លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងពីសារៈសំខាន់នៃស្ថាប័ននេះ ដែលបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មាន និងសួរដេញដោលពីអ្នកសារព័ត៌មានអំពីសមិទ្ធផលនានាដែលក្រសួង ស្ថាប័នសម្រេចបានក្នុងឆ្នាំនីមួយៗ ឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានស្របតាមច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។
ក្រៅពីនេះ សន្និសីទសារព័ត៌មាននេះក៏បានចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ចេញឱ្យក្រសួងស្ថាប័ន និងថ្នាក់ក្រោមជាតិអនុវត្ត ជាពិសេសលើកស្ទួយគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។
ភ្នំពេញប៉ុស្តិ៍បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក ផៃ ស៊ីផាន លើបញ្ហាទាំងអស់នេះ ដែលមានខ្លឹមសារដូចតទៅ៖
តើការរៀបចំសន្និសីទសារព័ត៌មានអស់រយៈពេលជាង ២ ឆ្នាំមកនេះ ធ្វើឡើងក្នុងគោលបំណងអ្វីខ្លះ?
សន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលធ្វើឡើងក្នុងគោលបំណងចង់ដឹងពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលពាក់ព័ន្ធនឹងវិមជ្ឈការ និងវិសហមជ្ឈការ និងគណនេយ្យភាពសង្គម។ កម្ពុជាបានរៀបចំកម្មវិធីគោលនយោបាយមួយសម្រាប់ថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងពីវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការពង្រឹងសេវាកម្មសាធារណៈដល់ប្រជាពលរដ្ឋ។
ចំណុចមួយទៀត មិនមែនត្រឹមតែផ្តល់សេវាកម្មទេ ក៏អញ្ជើញប្រជាពលរដ្ឋមកចូលរួមសម្រេចអំពីកម្មវិធីនៃការអភិវឌ្ឍនៃមូលដ្ឋានរបស់ខ្លួន តាមរយៈការសម្របសម្រួល និងការពិភាក្សាពីក្រុមប្រឹក្សាឃុំ សង្កាត់ និងមកពីគ្រប់និន្នាការនយោបាយនៃឃុំសង្កាត់នីមួយៗមកអង្គុយជជែកគ្នា ដើម្បីបង្កើតភាពសុខដុមរមនានៅក្នុងសាច់រឿងនេះ។
តើការរៀបចំសន្និសីទសារព័ត៌មានមានផលលំបាកដែរទេ ខណៈដែលកម្ពុជាមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩?
ការរៀបចំសន្នីសីទនីមួយៗមានផលលំបាក និងទទួលរងផលប៉ះពាល់ច្រើនពីជំងឺកូវីដ ១៩ ដោយត្រូវរក្សាគម្លាតសង្គម រុកច្រមុះ និងកាត់បន្ថយអ្នកសារព័ត៌មានមួយចំនួនជាដើម។ ប៉ុន្តែអ្វីដែលយើងមិនមានឧបសគ្គ គឺសម្តេចតេជោ និងសម្តេចក្រឡាហោម លោកលើកទឹកចិត្ត និងណែនាំឃុំ សង្កាត់ ឱ្យចូលមកបង្ហាញពីអ្វីដែលខ្លួនបានធ្វើ និងសម្រេចបានតាមរយៈសមិទ្ធផល និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ និយាយពីគណនេយ្យភាព ដោយឈរលើអភិបាលកិច្ចល្អ តម្លាភាពដែលខ្លួនបានដាក់ផែនការ និងធ្វើបានល្អរបៀបយ៉ាងម៉េច នេះដែលយើងចង់បង្ហាញ។
តើមកដល់ពេលនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអញ្ជើញឃុំ សង្កាត់ បានប៉ុន្មានហើយឱ្យមកចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ?
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអញ្ជើញគ្រប់ខេត្តនៅខ្វះតែ ៦ ខេត្តទៀត នឹងបញ្ចប់ហើយ។ អង្គភាពយើងជ្រើសរើសយក ២ ទៅ ៣ ឃុំ សង្កាត់ នៅទូទាំង ២៥ រាជធានីខេត្ត ដើម្បីជូនអ្នកសារព័ត៌មាន ដើម្បីតាំងសំណួរ។
អ្វីដែលអង្គភាពអ្នកនាំពាក្យកំពុងធ្វើនេះទាំងអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋយល់ពីអ្វីទៅជាវិមជ្ឈការ និងវិសហមជ្ឈការ និងគណនេយ្យភាពសង្គម ដើម្បីជួយផ្សព្វផ្សាយបន្ត ដែលនេះ គឺជាលើកទី ១ នៃប្រវត្តិសាស្ត្រាសម្រាប់ថ្នាក់-ឃុំ ស្រុក ខេត្ត ព្រោះពីមុនមិនដែលមានការធ្វើសន្និសីទបែបនេះទេ។
ពេលដែលតំណាងឃុំសង្កាត់ចូលរួម តើពួកគាត់វាយតម្លៃយ៉ាងណាដែរ ចំពោះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល?
ពួកគាត់គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការងាររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើកន្លងមកនេះ ដោយឃុំ-សង្កាត់នីមួយៗបានតាមដានមើល និងស្វែងរកចំណុចណាមួយជាចំណុចវិជ្ជមានសម្រាប់ឃុំ និងខេត្តរបស់គាត់ ដូច្នេះវាជាតម្លាភាព។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានរៀបចំធ្វើពីថ្នាក់ក្រសួងដែរ ពាក់ព័ន្ធពេញ ១ ឆ្នាំបានធ្វើអ្វីខ្លះ និងមានវឌ្ឍនភាពដូចម្តេច និងជួបបញ្ហាអ្វីខ្លះ ដែលយើងទុកឱ្យអ្នកសារព័ត៌មានទទួលបានឱកាសហ្វឹកហ្វឺនរវាងក្រសួង និងអ្នកសារព័ត៌មាន និងជាមួយនឹងខេត្ត និងក្រុមប្រឹក្សាខេត្ត ឃុំ-សង្កាត់។ នេះឯងដែលជាបរិយាកាសមួយរៀនសូត្រពីគ្នាទៅវិញទៅមក។
ខ្ញុំថា ៨០ % អ្នកសារព័ត៌មានមិនស្គាល់មុខងារក្រុមប្រឹក្សាខេត្តទេ និង ១ ទៀតការអភិវឌ្ឍគោលនយោបាយក៏អត់ស្គាល់ដែរ ដូចជាវិមជ្ឈការ និងវិសហមជ្ឈការ ហើយនិងគណនេយ្យភាពសង្គមក៏អត់ស្គាល់ដែរ។ យើងសប្បាយចិត្តក្នុងការគិតពីដើមទីក្នុងពេលដែលយើងធ្វើការបោះឆ្នោត សេរីពហុបក្ស ចាប់ផ្តើមពីភូមិឃុំ សង្កាត់ បែកខ្ញែកពេញប្រទេសហើយក៏ដោយ ប៉ុន្តែទីបំផុតអត់មានបញ្ហាអ្វីទេ បើទោះបីមិនមាននិនា្នការខុសគ្នាក៏ដោយ។ ក៏ប៉ុន្តែតម្រូវឱ្យមានបរិយាកាសមកអង្គុយជជែកគ្នាក្នុងការទទួលបានផលលាភនៃការអភិវឌ្ឍដូចជាផ្លូវថ្នល់ ជាដើម ដោយចាប់ផ្តើមពីការជជែកគ្នា។
បើតាមប្រសាសន៍របស់លោក សន្និសីទកាសែតដែលបានធ្វើ គឺបានជួយរដ្ឋាភិបាលច្រើនក្នុងការអភិវឌ្ឍនៅមូលដ្ឋាន តាមរយៈការផ្តល់ព័ត៌មានបើទោះបីមិនមានគណបក្សប្រឆាំង តើវាជួយយ៉ាងដូចម្តេចដែរ?
តាមសន្និសីទសារព័ត៌មាននេះរាល់ការអភិវឌ្ឍភូមិឃុំ ត្រូវតែមានការអង្គុយជជែកគ្នាពីក្រុមប្រឹក្សា បើទោះបីក្រុមប្រឹក្សាបច្ចុប្បន្ននេះមកពីគណបក្សតែមួយក៏ដោយ។ អាណត្តិក្រោយៗទៀតនឹងមានគណបក្សផ្សេងទៀតមកអង្គុយចម្រុះ មកជជែកគ្នា ហើយរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។
ដោយសារយើងចាប់ផ្តើមបន្តិចម្តងៗដូចគោលបំណងរបស់រាជរដ្ឋាភិបាលដែលផ្តល់ឱ្យខេត្ត ឬក្រុងនីមួយៗមានភាពស្វយ័ត កសាងខ្លួន និងអភិវឌ្ឍខ្លួនឯង។ បច្ចុប្បន្ន រាជរដ្ឋាភិបាលចាប់ផ្តើមរុញស្វយ័តទាំងវិស័យសុខាភិបាល និងទាំងវិស័យអប់រំ ឃើញដំណើរការល្អ ព្រោះវាជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ នេះជាសញ្ញាមួយនៃអំណាចជារបស់ប្រជាពលរដ្ឋជាក់ស្តែង មិនមែននិយាយតាមចិញ្ចើមថ្នល់ទេ។
នៅពេលដែលការធ្វើសន្និសីទសម្រាប់ថ្នាក់ក្រោមជាតិត្រូវបញ្ចប់ តើស្ថាប័នលោកនឹងធ្វើអ្វីបន្តទៀត ?
បន្ទាប់ពីបញ្ចប់ការរៀបចំសន្និសីទថ្នាក់ឃុំ សង្កាត់ យើងចូលដល់វគ្គ ១ ឆ្នាំនៃដំណើរការរបស់ក្រសួងដែលត្រូវនិយាយប្រាប់ប្រជាពលរដ្ឋជាសាធារណៈ តាមរយៈសន្និសីទសារព័ត៌មានអំពីវឌ្ឍនភាពរបស់ក្រសួង ១ ឆ្នាំកន្លងមកនេះ ធ្វើបានអ្វីខ្លះ?។
ជាមួយគ្នានេះ យើងក៏រៀបចំការងារពិសេសមួយនៅសប្តាហ៍ក្រោយនេះ ដោយនឹងអញ្ជើញខាងក្រសួងប្រៃសណីយ៍មកឆ្លើយជាមួយនឹងអ្នកសារព័ត៌មានស្តីពី National Internet Gateway ពីព្រោះអង្គភាពអ្នកនាំពាក្យរាជដ្ឋាភិបាលមានរឿង ២ ដែលត្រូវធ្វើ គឺទី ១ ត្រូវផ្សព្វផ្សាយបង្ហាញពីតម្លាភាព និងចំណុចមួយទៀតគឺការឆ្លើយឆ្លងដែលបង្ហាញពីគណនេយ្យភាព។
បញ្ហានេះ យើងខ្ញុំក៏បានរៀបចំអ្នកនាំពាក្យឱ្យមានគ្រប់ក្រសួងស្ថាប័ន អ្នកនាំពាក្យតាមខេត្តទាំងអស់ ដើម្បីផ្តល់ឱកាសឱ្យអ្នកសារព័ត៌មាន។ យើងសង្ឃឹមថា អ្នកសារព័ត៌មាននឹងក្លាយទៅជាអ្នកសារព័ត៌មានសេរី (free media)។ បច្ចុប្បន្ននេះ មានការរើសអើងមួយចំនួនរវាងមន្ត្រីដែលឆ្លើយឆ្លងបើទោះមន្ត្រីនោះជាអ្នកនាំពាក្យក៏ដោយ តែមិនធ្វើកិច្ចការខ្លួនទេ គឺគេចចេញពីអ្នកសារព័ត៌មាន ដូច្នេះយើងដោះស្រាយបញ្ហាហ្នឹងមួយឱ្យស្រួលដោយបង្កើតឱ្យមានអ្នកនាំពាក្យគ្រប់ក្រសួង។
តើកិច្ចការនេះត្រូវធ្វើរហូតឬយ៉ាងណា?
យើងធ្វើរហូត ពីព្រោះអស់ពីថ្នាក់ក្រោមជាតិ យើងវិលមកថ្នាក់ជាតិផុតពីថ្នាក់ជាតិចូលថ្នាក់ក្រោមជាតិទៀត វិលជុំ។ ថ្នាក់ក្រោមជាតិ ខាងអភិបាលខេត្តជាអ្នកនិយាយប្រាប់ ផុតពីនោះមក យើងផ្តោតលើឃុំ សង្កាត់ ដែលជាអ្នកនៅផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ ដើម្បីឱ្យគាត់និយាយ គាត់ជួបបញ្ហាអ្វីខ្លះ បានសេចក្តីថា បំផុសនូវការឆ្លងឆ្លើយរវាងអ្នកសារព័ត៌មាន ដែលជាតំណាងប្រជាពលរដ្ឋ សាធារណជន និងអ្នកផ្តល់សេវាកម្ម។
តើសមិទ្ធផលសំខាន់ៗអ្វីខ្លះដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសម្រេចបាន?
ចាប់តាំងពីបង្កើតឱ្យមានស្ថាប័នអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលតាមអនុក្រឹត្យចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៩ មក អ្វីដែលយើងសម្រេចបានគឺសម្តេចតេជោ និងសម្តេចក្រឡាហោមបានផ្តល់ឱកាសឱ្យមានការរៀបចំសន្នីសីទនេះឡើង។ ជាពិសេស អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំឱ្យមានអ្នកនាំពាក្យគ្រប់ក្រសួងរហូតដល់ថ្នាក់ខេត្ត ហើយថ្នាក់ខេត្តនេះមានអង្គភាព ៣ ចូលរួម មានតាំងពីអង្គភាពរដ្ឋបាលខេត្ត មន្ទីរព័ត៌មាន និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ធ្វើការជាមួយគ្នា ទទួលខុសត្រូវកិច្ចការងារនេះ។
ដូច្នេះអ្វីដែលយើងរៀបចំវាឆ្លើយតបទៅនឹងសិទ្ធិទទួលបានព័ត៌មានគឺច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន មិនមែនធ្វើសម្រាប់តែអ្នកសារព័ត៌មានទេ គឺធ្វើទាំងអស់គ្នា។ ច្បាប់នេះនឹងចេញឆាប់ៗខាងមុខ ដែលមន្ត្រីព័ត៌មានឆ្លើយឆ្លងក្នុងការផ្តល់សេវាកម្មដល់សាធារណជនដែលខ្លួនជាមន្ត្រីបម្រើសាធារណៈនឹងរឹតតែធ្វើឱ្យមានគណនេយ្យភាព ដូចជាអ្នកសារព័ត៌មាននឹងក្លាយជាដៃគូប្រឆាំងទៅនឹងភាពមិនប្រក្រតី ដូចជាអំពើពុករលួយ និងសេវាកម្មមិនប្រសើរជាដើម។
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងផ្តល់ព័ត៌មានដល់មហាជន អ្នកនាំពាក្យនៅក្នុងក្រសួង និងស្ថាប័ននានាជាអ្នកទទួលខុសត្រូវក្នុងការផ្តល់ និងការឆ្លើយឆ្លង និងការកែសម្រួលនៃស្ថាប័នរបស់ខ្លួន ពីព្រោះជញ្ជាំងនៃក្រសួងនីមួយៗវាក្លាយទៅជាជញ្ជាំងកញ្ចក់ ប្រជាពលរដ្ឋ បានឃើញ និងអាចចូលសួរបាន។ ចំពោះលទ្ធផលដែលរំពឹងទុកគឺ អំពើមិនប្រក្រតីនឹងអាចសាបសូន្យ ដែលវាឆ្លើយតបមកវិញនូវសារព័ត៌មានសេរី៕