ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារលិខិតអបអរទិវាវិទ្យុពិភពលោកខួបលើកទី ១១ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយចាត់ទុកថា ស្ថាប័នវិទ្យុផ្សាយសំឡេងបានចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយតាមបណ្ដាញទំនាក់ទំនងសង្គមនានានៅកម្ពុជា។
ទិវាវិទ្យុពិភពលោកដែលបានប្រារព្ធឡើងនាថ្ងៃទី ១៣ ខែកុម្ភៈ គឺធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរបស់ស្ថាប័នវិទ្យុផ្សាយសំឡេងទាំងអស់នៅលើសកលលោក និងលើកកម្ពស់សា្ថប័នវិទ្យុផ្សាយសំឡេងដែលជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីសាធារណជនខ្លាំងក្លាថែមទៀត។
ទិវានេះ ក៏ដើម្បីចូលរួមជំរុញឱ្យស្ថាប័ននេះបំពេញការងារតាមវិជ្ជាជីវៈប្រកបដោយសុចរិតភាពក្នុងការផ្ដល់ព័ត៌មាន ដើម្បីលើកកម្ពស់ការយល់ដឹង ការគោរពសិទ្ធិបុគ្គលឯកជន និងបង្កើនការជឿទុកចិត្តរបស់សាធារណជន ព្រមទាំងលើកស្ទួយសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាននៅលើសកលលោកផងដែរ។
ទិវាវិទ្យុពិភពលោក ក្នុងឆ្នាំនេះត្រូវបានធ្វើឡើងក្នុងប្រធានបទស្ដីពី វិទ្យុ និងការជឿទុកចិត្ត Radio and Trust ស្របពេលដែលពិភពលោកកំពុងមានជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចដែលធ្វើឱ្យសភាពការណ៍នយោបាយ មានភាពតានតឹង គួបផ្សំនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងគំរាមកំហែងអាយុជីវិតរបស់មនុស្សជាតិនៅទូទាំងសកលលោក និងការកើនឡើងនៃការផលិត ការចែកចាយ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ នេះបើតាមសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន បានលើកឡើងនៅក្នុងសារលិខិតនោះបន្តថា ការផ្សាយព័ត៌មានមិនពិត ញុះញង់ បំភ្លៃការពិត គឺធ្វើឱ្យពិភពលោកមានភាពច្របូកច្របល់ ដែលទាមទារឱ្យស្ថាប័នវិទ្យុផ្សាយសំឡេង ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់បំពេញការងារឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ មានការទទួលខុសត្រូវ និងមានសុចរិតភាពក្នុងការផ្តល់ព័ត៌មានពិតដល់សាធារណជន។
លោកបន្តថា ការផ្សព្វផ្សាយព័ត៌មានញុះញង់ បំភ្លៃការពិត បំប៉ោងសភាពការណ៍ គឺធ្វើឱ្យស្ថានការណ៍នយោបាយសកលលោកកាន់តែឡើងកម្ដៅ ដែលអាចប្រឈមនឹងគ្រោះមហន្តរាយ ហើយធ្វើឱ្យសាធារណជនបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយ។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមឱ្យបងប្អូនអ្នកសារព័ត៌មានទាំងអស់ បង្កើននូវកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន ចំណេះដឹង និងធ្វើការផ្លាស់ប្តូរបទពិសោធការងារដើម្បីបង្កើនសមត្ថភាព យល់ដឹងអំពីការវិវឌ្ឍនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបង្កើនកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយជាសកលដែលបំពុលបរិយាកាសសង្គម បង្កអសន្តិសុខ និងធ្វើឱ្យកើតមានអរិភាពដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើសកលលោក»។
ទន្ទឹមនេះលោក ក៏បានចាត់ទុកថា សា្ថប័នវិទ្យុផ្សាយសំឡេង ក៏ដូចជាសា្ថប័នសារព័ត៌មាន ដោយបានចូលរួមប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយតាមបណ្ដាញទំនាក់ទំនងសង្គមនានា បង្កឡើងដោយពួកឱកាសនិយមដែលតែងតែ បង្កភាពចលាចល វឹកវរនៅក្នុងសង្គមដោយបានធ្វើការពន្យល់ និងបកស្រាយយ៉ាងច្បាស់លាស់ ឱ្យសាធារណជនជាតិ និងអន្តរជាតិយល់ច្បាស់ពីសភាពការណ៍ពិតនៅកម្ពុជាបានទាន់សភាពការណ៍។
លោកបន្តថា៖ «ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់និយាយជារួម និងនិយាយដោយឡែកចំពោះបងប្អូនអ្នកសារព័ត៌មាននៃសា្ថប័នវិទ្យុផ្សាយសំឡេងទាំងអស់ ដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់កាលដ៏លំបាក និងបានផ្សារភ្ជាប់ទំនាក់ទំនងក្នុងការផ្ដល់ព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងស្វែងយល់អំពីការពិត និងសភាពការណ៍នយោបាយសង្គម សេដ្ឋកិច្ចទាំងនៅកម្ពុជា និងទាំងនៅលើសកលលោក»។
ជាមួយនឹងការវិវឌ្ឍនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ដែលប្រព័ន្ធផ្សព្វផ្សាយមានប្រជាប្រិយភាពអស់រយៈពេល ១១១ ឆ្នាំមកហើយនោះ លោក ហ៊ុន សែន ក៏ជំរុញស្ថាប័នផ្សព្វផ្សាយជាពិសេសស្ថាប័នវិទ្យុ បង្កើនសមត្ថភាពរបស់ខ្លួនទៅលើថ្នាលវិទ្យុឌីជីថលអនឡាញដែលអាចប្រើបានតាមរយៈឧបករណ៍វៃឆ្លាតដើម្បីផ្សារភ្ជាប់ និងសម្របសម្រួលខ្លួនទៅនឹងការរស់នៅ ចរិតលក្ខណៈរបស់មនុស្សជំនាន់ថ្មី ក្នុងការផ្តល់នូវជម្រើសជាច្រើន និងឆ្លើយតបតាមតម្រូវការរបស់មនុស្សនាពេលបច្ចុប្បន្ន។
លោក មាស សោភ័ណ អ្នកនាំពាក្យក្រសួងព័ត៌មាននិយាយថា ក្នុងពេលបច្ចុប្បន្ន វិទ្យុនៅតែរក្សាបានគុណតម្លៃ និងតួនាទីដ៏មានសារៈសំខាន់របស់ខ្លួនក្នុងការផ្សាយព័ត៌មានពិត ប្រកបដោយក្រមសីលធម៌ និងវិជ្ញាជីវៈ។ លោកបន្តថា៖ «វិទ្យុបានដើរតួសំខាន់ក្នុងការផ្តល់ព័ត៌មានដល់សាធារណជន ជាពិសស នៅទីជនបទដែលបានចែករំលែកព័ត៌មានរបស់រដ្ឋាភិបាលទៅកាន់ពលរដ្ឋពីពលរដ្ឋមករដ្ឋាភិបាលវិញផងដែរ»។
ជាមួយនឹងការរក្សាបាននូវគុណតម្លៃនេះ លោក មាស សោភ័ណ ក៏មើលឃើញថា បណ្តាស្ថាប័នវិទ្យុទាំងនេះក៏បានធ្វើទំនើបកម្ម និងការអភិវឌ្ឍមធ្យោបាយផ្សព្វផ្សាយរបស់ខ្លួនទៅតាមថ្នាលឌីជីថលផងដែរ។
លោក លៀ ស៊ីណា អ្នកយកព័ត៌មាននៅវិទ្យុបាយ័ន និយាយថា បើទោះជាស្ថានភាពបច្ចុប្បន្នបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយមានភាពសម្បូរបែប ក៏វិទ្យុនៅតែមានសារៈសំខាន់ក្នុងការរួមចំណែកផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋ ជាពិសេសតំបន់ដាច់ស្រយាលដែលមិនទាន់មានការរីកចម្រើនផ្នែកឌីជីថល។
លោកថា៖ «ទិវាវិទ្យុពិភពលោកប្រារព្ធឡើងពិតជារំឭកត្រឡប់មកវិញអំពីសារៈសំខាន់នៃវិទ្យុថា វិទ្យុនៅតែមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន។ វិទ្យុងាយស្រួលក្នុងការស្តាប់ ដោយគាត់ មិនចាំបាច់ចំណាយថវិកាបង់ថ្លៃអ៊ិនធឺណិតដូចជាប្រព័ន្ធបណ្តាញសង្គមផ្សេង»។ ប៉ុន្តែលោក ស៊ីណា នៅតែមើលឃើញថា ក្នុងពេលបច្ចុប្បន្នមនុស្សមួយចំនួនហាក់ចង់បំភ្លេចចោលនូវប្រព័ន្ធផ្សព្វផ្សាយវិទ្យុនេះ ដែលទាមទារឱ្យមានការចូលរួមបន្ថែមទៀតដើម្បីស្វែងរកការគាំទ្រ និងជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយវិទ្យុ មានលំនឹង និងអាចបន្តការផ្សព្វផ្សាយរបស់ខ្លួនបានបន្តទៀតឱ្យបានទូលំទូលាយ។
បើតាមតួលេខរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នាពេលបច្ចុប្បន្នស្ថាប័នព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានប្រមាណ ៤ ០០០ ស្ថាប័ន ក្នុងនោះស្ថាប័នវិទ្យុមានចំនួន ២២០ ស្ថាប័ន៕