ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម លោក អ៊ិត សំហេង បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២១ រាជរដ្ឋាភិបាលតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចំណាយទឹកប្រាក់សរុបចំនួន ១១៣ ពាន់ ៦០៦ លាន ៤០០ សែនរៀល ឬជាង ២៨ លានដុល្លារផ្តល់ជូនកម្មការិនីដែលបានសម្រាលកូន។
លោកបានលើកឡើងកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងពិធីបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២២ របស់បេឡាជាតិសន្តិសុខសង្គមដែលបានរៀបចំធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ។
លោក អ៊ិត សំហេង បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២១ ប.ស.ស បានបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់កម្មករនិយោជិតជាស្ត្រីសម្រាលកូនសរុបចំនួន ២៨២ ០៧៣ នាក់មានកូនសរុប ២៨៤ ០១៦ នាក់ ដែលបានចំណាយទឹកប្រាក់ ១១៣ ពាន់ ៦០៦ លាន ៤០០ សែនរៀល។
ដោយឡែកសម្រាប់ឆ្នាំ ២០២១ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូន ៦៥ ៨៧១ នាក់មានកូនចំនួន ៦៦ ៣៣៥ នាក់ ចំណាយប្រាក់ឧបត្ថម្ភចំនួន ២៦ ពាន់ ៥៣៤ លានរៀល។
ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូនដោយផ្តល់ជូនកូនចំនួន ១ នាក់ ថវិកា ៤០ ម៉ឺនរៀល, កូនចំនួន ២ នាក់ ថវិកា ៨០ ម៉ឺនរៀល និងកូនចំនួន ៣ នាក់ ថវិកា ១ លាន ២ សែនរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥ លានរៀលពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាផ្ទាល់ចំពោះអ្នកដែលសម្រាលបានកូនភ្លោះ ៣ នាក់។
លោក អ៊ិត សំហេង បានថ្លែងនៅក្នុងពិធីនេះថា លោកពិតជាមានមោទនៈភាពណាស់នូវអ្វីដែល ប.ស.ស បានខិតខំសម្រេចបាន «ស្របទៅតាមគោលនយោបាយដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកក្នុងបរិបទកូវីដ ១៩ ក៏ដោយ»។
លោកថា៖ «ក្នុងការអនុវត្តការងារកន្លងមក ប.ស.ស បានចាត់ទុកខ្លួនជាអ្នកបម្រើសេវាសង្គមជូនដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ព្រមទាំងកម្មករនិយោជិត តាមរយៈការផ្ដល់សេវាសាធារណៈប្រកបដោយភាពទន់ភ្លន់ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់»។
លោក អ៊ិត សំហេង ថា សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការរីកចម្រើននៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដើម្បីឈានទៅរកប្រព័ន្ធមួយដែលមានលក្ខណៈជាសកលនាពេលខាងមុខ។
បច្ចុប្បន្នក្រសួងការងារបានរៀបចំលិខិតបទដ្ឋានគតិយុត្តចប់សព្វគ្រប់ហើយសម្រាប់ដាក់ឱ្យដំណើរការនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ប៉ុន្តែដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ ១៩ ក្រុមប្រឹក្សាជាតិគាំពារសង្គម កំពុងពិនិត្យសម្រេចកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារ។ នាឱកាសនោះផងដែរ សម្រាប់ទិសដៅអនុវត្តបន្ត បេឡាជាតិសន្តិសុខសង្គម និងស្ថាប័ន អង្គភាព ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា លោក អ៊ិត សំហេង បានស្នើឱ្យបន្តចូលរួមចំណែកក្នុងការពង្រឹងការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ ពង្រឹងការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ជំរុញការដាក់ឱ្យដំណើរការ ផ្នែកប្រាក់សោធនឱ្យខាងតែបានក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នេះ។
លោកបានថ្លែងថា៖ «បេឡាជាតិសន្តិសុខសង្គម និងស្ថាប័ន អង្គភាព ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ត្រូវពង្រឹងការអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន»។
បើតាមលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្ដិសុខសង្គម បានឱ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ។
លោកបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ដែលក្នុងនោះសម្រាប់វិស័យឯកជនបានចុះបញ្ជីសរុបចំនួន ១៧ ៣១៧ សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៣០៥ ៩៥៨ នាក់ និងផ្នែកថែទាំសុខភាពចំនួន ១៤ ៦៨៩ សហគ្រាសមានសមាជិកចំនួន ២ ៣០៥ ៩៥៨ នាក់។
ចំណែកវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៨ ស្ថាប័ន មានសមាជិកសរុប ៣៩៨ ៧៤០ នាក់ និងផ្នែកហានិភ័យការងារចំនួន ៣៥ ស្ថាប័ន មានសមាជិកសរុប ២៤៨ ៨៩២ នាក់។
លោក អ៊ុក សមវិទ្យា បានបន្តថា គិតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គមបានផ្តល់តាវកាលិកជូនសមាជិករបស់ខ្លួន ចំពោះផ្នែកហានិភ័យការងារចំនួន ១០,៦៨ ប៊ីលានរៀល និងផ្នែកថែទាំសុខភាពចំនួន ១៥៦,២០ ប៊ីលានរៀល៕