បន្ទាយមានជ័យៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យចេញលិខិតអញ្ញើញអភិបាលស្រុកព្រះនេត្រព្រះលោក ឃូ ពៅ និងមេឃុំប្រាសាទលោក មាសហ៊ឹក ឲ្យចូលបំភ្លឺជាបន្តបន្ទាប់នៅអំឡុងខែមីនាពាក់ពន្ធ័នឹងករណីឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកតំបន់ ៣ ក្នុងបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
យោងតាមលិខិតអញ្ជើញរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យចុះថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២២ ចំនួន ២ ច្បាប់ផ្សេងគ្នា បានឱ្យដឹងថា លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះត្រូវបានអញ្ជើញឱ្យចូលខ្លួនបំភ្លឺនៅម៉ោង ២ រសៀលនាថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២២ ហើយលោក មាស ហ៊ឹក មេឃុំប្រាសាទតម្រូវឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ២ រសៀល។
លិខិតទាំង ២ នេះ មានខ្លឹមសារដូចគ្នាថា៖ «ការកោះអញ្ញើញនេះ ដើម្បីសាកសួរអំពីដំណើរអ្នកដែលពាក់ព័ន្ធការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកតំបន់ ៣ ក្នុងបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទនិងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ»។
លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ មិនអាចសុំការឆ្លើយតបបានទេ កាលពីថ្ងៃទី ១៣ កុម្ភៈ ដោយលោក អះអាងថា កំពុងរវល់ ចំណែក លោក មាស ហ៊ឹក មេឃុំប្រាសាទ ក៏មិនទាក់ទងបានដែរ ដោយសារទូរស័ព្ទចូល មិនមានអ្នកទទួល។
លោក សំរិទ្ធ សុខុន អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ កុម្ភៈថាការកោះអញ្ញើញនេះ គឺមានគោលដៅដើម្បីសួរនាំព័ត៌មានបន្ថែមពីអាជ្ញាធរទាំង ២ នេះអំពីអ្នកពាក់ព័ន្ធនឹងករណីកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ ៣ ដោយពួកគេទាំង ២ នៅមិនទាន់មានការរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទល្មើសនេះនោះទេ។
លោកបានឲ្យដឹងថាជាមួយនឹងបទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ ៣ ក្នុងភូមិសាស្ត្រនេះគឺតុលាការបានធ្វើការកោះហៅអ្នកជាប់ពាក់ព័ន្ធជាច្រើនទៀត និងកំពុងស្វែងរកអ្នកពាក់ព័ន្ធបន្តបន្ទាប់ ពីទទួលបានសំណុំរឿងពីរដ្ឋបាលព្រៃឈើ ។
លោកបានបញ្ជាក់ថា៖ «យើងកំពុងធ្វើការស៊ើបអង្កេតការកាប់ទន្ទ្រានដីព្រៃលិចទឹកនេះដូច្នេះយើងហៅគាត់ ដែលជាអាជ្ញាធរមកសួរថាមានអ្នកណាខ្លះដែលពាក់ព័ន្ធ។ សំណុំរឿនេះគឺមានអ្នកពាក់ព័ន្ធច្រើនណាស់ ចំណែកផ្ទៃដីខ្ញុំមិនទាន់ដឹងទេ»។
កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និង អភិបាលខេត្តជាប់បឹងទន្លេសាប ធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ ចំពោះការលួចកាប់ទន្ទ្រានព្រៃលិចទឹក និងវាតទីយកដីនៅតាមបឹងទន្លេសាប។ ការចេញបញ្ជានេះធ្វើឡើង បន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជា បានចុះស្រាវជ្រាវរកឃើញពីការរំលោភបំពានដីព្រៃលិចទឹករាប់ម៉ឺនហិកតាយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជុំវិញបឹងទន្លេសាប និងត្រូវមានការដោះស្រាយជាបន្ទាន់។
ជាមួយនឹងការដកហូតនេះសម្រាប់ខេត្តបន្ទាយមានជ័យដីដែលមានការពាក់ពន្ធ័ និងការឈូសឆាយទន្ទ្រានយកពីក្រុមជនខិលខូចមានចំនួនជាង ១២ ០០០ ហិកតាក្នុងស្រុកចំនួន ២ គឺស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី។
លោក ស៊ុំ ចាន់គា មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សអង្គការអាដហុកប្រចាំខេត្តបន្ទាយមានជ័យ បានថ្លែងដោយ ជំរុញឲ្យតុលាការមានចំណាត់ការទៅលើជនគ្រប់រូបឲ្យស្មើភាពគ្នាមិនថាជាពលរដ្ឋធម្មតាឬមន្ត្រីនោះទេឲ្យតែរកឃើញថាមានបទល្មើសគឺត្រូវតែទទួលទោសទៅតាមច្បាប់។
លោកបានបញ្ជាក់ថា៖ «យើងមានភាពស្មើគ្នាចំពោះមុខច្បាប់ ចឹងមិនថាមេស្រុកឬមេឃុំក៏ដោយដែលបានប្រព្រឹត្តបទល្មើសណាមួយគឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ បើសិនជាក្នុងហ្នឹងយើងឃើញថាមានការចុះហត្ថលេខាលើលិខិតនានាឲ្យមានភាពស្របច្បាប់ លើដីសាធារណៈរបស់រដ្ឋពីសំណាក់អាជ្ញាធរនោះក៏ជាបទល្មើសដែរព្រោះពួកគេដឹងច្បាស់រួចជាស្រេចទៅហើយថាដីទាំងនោះត្រូវបានការពារ»៕