ភ្នំពេញៈ ក្រុមការងារគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គសចគ) បានបញ្ចប់ការរៀបចំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី និងគ្រោងបញ្ចប់ឱ្យបានសព្វគ្រប់ដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០២២ នេះ ដែលការរៀបចំច្បាប់នេះជាថ្មីឡើងវិញ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់ការអនុវត្ដច្បាប់ និងអ្នកប្រើប្រាស់ផ្លូវ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះក្នុងនាមជាអនុប្រធានអចិន្រៃ្តយ៍ នៃ គ.ស.ច.គ. ពេលចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០២១ និងទិសដៅការងារឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ៩ កុម្ភៈ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកថ្លែងថា៖ «ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានធ្វើចប់សព្វគ្រប់ហើយ ប៉ុន្ដែដោយសារការធ្វើវិសោធនកម្មច្បាប់នេះ វាលើសពី ៥០ ភាគរយ ដូច្នេះអនុវត្ដតាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដូច្នេះក៏សម្រេចធ្វើច្បាប់ថ្មីតែម្ដង»។
លោកបានបន្តថា៖ «ពេលនេះយើងបានធ្វើចប់សព្វគ្រប់ហើយ និងបានគោរពដាក់ជូនទៅសម្ដេចក្រឡាហោម ស ខេង ដែលជាប្រធាន គ.ស.ច.គ. ដើម្បីពិនិត្យចុងក្រោយ មុនពេលដាក់ជូនទៅគណៈរដ្ឋមន្ដ្រី។ ឆ្នាំនេះយើងនឹងខិតខំប្រឹងប្រែងបញ្ចប់ការងារ [រៀបចំច្បាប់] ចរាចរណ៍ផ្លូវគោក ដាក់ទៅគណៈរដ្ឋមន្ដ្រី ដាក់បញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីបញ្ចប់សព្វគ្រប់»។
លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ទាក់ទងនឹងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរថ្ងៃទី ៧ កុម្ភៈ ២០២២ នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះដល់មន្ត្រីនគរបាលចរាចរណ៍នៅតាមរាជធានី-ខេត្តបន្ថែមទៀត។
លោករដ្ឋមន្ត្រីថ្លែងថា ក្រសួងនឹងបន្តយុទ្ធនាការចែកស្ទីកឃ័រចំណាំងប្លាត និងមួកសុវត្ថិភាពបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បន្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតាមរាជធានី-ខេត្ត។ ជំរុញការអនុវត្តការដកពិន្ទុលើបណ្ណបើកបរលើអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជំរុញការត្រួតពិនិត្យការបំពាក់ស្លាកសញ្ញាចរាចរណ៍ផងដែរ។
លោកបញ្ជាក់ថា ជាទិសដៅក្រសួងបន្តជំរុញកិច្ចសហការជាមួយក្រសួង ស្ថាប័ន អង្គការ ក្រុមហ៊ុនឯកជន ដើម្បីបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់បុគ្គលិកក្រុមហ៊ុន។ ការផលិតស្ប៉តអប់រំស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិចុះអនុវត្តរឹតបន្តឹងច្បាប់ ឆ្មក់ចាប់យានយន្ត ដើម្បីពិនិត្យឯកសារពាក់ព័ន្ធ។ បន្តពង្រឹងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ការត្រួតពិនិត្យលើការដឹកជញ្ជូនលើសទម្ងន់កំណត់។
លោក ស៊ុន ចាន់ថុល បានបង្ហាញអំពីវឌ្ឍនភាពកម្មវិធីមុខងាររាយការណ៍ផ្លូវជង្ហុក សម្បុកមាន់ ចាប់ពីខែធ្នូ ឆ្នាំ ២០១៨ ដល់ខែធ្នូ ឆ្នាំ ២០២១។ ក្នុងនោះមានចំនួនអ្នកទាញយកកម្មវិធីនេះមកប្រើប្រាស់សរុបមាន ២៩ ០៥៧ នាក់មានអ្នករាយការណ៍សរុប ៥ ៤២២ ករណី បានដោះស្រាយ ៣៥ ១៧ ករណី ស្មើនឹង ៧០%។ បានជួសជុល ១ ០៣៨ ករណី ដាក់ចូលផែនការប្រចាំឆ្នាំ ៧១៨ ករណី។ បញ្ជូនទៅសមត្ថកិច្ចផ្សេង ១ ៧៦១ ករណី និងរង់ចាំដំណោះស្រាយ ១ ៦៣៤ ករណីស្មើ ៣០%។
ក្នុងឱកាសនោះ លោក ស ខេង ថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនដែលជាវិធានការថ្មីក្នុងការជំរុញស្មារតីគោរពច្បាប់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការកែទម្រង់ប្រកបដោយតម្លាភាពនៃការគ្រប់គ្រងអំពើល្មើស និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ។
ដើម្បីទទួលបានជោគជ័យក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២២ លោក ស ខេង បានដាក់ចេញវិធានការត្រូវបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍តាមគ្រប់រូបភាពឱ្យបានទូលំទូលាយ។ ពង្រឹងបន្ថែមគុណភាពសាលាបង្រៀនបើកបរយានយន្តបន្តបំពាក់ភ្លើងស្តុប ស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់។ បន្តរិះរកវិធានការថ្មីៗក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលកំពុងតែកើតមានឡើងនៅតំបន់ខ្លះក្នុងរាជធានីភ្នំពេញ។ បន្តធ្វើការរឹតបន្តឹងអនុវត្តច្បាប់ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យមានប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព និងវិធានការសំខាន់ៗជាច្រើនទៀតផងដែរ។
តាមរបាយការណ៍របស់ គ.ស.ច.គ. ឆ្នាំ ២០២១ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើង ២ ៦៧០ ករណី បណ្តាលឱ្យស្លាប់ ១ ៤៩៧ នាក់ និងរបួស ៣៦១៥ នាក់។ ក្នុងនោះរបួសធ្ងន់ធ្ងរ ២ ២៤៦ នាក់ ប្រៀបនឹងឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានថយចុះ ៥០៩ លើក ស្មើនឹង ១៦%។ អ្នកស្លាប់បានថយចុះ ១៤៩ នាក់ ស្មើនឹង ៩% និងអ្នករបួសបានថយចុះ ១ ០៧១ នាក់ ស្មើនឹង ២៣%។ មូលហេតុបង្កឱ្យមានគ្រោះថ្នាក់ភាគច្រើន គឺការបើកបរហួសល្បឿនកំណត់ដោយច្បាប់៕