ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដាក់ផែនការរំដោះរាជធានី-ខេត្តចំនួន ៦ ជាខេត្ដដែលគ្មានចម្ការមីនត្រឹមឆ្នាំ ២០២២ នេះដោយអាជ្ញាធរមីន និងបញ្ជាការដ្ឋាន កងទ័ពជើងគោកបានពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនេះ។
លោក ហេង រតនា អគ្គនាយក CMAC ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ១០ ខែកុម្ភៈថា តាមផែនការ CMAC កំពុងព្យាយាម ដើម្បីរំដោះតំបន់ដែលគ្មានគ្រាប់មីនតែម្ដងក្នុងនោះរួមមាន ខេត្ដកែប ខេត្ដកណ្ដាល រាជធានីភ្នំពេញ ខេត្ដព្រះសីហនុ ខេត្ដកោះកុង និងខេត្ដកំពង់ចាមជាខេត្ដគ្មានគ្រាប់មីន។
លោកថ្លែងថា៖ «ការរំដោះមីនក្នុងខេត្ដទាំងនេះ គឺយើងសំដៅដល់ចម្ការមីនដែលមានក្នុងផែនទីកំណត់ត្រាពហុកោណនៅក្នុងទិន្នន័យជាតិ។ ការរំដោះឱ្យក្លាយទៅជាខេត្ដដែលគ្មានមីននេះ គឺយើងសំដៅចំពោះតែចម្ការមីន។ វាអាចនៅសល់តំបន់ដែលមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះជាដើមដែលយើងមិនទាន់ធ្វើក្នុងផែនការនេះទេ»។
លោកបញ្ជាក់ថា៖ «ការរំដោះនេះគឺយើងនិយាយពីគ្រាប់មីនប្រឆាំងមនុស្សដែលយើងបានដឹង និងបានកំណត់នៅក្នុងផែនទីកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិ ដូច្នេះឱ្យតែជាចម្ការមីនប្រឆាំងមនុស្សនៅក្នុងខេត្តទាំងនោះគឺយើងប្រឹងធ្វើឱ្យអស់»។
លោក ហេង រតនា ថ្លែងថាតាមផែនការ CMAC នឹងខិតខំប្រឹងធ្វើនៅក្នុងឆ្នាំ ២០២២ នេះឱ្យអស់ ខណៈបច្ចុប្បន្នអាចបញ្ចប់ដំណាក់កាលដំបូងនៅក្នុងខេត្ដកែបនៅពាក់កណ្ដាលខែកុម្ភៈនេះ ហើយរាជធានីភ្នំពេញ និងខេត្ដកណ្ដាលអាចបញ្ចប់នៅក្នុងដំណាច់ខែនេះដែរ។
កាលពីថ្ងៃទី ៩ ខែកុម្ភៈ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការផ្សព្វផ្សាយលិខិតរបស់គណៈរដ្ឋមន្ត្រីលេខ ០៧ ស.ជ.ណ. និងការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអភិបាលខេត្ត អភិបាលរងខេត្ត គណៈកម្មាធិការសកម្មភាពមីនខេត្ត និងក្រុមការងារផែនការសកម្មភាពមីននៃរដ្ឋបាលខេត្តចំនួន ១៥ ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតាមបណ្តោយព្រំដែន ព្រមទាំងមានការចូលរួមពីមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋាន មេបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពលធំ មេបញ្ជាការកងពលតូច និងនាយទាហាន ក្រោមចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។
លោក លី ធុជ បានថ្លែង ដោយវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងគោកដែលបានខិតខំប្រឹងប្រែង និងពលីគ្រប់បែបយ៉ាង ដើម្បីចូលរួមរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសុខសន្តិភាព ជូនជាតិមាតុភូមិ។ ជាងនេះទៅទៀត កងទ័ពជើងគោកបានចូលរួមយ៉ាងសកម្មជាកម្លាំងបោសសម្អាតមីន/គ្រាប់ ចាប់តាំងពីឆ្នាំ ១៩៧៩ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាជនដែលបានវិលត្រឡប់ពីរបបប្រល័យពូជសាស្ត្រ និងពីសេចក្តីស្លាប់។
លោកថ្លែងថា៖ «ឆ្នាំ ២០២២ នេះ អាជ្ញាធរមីនបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីអបអរសាទរពិធីរំឭកខួបលើកទី ៣០ ឆ្នាំនៃការងារបោសសម្អាតមីនមនុស្សធម៌ក្រោមអធិបតីភាពរបស់សម្តេចតេជោ»។
លោក លី ធុជ លើកឡើងថា ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះកម្ពុជា នៅបន្តធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយក្នុងកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាសេសសល់លើផ្ទៃដីរងការគំរាមកំហែងដោយសារមីន/គ្រាប់ប្រមាណ ២០១៧ គីឡូម៉ែត្រក្រឡាក្នុងនោះផ្ទៃដីមីនប្រមាណ ៧៨៨ គីឡូម៉ែត្រក្រឡានឹងត្រូវបញ្ចប់ ដើម្បីឱ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនត្រឹមឆ្នាំ ២០២៥។
លោក ហ៊ុន ម៉ាណែត បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការងារបោសសម្អាតមីននៅកម្ពុជារយៈពេលជិត ៣០ ឆ្នាំនេះ ព្រមទាំងបានចាត់ទុកការងារបោសសម្អាតមីន/គ្រាប់ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់របស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការស្តារលទ្ធភាពឡើងវិញនូវទីតាំងអតីតសមរភូមិឱ្យមានការអភិវឌ្ឍ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «កងទ័ពជើងគោកបានចូលរួមជាច្រើនក្នុងដំណើរការរៀបចំផែនការបោសសម្អាតមីន/គ្រាប់នៅថ្នាក់ក្រោមជាតិនាពេលកន្លងមក ហើយបន្ទាប់ពីទទួលបាននូវគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាតាមលិខិតរបស់គណៈរដ្ឋមន្ត្រីលេខ ០៧ ស.ជ.ណ. កងទ័ពជើងគោកនឹងចាប់ផ្តើមចូលរួមជាកងកម្លាំងបោសសម្អាតមីន/គ្រាប់មនុស្សធម៌ ដោយសហការជាមួយអាជ្ញាធរមីន ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ ២០២៥»៕