ភ្នំពេញៈ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កំពុង​ពិភាក្សា​ជាមួយ​សមាគម​ដឹកជញ្ជូន និង​បណ្តា​សហគ្រាស​ធំៗ​ ដើម្បី​ស្វែងរក​ដំណោះ​រួមគ្នា​ក្នុងការ​ផ្លាស់ប្តូរ​ទីតាំង​រោងចក្រ និង​ឃ្លាំងទំនិញ​ទៅកាន់​តំបន់​ជាយ​រាជធានី​ភ្នំពេញ​ ដើម្បី​កាត់បន្ថយ​រថយន្ត​ធុន​ធំ​ចូលក្នុង​ក្រុង​នាំ​​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​។

ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ អភិបាល​រាជធានី​-​ភ្នំពេញ​លោក ឃួង ស្រេង បាន​ថ្លែងថា សាលារាជធានី​កំពុង​បន្ត​ប្រជុំ​ពិភាក្សា​ជាមួយ​សមាគម​ដឹកជញ្ជូន សមាគម​កាត់ដេរ GMAC បណ្តា​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស និង​ម្ចាស់​ឃ្លាំងទំនិញ​ធំៗ ដើម្បី​ស្តាប់​សំណូមពរ និង​ជំរុញឱ្យមាន​ការផ្លាស់ប្តូរ​ទីតាំង​ទៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​។

លោក​បន្តថា​៖ «​ជា​ទិសដៅ​ខាងមុខ​នៅពេលដែល​ការដ្ឋាន​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣​ បញ្ចប់​ការសាងសង់​ និង​ដាក់ឱ្យ​ប្រើប្រាស់​នឹងធ្វើ​ឱ្យមាន​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ឃ្លាំងទំនិញ​មួយចំនួន​ផ្លាស់ប្តូរ​ទៅកាន់​ជាយក្រុង​ដែល​យើង​អាច​កាត់បន្ថយ​បាន​នូវ​ចំនួន​រថយន្ត​ធុន​ធ្ងន់​ចេញ-​ចូល​រាជធានី​ភ្នំពេញ​»​។

ពាក់ព័ន្ធ​បញ្ហា​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នេះដែរ លោក ឃួង ស្រេង បាន​ និង​​កំពុង​ប្រើប្រាស់​កម្លាំង​សរុប​ និង​មធ្យោបាយ​សរុប​ ដើម្បី​ត្រៀម​អន្តរាគមន៍​ទៅតាម​តំបន់​កកស្ទះ​សំខាន់ៗ​ក្នុង​រាជធានី ជាពិសេស​តំបន់​ប្រជុំជន​ថ្មី​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​បន្ត​បង្កើន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ជំនួស​ឱ្យប្រើ​ប្រាស់​កម្លាំង​នគរបាល​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ​និង​ការដោះស្រាយ​គ្រប់គ្រង​ចរាចរណ៍​នៅ​ទីក្រុង​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​»​។

លោក​បន្តថា ក្រៅពីនេះ រដ្ឋបាល​រាជធានី​ក៏បាន​បង្កើន​ការរឹតបន្តឹង និង​ត្រួតពិនិត្យ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដូចជា ការត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ពិនិត្យ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ចំពោះ​អ្នកបើកបរ និង​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ជាដើម​។

លោក​បាន​បន្តទៀត រដ្ឋបាល​រាជធានី​ក៏បាន​ផ្សព្វផ្សាយ​ក្រមសីលធម៌​សម្រាប់​សុវត្ថិភាព ចរាចរណ៍ និង​បន្ត​បើក​វគ្គបណ្តុះបណ្តាល​ដោយ​ឥតគិតថ្លៃ និង​ជំរុញ​ឱ្យ​បងប្អូន​រ៉ឺម៉ក​ទេសចរណ៍​ម៉ូតូកង់​៣ និង​ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មក​រៀនសូត្រ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ប្រឡង​​យក​បណ្ណ​បើកបរ ដោយ​ចាត់ទុកថា នេះ​ជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។

ភ្នំពេញ​ប៉ុស្តិ៍​មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​ ១០ កុម្ភៈ ដោយ​លោក​ប្រាប់ថា​កំពុង​ជាប់រវល់​ប្រជុំ​។

យ៉ាងណាក្ដី អនុប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង នៅ​ថ្ងៃទី​ ១០ កុម្ភៈ​បានបង្ហាញ​ការគាំទ្រ​ចំពោះ​វិធានការ​ដោយ​លោក​ថា នឹង​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​កាត់បន្ថយ​ការកកស្ទះ និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​។

លោក​ថា​៖ «​នេះ​ជា​រឿង​ល្អ​ធម្មតា​ទេ​ទីក្រុង​យើង​កន្លងមក​ ដោយសារ​រោងចក្រ​ហ៊ុមព័ទ្ធ​ច្រើន​ធ្វើឱ្យ​ស្ទះចរាចរណ៍ បញ្ហា​បរិស្ថាន​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​ការដែល​រថយន្ត​ធំ​ដឹកទំនិញ​ចេញ​-​ចូល​នេះ វា​ធ្វើឱ្យប៉ះពាល់​បរិស្ថាន គ្រោះថ្នាក់​ចរាចរណ៍​ដែរ អ៊ីចឹង ប្រសិនបើ​យើង​អាចឱ្យ​គាត់​ទៅ​សង់​នៅ​ជាយក្រុង​គឺ​ល្អ​»​។

ទន្ទឹមនេះដែរ លោក​ស្នើ​ដល់​វិស័យ​ឯកជន​ចូលរួម​ទាំងអស់​គ្នា ដោយមាន​ការអត់ធ្មត់​ក្នុងអំឡុងពេល​រើ​រោងចក្រ ​ឬ​ឃ្លាំងទំនិញ​ដើម្បី​ទីក្រុង​ស្អាត បរិស្ថាន​ល្អ​។

បន្ថែម​ពីនេះ​លោក​ថា សភាពាណិជ្ជកម្ម​កម្ពុជា​ក៏បាន​ជំរុញ​ឱ្យមាន​ការវិនិយោគ​រោងចក្រ​នៅតាម​បណ្តា​ខេត្ត​នានា​ ដើម្បី​កាត់បន្ថយ​ក្រីក្រ និង​ការ​ចំណាកស្រុក​។ លោក​ថា​៖ «​បើ​យើង​មាន​រោងចក្រ​នៅតាម​បណ្តា​ខេត្ត វិនិយោគ​នោះ​ទីនោះ គឺជា​រឿង​មួយ​ល្អ កាត់បន្ថយ​ភាពក្រីក្រ កាត់បន្ថយ​ចំណាកស្រុក ក្រៅពី​សម្រាក​ការងារ​គាត់​អាច​ដាំដុះ ចិញ្ចឹមសត្វ ថែទាំ​គ្រួសារ​អ៊ីចឹង​​គាត់​មាន​ឱកាស​ច្រើន​ក្នុង​ការជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​»​។

ពាក់ព័ន្ធ​ការស្ថាបនា​ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​ទី​ ៣ វិញ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បានឱ្យដឹង​កាលពី​សប្ដាហ៍​មុន​ថា ការស្ថាបនា​ផ្លូវ​នេះ​នឹង​ពន្យារពេល​បញ្ចប់​ការសាងសង់​រយៈពេល​ ១ ​ឆ្នាំ ដោយសារ​បញ្ហា​មួយចំនួន​។

លោក​ថា​៖ «​ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​ទី​ ៣ ដោយ​ក្រុមហ៊ុន​សាងសង់​បាន​ស្នើសុំ​ឱ្យ​ពន្យារពេល​​សាងសង់​ ១​ ឆ្នាំ ដោយសារ​មានការ​យឺតយ៉ាវ​ក្នុង​ការដោះស្រាយ​ផលប៉ះពាល់​»​។

លោក​បានឱ្យដឹងថា គិត​ត្រឹម​ចុងខែ​មករា ឆ្នាំ​ ២០២២ ​នេះ ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ សម្រេចបាន​ ៦៦ ​ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​ ២០២២ ប៉ុន្តែ​ត្រូវ​ពន្យារ​ ១​ ឆ្នាំ​ដោយសារ​មានការ​ស្នើសុំ​ពី​ក្រុមហ៊ុន​៕

វីដេអូ៖