កំពង់ធំៈ លោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាប្រាប់សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ឱ្យចុះពិនិត្យរកមើលសមាជិកណាដែលមិនមានដី និងផ្ទះ ដើម្បីស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សាងសង់ជូនពួកគាត់។
លោកបានថ្លែងដូច្នេះក្នុងពិធីប្រគល់ផ្ទះចំនួន ១៥០ ខ្នង ជូនដល់អតីតយុទ្ធជន ស្ថិតនៅខេត្តកំពង់ធំនៅថ្ងៃទី ១០ ខែកុម្ភៈ។
នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ១០ ខែកុម្ភៈថា៖ «ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឱ្យសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើលសមាជិក ដែលអត់ដីអត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេច តេជោ ហ៊ុន សែន សាងសង់ជូនពួកគាត់បន្ថែមទៀត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ របស់ពួកគាត់»។
លោក គន់ គីម លើកឡើងថា ការធ្វើដូច្នេះគឺដើម្បីបង្ហាញពីការយកចិត្ដទុកដាក់របស់រដ្ឋាភិបាល ក្នុងការតបស្នងដល់អតីតយុទ្ធជន ដែលបានលះបង់«សាច់ស្រស់ឈាមស្រស់» ដើម្បីស្វែងរក សន្តិភាពជូនដល់ប្រទេសជាតិ។
លោកបានផ្តាំផ្ញើដល់អតីតយុទ្ធជន ដែលទើបបានទទួលផ្ទះថ្មីនេះឱ្យខិតខំដាំដំណាំចិញ្ចឹមសត្វ លើផ្ទៃដីដែលមានស្រាប់ ដើម្បីជួយជីវភាពគ្រួសារ។
សេចក្តីប្រកាសព័ត៌មានដកស្រង់សំដីលោក សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំថ្លែងក្នុងពិធីនេះថា បច្ចុប្បន្ននៅទូទាំងខេត្តកំពង់ធំ មានសមាជិកជាអតីតយុទ្ធជនសរុប ៣ ១២០ នាក់ ហើយចាប់តាំងពីឆ្នាំ២០១៦ដល់២០២១សមាគមអតីតយុទ្ធជនខេត្តនេះ បានសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនក្រីក្រលើដីសម្បទានសង្គមកិច្ច១៤២ខ្នង៕