជ្ញាធរដែនដីអ្វីនោះទេ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលហ្នឹងហើយដែលមានគ្រប់លំដាប់ថ្នាក់ គ្រប់គ្រងទាំងអស់ហ្នឹងហើយបើគាត់ហាមអាហ្នឹង ចាំគាត់មានភារកិច្ចធ្វើខ្លួនគាត់ អាហ្នឹងគាត់ធ្វើអីធ្វើទៅ។ ប៉ុន្តែពេលបច្ចុប្បន្ននេះខ្ញុំគិតថា វាមិនអាចទេ។ បើធ្វើអ៊ីចឹង វាបង្កើតភាពអនាធិបតេយ្យ មិនដឹងអ្នកណាគោរពអ្នកណា អ្នកណាអនុវត្តច្បាប់ អ្នកណាមិនគោរពច្បាប់។ មិនដឹងថា មានអ្វីដែលនៅសល់ជាសម្បត្តិធម្មជាតិ សម្បត្តិជាតិទេ បើសិនជាយើងមិនមានការគ្រប់គ្រងដិតដល់»។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរីនៅថ្ងៃទី ៨ កុម្ភៈក៏បានបដិសេធរបាយការណ៍របស់អាដហុកផងដែរ ដោយលោកថា អាជ្ញាធរតែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ មិនបំពាន រំលោភសិទ្ធិ ឬធ្វើអំពើណាមួយបណ្តាលឱ្យពលរដ្ឋមានការភ័យខ្លាចឡើយ។ ចំពោះបញ្ហាដីធ្លី កាលណាប្រជាពលរដ្ឋអាស្រ័យផល និងមានការកាន់កាប់យូរ អាជ្ញាធរតែងធ្វើការសិក្សាស្រាវជ្រាវ និងសម្រេចតាមលទ្ធផលជាក់ស្តែង។ បើពលរដ្ឋមានការកាន់កាប់ត្រឹមត្រូវនោះ អាជ្ញាធរមិនដែលចាប់ ឬសម្លុតប្រជាពលរដ្ឋឡើយ ព្រោះអាជ្ញាធរ និងរដ្ឋអំណាច គឺនៅខាងប្រជាពលរដ្ឋជានិច្ច។
លោក ម៉េងហ៊ាង ថ្លែងថា៖ «ក្នុងនាមអាជ្ញាធរ ជាម៉ែ ជាឪរបស់ប្រជាពលរដ្ឋ មិនដែលទៅចាប់ទៅឃាត់លើប្រជាពលរដ្ឋ សម្លុត បំបាក់ស្មារតី ឬអីនោះទេ គឺថា យើងឃាត់ យើងទប់ស្កាត់តែលើជនខិលខូច ដែលទៅរំលោភដីឯកជនរបស់រដ្ឋ ឬមួយដីសាធារណៈរបស់រដ្ឋប៉ុណ្ណោះ»៕