ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសផ្តល់សុពលភាព បញ្ជីបោះឆ្នោតឆ្នាំ ២០២១ ជាផ្លូវការនូវអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន ៩ ២០៥ ៦៨១ នាក់ ស្មើនឹង ៨៧,៩៤% នៃចំនួនប្រជាពលរដ្ឋ ដែលមានអាយុ ១៨ ឆ្នាំឡើង ក្នុងនោះមានស្ត្រីចំនួន ៤ ៩០៤ ៨៣២ នាក់។
លោក ឯម សូផាត សមាជិក គ.ជ.ប ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតស្តីពីការផ្សព្វផ្សាយ ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឱ្យដឹងថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ ត្រូវបានផ្តល់សុពលភាព និងប្រកាសផ្សាយជូនប្រជាពលរដ្ឋជាសាធារណៈនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២។
លោកបន្តថា បញ្ជីបោះឆ្នោតផ្លូវការនេះត្រូវបានផលិត និងបញ្ជូនទៅឱ្យគណៈកម្មការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងសាលាឃុំ សង្កាត់ សម្រាប់រក្សាទុក និងប្រើប្រាស់ជាផ្លូវការនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (ជា PDF File) ចំនួន ១ ច្បាប់ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ចំនួន ១ ច្បាប់ សាលាឃុំ សង្កាត់ ចំនួន ២ ច្បាប់ និងគណៈកម្មការការិយាល័យបោះឆ្នោត ចំនួន ១ ច្បាប់។
លោកថ្លែងថា៖ «តាមតួលេខដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២១ គឺ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន ៩ ២០៥ ៦៨១ នាក់ ស្មើនឹង ៨៧,៩៤% នៃចំនួនប្រជាពលរដ្ឋ អាយុ ១៨ ឆ្នាំឡើងក្នុងនោះមានស្ត្រីចំនួន ៤ ៩០៤ ៨៣២ នាក់ និងចំនួនការិយាល័យបោះឆ្នោតសរុបមានចំនួន ២៣ ៦០២ ការិយាល័យ ចំណុះឱ្យឃុំ សង្កាត់ ចំនួន ១ ៦៥២ ការិយាល័យនៃរាជធានី ខេត្ត ទាំង ២៥។
បើតាមលោក ឯម សូផាត ចំពោះគណបក្សនយោបាយដែលចង់បានបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ គណបក្សនយោបាយអាចជាវដោយបង់ត្រឹមតម្លៃផលិតប៉ុណ្ណោះ។ រីឯចំនួនជនពិការភាពដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ មានចំនួន ២៣ ៥៩១ នាក់។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ ខែកុម្ភៈថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២១ នេះ នឹងយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ បញ្ជីបោះឆ្នោតផ្លូវការនេះក៏នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតផងដែរ។
លោកថ្លែងថា៖ «លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើនផ្សេងទៀត គឺបេក្ខជនត្រូវមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតនៃឃុំសង្កាត់ដែលសាមីខ្លួន ដែលត្រូវឈរឈ្មោះជាបេក្ខជន»។
លោកបន្តថា បញ្ជីបោះឆ្នោតផ្លូវការនេះក៏នឹងប្រើប្រាស់សម្រាប់ការបញ្ជាក់អំពីការមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ទាំងបេក្ខជនឈរឈ្មោះបោះឆ្នោត និងទាំងប្រជាពលរដ្ឋ ដែលពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រើប្រាស់សម្រាប់ការបោះឆ្នោត ព្រោះលក្ខខណ្ឌ ១ ក្នុងចំណោមលក្ខខណ្ឌ ដើម្បីស្នើសុំបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត គឺប្រជាពលរដ្ឋត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យនៃឃុំ-សង្កាត់ដែលពួកគាត់បោះឆ្នោត។
លោកថ្លែងថា៖ «មួយទៀត បញ្ជីបោះឆ្នោតផ្លូវការនេះ គឺសម្រាប់យកទៅចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលដំណើរបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ដូច្នេះ ភា្នក់ងារគណបក្សនយោបាយ ដែលមានបំណងឃ្លាំមើលការបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតនៃឃុំ-សង្កាត់ណាមួយ ក៏ត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត»។
លោក សំ សុគន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតនៅកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ ខែកុម្ភៈថា៖ «សម្រាប់បញ្ជីបោះឆ្នោត ២០២១ របស់ គ.ជ.ប ដែលត្រូវបានប្រកាសសុពលភាពជាផ្លូវការនេះ ខ្ញុំមិនទាន់ហ៊ាននិយាយថា យ៉ាងម៉េចនោះទេ ព្រោះខ្ញុំមិនទាន់បានស៊ើបអង្កេត និងធ្វើការត្រួតពិនិត្យបានពេញលេញ»។
លោក សំ សុគន្ធាមី បានថ្លែងបញ្ជាក់ទៀតថា៖ «យើងមិនអាចវាយតម្លៃបានទេ ចំពោះបញ្ជីបោះឆ្នោតនេះ ព្រោះក្បួនរបស់វា គឺគេត្រូវធ្វើអូឌីត គេហៅថា អូឌីតបញ្ជីបោះឆ្នោតបានរកឃើញថា គួរទុកចិត្តប៉ុន្មានភាគរយ និងសុក្រឹតប៉ុន្មានភាគរយ?»៕