ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​ធ្វើ​ការ​ពន្យល់​ថា ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​កម្ពុជា គួរ​ជា​ឱកាស​មួយ​ក្នុង​ការ​ចែកចាយ និង​ធានា​នូវ​ក្តីស្រឡាញ់​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ ស្មោះសរ​បរិសុទ្ធ ចំពោះ​មនុស្ស​ជា​ទីគោរព​ស្រឡាញ់​នៅ​ជុំ​វិញ​ខ្លួន និង​បាន​អំពាវនាវ​ដល់​មនុស្ស​មួយ​ចំនួន​កុំមាន​ភាព​ភ័ន្តច្រឡំ​នឹង​ទិវា​នេះ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌ ទំនៀម​ទម្លាប់ ប្រពៃណីជាតិ។

យោង​តាម​សេចក្តី​ណែនាំ របស់​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ បាន​ឱ្យ​ដឹង​ថា ថ្ងៃ​ទី​១៤ កុម្ភៈ ដែល​មនុស្ស​មួយ​ចំនួន​និយម​ហៅ​ថា ទិវា​នៃក្តី​ស្រឡាញ់ ជិត​ឈាន​ចូល​មក​ដល់​ហើយ។

បច្ចុប្បន្ន ទិវា​នេះ​បាន​និង​កំពុង​ជ្រៀត​ចូល​ក្នុង​សង្គម​ជាតិ​កម្ពុជា ជាពិសេស​ក្នុង​ស្រទាប់ យុវជន បណ្តាល​ឱ្យ​មនុស្ស​មួយ​ចំនួន​បាន​ទទួល​យក និង​ប្រើប្រាស់​ដោយ​ភាព​ភ័ន្ត​ច្រឡំ នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​វប្បធម៌ ទំនៀម​ទម្លាប់ ប្រពៃណីជាតិ​របស់​យើង​ទៀត​ផង។

សេចក្តី​ណែនាំ​បាន​បន្ត​ថា ក្នុង​បរិការណ៍​នេះ​ប្រជាជន ជាពិសេស យុវជន​កម្ពុជា ចាំបាច់​ត្រូវ​សិក្សា​ស្វែង​យល់​ឱ្យ​ស៊ី​ជម្រៅ​ពី​វប្បធម៌​ប្រពៃណី ដែល​ជា​មរតក​ដ៏​ថ្លៃថ្លា​របស់​ដូនតា ព្រម​ទាំង​ឈ្វេង​យល់​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ អំពី​ខ្លឹមសារ​នៃ​ថ្ងៃ​ទី​១៤ កុម្ភៈ ដែល​ជា​វប្បធម៌ ទំនៀមទម្លាប់នាំ​ចូល​ពី​ក្រៅ។

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​បញ្ជាក់ថា​ ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​កម្ពុជា គួរ​ជា​ឱកាស​មួយ​ក្នុង​ការ​ចែកចាយ និង​ធានា​នូវ​ក្តី​ស្រឡាញ់ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ ស្មោះសរ​បរិសុទ្ធ ចំពោះ​មនុស្ស​ជា​ទីគោរព​ស្រឡាញ់​នៅ​ជុំវិញ​ខ្លួន​យើង​ជា​អាទិ៍ ក្រុម​គ្រួសារ, ឪពុកម្តាយ, ប្ដី/ប្រពន្ធ, កូន, ចៅ និង​ចំពោះ​ញាតិ​មិត្ត។

ប្រភព​ដដែល​បាន​បន្ត​ថា៖ «ធ្វើ​ការ​ចែកចាយ​នូវ​ក្តី​ស្រឡាញ់ ដល់​ក្រុម​មនុស្ស​មួយ​ចំនួន​ដូចជា ជនពិការ, កុមារ​កំព្រា, និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន...​ជាដើម ក្រោម​រូបភាព សរសេរ​លិខិត​ជូនពរ, ការ​ជូន​អំណោយ​ផ្សេងៗ, ការ​សំណេះ​សំណាល ឬ​ទទួល​ទាន​អាហារ​រួម​គ្នាដោយ​ក្តី​សោមនស្ស​រីករាយ តែ​ត្រូវ​គោរព​តាម​វិធាន​សុខាភិបាល ដោយ​រក្សា​គម្លាត និង​នៅ​ទីតាំង​បើក​ចំហ»។

ក្នុង​ឱកាសនេះ​ដែរ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​បាន​អំពាវនាវ​ដល់​មាតា បិតា អាណាព្យាបាល សមត្ថកិច្ច​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស យុវជន​ចូលរួម​ផ្សព្វផ្សាយ, អប់រំ, ពន្យល់​ណែនាំ, ក្រើន​រំឭក​ដល់​បងប្អូន, កូន, ចៅ ក្នុង​គោលដៅ​ប្រើប្រាស់​ទិវា​នេះ ឱ្យ​ស្រប​តាមគន្លង​ប្រពៃណី​ដ៏​ល្អ ត្រកាល​របស់​ខ្មែរ​ដើម្បី​កិត្តិយស​និង​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន ក្រុម​គ្រួសារ​ខ្លួន ពិសេស​ដើម្បី​រួម​ចំណែក លើក​កម្ពស់កិត្យានុភាព​នៃ​សង្គម​ជាតិ៕

វីដេអូ៖