ភ្នំពេញៈ អង្គសមាជ​វិសាមញ្ញ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បានសម្រេច​ជា​ឯកឆន្ទ​ជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើជា​ព្រះប្រធាន​គណបក្ស ដឹកនាំ​បន្តវេន​ពី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខ​។

តាម​សេចក្តី​សម្រេច​របស់​អង្គសមាជ​វិសាមញ្ញ​ដែល​ត្រូវបានធ្វើ​នៅ​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ​ ២០-២២ ក៏បាន​ប្រកាស​តែងតាំង​សមាសភាព​អនុប្រធាន​គណបក្ស​ចំនួន ៣ ​រូប រួមមាន​លោក ឆឹង ចំរើន លោក ប៉ោ ប៊ុនស្រ៊ឺ និង​លោក ពៅ អៀងគី និង​សមាសភាព​គណៈកម្មាធិការ​នាយក​ចំនួន ៥៤ ​រូប​។

សេចក្តី​សម្រេច​សរសេរ​ថា «​អង្គសមាជ​វិសាមញ្ញ ថ្វាយ​លទ្ធភាព​ពេញលេញ​ចំពោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជា​ព្រះប្រធាន​គណបក្ស ដើម្បី​ប្រមែប្រមូល​អ្នករាជានិយម អ្នក​សីហនុ​និយម អ្នកប្រជាធិបតេយ្យ​និយម អ្នកស្នេហាជាតិ ដើម្បី​ចូលរួម​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​»​។ សេចក្តី​សម្រេច​បន្តថា​៖ «​សមាជិក​សមាជិកា​ទាំងអស់​នៃ​អង្គសមាជ​វិសាមញ្ញ ជា​អ្នក​រាជានិយម អ្នក​សីហនុ​និយម អ្នកប្រជាធិបតេយ្យ​និយម អ្នកស្នេហា​ជាតិ សូម​ប្តេជ្ញាចិត្ត​រួបរួមគ្នា​ដង្ហែ​តាម​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន​គណបក្ស ជាទីគោរព​ដ៏ខ្ពង់ខ្ពស់ ក្រោម​ដំបូល​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ហើយ​ប្ដេជ្ញាចិត្ត​ថា មិន​បែកបាក់​គ្នា និង​ប្រកាន់​នូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​តាម​ព្រះរាជ​បណ្តាំ​ជា​ប្រវត្តិសាស្ត្រ​នៃ​អង្គ​សម្ដេចឪ សម្តេចតា ព្រះបិតា​ឯករាជ្យ​ជាតិ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ និង​ព្រះបំណង​ចុងក្រោយ​របស់​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ​»​។

ក្រៅពីនេះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏បាន​សម្រេច​នូវ​យុទ្ធសាស្ត្រ​នយោបាយ និង​គោលនយោបាយ​របស់​បក្ស​សំខាន់ៗ​មួយចំនួន​ផងដែរ ដើម្បី​ផ្តល់នូវ​ក្តីសង្ឃឹម និង​ជំនឿ​ចិត្ត​សាជាថ្មី​ចំពោះ​សមាជិក សមាជិកា អ្នកគាំទ្រ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មកលើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី ៥​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ​ ២០២២​។

នៅក្នុង​សមាជ​វិសាមញ្ញ​នោះ ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ មានបន្ទូល​ថ្លែងអំណរគុណ​ចំពោះ​អង្គសមាជ​ដែល​បាន​បោះឆ្នោត​ជា​ឯក​ឆន្ទ​ជ្រើសរើស​ព្រះអង្គ​ធ្វើជា​ព្រះប្រធាន​ដឹកនាំ​គណបក្ស និង​អនុម័ត​គាំទ្រ​លើ​របៀបវារៈ​សំខាន់ៗ​ដែលជា​អាយុជីវិត និង​ជោគវាសនា​របស់​គណបក្ស​។

ព្រះអង្គម្ចាស់​មាន​ព្រះរាជបន្ទូល​ថា​៖ «​ខ្ញុំ​ក្នុងនាម​ព្រះប្រធាន​គណបក្ស​ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក​នៅ​ចំពោះមុខ​អង្គសមាជ​វិសាមញ្ញ​ដ៏ឧត្តុង្គឧត្តម​ថា ខ្ញុំ​នៅ​ការពារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឱ្យ​គង់វង្ស​ជា​អមតៈ ដង្ហែ​តាម​ព្រះមាគ៌ា​ដឹកនាំ​ពី​សម្តេចតា​ខ្ញុំ សម្តេច​ព្រះបិតា​របស់ខ្ញុំ និង​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ ដើម្បី​គោរព​ថ្វាយ​ព្រះគុណូបការៈ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​ព្រះប្រធាន​ហ៊្វុនស៊ិនប៉ិច​»​។ «​ខ្ញុំ​នឹង​ខិតខំ ប្រមែប្រមូល​អតីត​អ្នករាជានិយម សីហនុ​និយម រណឫទ្ធិនិយម ដើម្បី​គណបក្ស​ទទួលបាន​ជោគជ័យ​សាជាថ្មី​»​។

លោក ញឿន រ៉ាដែន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោយ​ធ្វើ​សមាជ​វិសាមញ្ញ មានការ​ឯកភាព​ផ្ទៃក្នុង​យ៉ាង​ល្អ​។ ជាមួយ​គ្នានេះ​មាន​អតីតមន្ត្រី និង​ចាស់​ព្រឹទ្ធាចារ្យ​មួយចំនួន​បាន​ចូលរួម​ដង្ហែ​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ ជាពិសេស លោក ប៉ោ ប៊ុនស្រ៊ឺ​ ​ដែល​ធ្លាប់មាន​ការខ្វែងគំនិត ក៏​គណបក្ស​បាន​បោះឆ្នោត​តែងតាំង​ធ្វើជា​អនុប្រធាន​គណបក្ស​។

លោក​បន្តថា ថ្មីៗ​នេះ​ទៀត​មាន​លោក ហេង ចន្ថា អតីត​អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែលជា​អ្នក​ដង្ហែ សម្តេច​ក្រុម​ព្រះនរោត្តម រណឫទ្ធិ ក៏បាន​ធ្វើលិខិត បង្ហាញ​ពី​ការគាំទ្រ​ព្រះអង្គ​ម្ចាស់​នរោត្តម ចក្រាវុធ ដែរ ដែល​នេះ​បានបង្ហាញ​ឱ្យឃើញ​នូវ​ការរួបរួម​សាមគ្គី​សាជាថ្មី​។ ជាមួយ​គ្នានេះ គណបក្ស​នៅតែ​បន្ត​ស្វាគមន៍​មន្ត្រី និង​ឥស្សរជន​ផ្សេងៗ​ទៀត​ឱ្យ​ចូលរួម និង​រួមរស់​សាជាថ្មី​ជាមួយ​គណបក្ស​។

លោក​ថា​៖ «​សមាជ​វិសាមញ្ញ គឺ​បានសម្រេច​ឯកភាព​ជា​ឯកឆន្ទ​បោះឆ្នោត​ថ្វាយ​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ ធ្វើជា​ព្រះ​ធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​សមស្រប​ទៅនឹង​ព្រះ​បំណង​ចុងក្រោយ​របស់​សម្តេចក្រុមព្រះ​ដែល​លោក​សព្វព្រះរាជហឫទ័យ​ប្រទាន​សិទ្ធិ ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ​ដឹកនាំ​បន្ត​ពី​ព្រះអង្គ​»​។

បើតាម លោក ញឿន រ៉ា​ន ព្រះអង្គម្ចាស់​ចក្រាវុធ​មាន​គុណសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ក្លាយជា​ព្រះប្រធាន​ដឹកនាំ​បន្ត​ពី​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ពីព្រោះ​ព្រះ​អង្គជា​បញ្ញវន្ត និង​ជា​យុវជន​ដ៏ឆ្នើម​ស្របតាម​បរិបទ​សង្គម​កម្ពុជា ដែល​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​យល់​យ៉ាងច្បាស់​ថា​មានតែ​ព្រះអង្គម្ចាស់​ទេ ដែល​ស័ក្តិសម​បំផុត​ក្នុង​ការដឹកនាំ​បន្ត​ពី​សម្តេចក្រុមព្រះ​៕

វីដេអូ៖