ឧត្តរមានជ័យៈ ​ព្រះសង្ឃ​ដែល​​ការពារ​ព្រៃសង្ឃ​សហគមន៍​រុក្ខវ័ន​ប្តេជ្ញា​ថា នឹង​រៀបចំ​ទីនោះ​​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ បែប​ពុទ្ធសាសនា​សម្រាប់​ទាក់ទាញ​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​។ ​ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង បន្ទាប់ពី​សម្តេច​ព្រះមហា​អរិយវង្ស បណ្ឌិត ឃីសុវណ្ណរតនា អគ្គលេខាធិការរង​ថេរសភា អនុប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​​បាន​ណែនាំ​ផ្ទាល់​នៅក្នុង​ពិធីប្រារឰ​ខួប​លើក​ទី​ ២២ ក្នុង​បរិវេណ​​ព្រៃឈើ​សហគមន៍​សង្ឃរុក្ខវ័ន​កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ​។

ព្រះសង្ឃ​ព្រះនាម ថូ ធូរស់ ប្រធានស្តីទី​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​បាន​មាន​ថេរ​ដីកា នៅ​ថ្ងៃ​ទី​ ៩ ខែកុម្ភៈ​ថា នឹង​រៀបចំ​ព្រៃ​សហគមន៍​រុក្ខវ័ន​ឱ្យ​ក្លាយជា​កន្លែង​មួយ​ដែល​ទាក់ទាញ​ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ទូទៅ​ក៏​​ដូចជា​ជនបរទេស​ឱ្យមក​កម្សាន្ត​តាមបែប​ព្រះពុទ្ធសាសនា​ឱ្យបាន​ជោគជ័យ​។

ព្រះអង្គ​បន្តថា ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​ក្រោយពី​មានការ​លើកទឹកចិត្ត និង​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​សម្តេច​ព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ក្នុងឱកាស​ដែល​ព្រះអង្គ​និមន្ត​ចូលរួម​ប្រារឰ​ខួប​លើក​ទី​ ២២ ​នៃ​ព្រៃឈើ​សហគមន៍​សង្ឃ​រុក្ខវ័ន​ពី​ថ្ងៃទី​ ៥ ខែកុម្ភៈ​។

ព្រះអង្គ​នេះ​មាន​ថេរដីកា​ថា​៖ «​បន្ទាប់ពី​ចប់​កម្មវិធី​ហ្នឹង អាត្មា​បាន​ជូន​សម្តេច​ព្រះមហា​អរិយវង្ស ទស្សនា​ព្រៃ​នៅក្បែរ​ហ្នឹង សម្តេច​លោក​ថា លោក​នឹង​រក​វិស្វករ​ឱ្យគេ​ជួយ​ឌីហ្សាញ​ប្លង់ ហើយ​លោក​នឹង​រក​ម្ចាស់ជំនួយ​ក្នុង​ការជួយ​កិច្ចការងារ​ហ្នឹង​ដើម្បី​កសាង​ព្រះពុទ្ធរូប ​១ ​អង្គ​ក្នុងព្រៃ​ហ្នឹង​ដែលមាន​កម្ពស់​ខ្ពស់ជាង​ដើមឈើ​»​។

ព្រះសង្ឃ​អង្គ​នេះ​បាន​ឱ្យដឹងទៀតថា ព្រះពុទ្ធ​រូប​ដែល​គ្រោង​សាងសង់​ខ្ពស់ជាង​ដើមឈើ​នេះ​អាច​នឹងមាន​កម្ពស់​ប្រមាណ ៣០ ​ម៉ែត្រ ប៉ុន្តែ​កសាង​ក្នុង​ទម្រង់​ណាមួយ​នោះ​នៅ​មិនទាន់​អាច​បញ្ជាក់​បានឡើយ​។

ក្រៅពីនោះ ដើមឈើ​ធំៗ​ជា​ប្រភេទ​ឈើ​ប្រណីត​ដែល​បាន​ងាប់​នឹងត្រូវ​ឆ្លាក់​ឱ្យមាន​រចនាប័ទ្ម​ជា​ព្រះពុទ្ធសាសនា និង​រំលេច​​រូបភាព​សកម្មភាព​ព្រះសង្ឃ​ដែល​បាន​ការពារ​ព្រៃ​សហគមន៍​នោះ​ផងដែរ​។

ព្រះអង្គ​បានបញ្ជាក់​ថា​៖ «​ដើមឈើ​មាន​ទំហំ​ធំ​ពរ ដូចជា ប្រភេទ​ដើម​ធ្នង់ ដើម​ផ្ចឹក ដើម​គគីរ ដើម​អី ដែល​វា​អស់​អាយុ​ទៅ វា​ងាប់​ទៅដោយ​ខ្លួនឯង​ហ្នឹង យើង​គ្រាន់តែ​ឆ្លាក់​នៅក្នុង​ព្រៃ​ហ្នឹង​។

អាត្មា​គិតថា គម្រោង​ការគិត​របស់​​អាត្មា​នេះ ប្រសិនបើ​ធ្វើបាន អ្នកណាមួយ​មក​ឃើញ​ក៏​អស្ចារ្យ​ដែរ​នៅក្នុង​ព្រៃ​នេះ ពិសេស​សម្រាប់​អ្នក​ឧត្តរមានជ័យ ហើយ​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ-​អន្តរជាតិ​​មក​កម្សាន្ត​ក្នុងព្រៃ​ហ្នឹង​បាន​»​។

បន្ថែម​ពីលើ​នេះ ព្រះអង្គ​បន្ត​ថា នឹងមាន​ការរៀបចំ​ព្រៃ​សហគមន៍​នេះ​ឱ្យ​ក្លាយជា​កន្លែង​មួយ​ដែល​បដិបត្តិ​តាមបែប​ព្រះពុទ្ធសាសនា​បាន និង​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​អន្តរ​សាសនា​ដែល​​អនុញ្ញាត​ឱ្យមាន​សាសនា​ចម្រុះ​នៅ​ទីនោះ រួមមាន​ទាំង​គ្រិស្ដសាសនា និង​សាសនា​អ៊ិស្លាម ជាដើម​។​ព្រះអង្គ​បញ្ជាក់ថា ការបង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​អន្តរសាសនា​នេះ មិនមាន​ផល​ប៉ះពាល់​អ្វី​ទេ ព្រោះ​ការការពារ​អភិរក្ស​ព្រៃ​នេះ​គឺ​ដើម្បី​មនុស្ស​ជាតិ​នៅលើ​ពិភពលោក​ទាំងមូល​មិន​ប្រកាន់​ថា មាន​តែ​ព្រះពុទ្ធសាសនា​តែមួយ​នោះទេ​​ដែល​អាច​ចូលរួមបាន​។

ចំពោះ​ការទាក់ទាញ​ដទៃ​ផ្សេងទៀត ព្រះអង្គ ថូ ធូរស់ បញ្ជាក់ថា នឹង​រៀបចំ​តំបន់​ទេសចរណ៍​ថ្មី​មួយ​នៅជាប់​នឹង​មាត់ទឹក ទំនប់​អាង​ស្ទឹង​ស្រែង ​២ ហើយនឹង​រៀបចំ​ឱ្យមាន​កន្លែង​បោះតង់​សម្រាប់​សិស្ស និស្សិត ​ឬ​ប្រជាពលរដ្ឋ​ទូទៅ​ដែលមាន​ពេល​សម្រាក ចង់​សិក្សា​ពី​ធនធាន​ធម្មជាតិ និង​លម្ហែកាយ​បែប​ធម្មជាតិ​តាម​ដងព្រៃ​។ ព្រះអង្គ​ថា ក្នុងព្រៃ​សង្ឃរុក្ខវ័ន​នេះ ក៏​បាន​ប្រាសាទ​បុរាណ​ជាច្រើន ដែល​អាច​រៀបចំ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ទៅ​ថ្ងៃ​អនាគត​ទៀតផង​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ «​ព្រៃ​នេះ​វា​មាន​ប្រាសាទ​ច្រើន​ពរ មាន​ដូចជា​ ៧០ ​ប្រាសាទ​ដែល​​កត់សម្គាល់​ឃើញថា ជា​ប្រាសាទ​បុរាណ​នៅក្នុង​ព្រៃ​ហ្នឹង​សល់​ខឿន សល់​គ្រឹះ កន្លែង​ខ្លះ​សល់​​ថ្ម​ប្រភេទ​ថ្មបាយក្រៀម ហើយ​មួយទៀត​ក៏មាន​កន្លែង​ស្លដែក ដែលមាន​ទំនាក់ទំនង​តាំងពី​សម័យ​ប្រាសាទព្រះវិហារ ពរ​»​។

ព្រះអង្គ ថូ ធូរស់ បាន​បន្ថែមថា ការរៀបចំ​អភិវឌ្ឍ​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​នេះ នៅ​ខ្វះ​ធនធាន​ច្រើន ហេតុនេះ​ព្រះអង្គ​សូម​បិណ្ឌបាត​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មហាជន​ទាំងអស់​ចូលរួម​ជួយ​ដើម្បី​ថែរក្សា​ការពារ​ព្រៃ​ខ្មែរ​ឱ្យនៅ​គង់វង្ស​យូរអង្វែង​ទុក​សម្រាប់​អ្នកជំនាន់ក្រោយ​ទៀត​៕

វីដេអូ៖