ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានយកទិវានៃក្តីស្រឡាញ់ថ្ងៃ ១៤ កុម្ភៈ ធ្វើការអប់រំ ផ្សព្វផ្សាយទាក់ទងនឹងការការពារកុំឱ្យឆ្លងមេរោគអេដស៍ ជំងឺអេដស៍ទៅដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសក្រុមយុវវ័យ និងក្រុមដែលស្រឡាញ់ភេទដូចគ្នា។
លោក អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងនាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ថា កម្ពុជាទទួលបានជោគជ័យក្នុងការទប់ស្កាត់មិនឱ្យមានការរីករាលដាលនៃមេរោគអេដស៍ ហើយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាឈានមុខគេក្នុងការផ្តល់សេវាព្យាបាលដល់អ្នកផ្ទុកមេរោគអេដស៍ បើប្រៀបធៀបជាមួយនឹងប្រទេសឥណ្ឌូនេស៊ី ចិន និងថៃ។ លោកក៏បានអំពាវនាវផងដែរទៅដល់ក្រុមយុវវ័យ ពិសេសក្រុមអ្នកស្រឡាញ់ភេទដូចគ្នាក្នុងឱកាសទិវានៃក្តីស្រឡាញ់ត្រូវការពារខ្លួនពីមេរោគអេដស៍ ដោយសារនិន្នាការសព្វថ្ងៃនេះ ចំនួនអ្នកស្រឡាញ់ភេទដូចគ្នាមានការកើនឡើងច្រើន។ ក្នុងឆ្នាំ ២០១០ មានអ្នកស្រឡាញ់ភេទដូចគ្នាប្រមាណជា ៣ ទៅ ៤ ម៉ឺននាក់ ប៉ុន្តែមកដល់ពេលនេះមានចំនួនជិត ១០ ម៉ឺននាក់។
លោក អៀង ម៉ូលី មានប្រសាសន៍ថា៖ «យើងត្រូវតែខិតខំកុំឱ្យមានការរីករាលដាលបន្តទៀតដោយត្រូវតែឱ្យមានការធ្លាក់ចុះជាបន្តទៀត ហើយសព្វថ្ងៃនេះ យើងនៅមានបាត់អ្នកដែលមិនទាន់មកទទួលយកសេវាព្យាបាលប្រមាណជាជាង ១ ម៉ឺននាក់ទៀត ដែលនេះជាហានិភ័យមួយសម្រាប់យើង»។
លោកបានបន្ថែមថា៖ «ហានិភ័យនៅតែមាន ពីព្រោះការឆ្លងមេរោគអេដស៍អាចប្រព្រឹត្តទៅដោយស្រួលបើមិនមានការការពារឱ្យបានត្រឹមត្រូវ។ អ៊ីចឹង! នេះជាទិវាដែលយើងរំឭកឡើងវិញថា ត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសក្រុមយុវវ័យ។ យើងមិនហាមឃាត់មិនឱ្យស្រឡាញ់គ្នានោះទេ តែត្រូវប្រឹងប្រែងប្រយ័ត្នការពារខ្លួនឯង ដោយបង្កើននូវសមត្ថភាពការពារខ្លួន កុំឱ្យមានការឆ្លងជំងឺអេដស៍»។
ក្នុងបរិបទនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ ១៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទើបតែចាប់ផ្តើមធ្វើការងារនេះក្នុងថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈនៅឆ្នាំនេះ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ ១៩។
លោក អៀង ម៉ូលី បានបន្តថា ឧបសគ្គមួយទៀតសម្រាប់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍គឺការចុះទៅធ្វើការអប់រំ ឃោសនា ណែនាំទៅដល់ប្រជាពលរដ្ឋ ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ពិបាកធ្វើ ហើយការងារនេះក៏មិនអាចធ្វើតាមអនឡាញបានដែរ។
ចំណែកឧបសគ្គ ១ ទៀត គឺការផ្តល់ថ្នាំដល់អ្នកជំងឺអេដស៍សម្រាប់លេបច្រើនខែ ដោយសារអាជ្ញាធរជាតិមិនចង់ឱ្យអ្នកជំងឺមកទទួលថ្នាំជារៀងរាល់ខែឡើយ។ វាជាវិធីសាស្ត្រល្អ តែវាក៏អាចប៉ះពាល់ដល់គុណភាពថ្នាំពីព្រោះនៅផ្ទះមិនមានកន្លែងទុកដាក់ថ្នាំស្រួលដូចនៅមន្ទីរពេទ្យនោះទេ ដែលផ្ទះខ្លះក្តៅអាចធ្វើឱ្យខូចគុណភាពថ្នាំផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក អៀង ម៉ូលី។
ជាមួយគ្នានោះដែរ លោក ទៀ ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏បានលើកឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ផងដែរថា សម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នាសុំកុំរើសអើងខ្លួនឯងហើយក៏កុំគិតថា អ្នកផ្សេងក៏ស្អប់អ្នកស្រឡាញ់ភេទដូចគ្នាដែរ។
លោកមានប្រសាសន៍ថា៖ «យើងមិនចង់ឱ្យទិវានៃក្តីស្រឡាញ់ប្រែទៅជាស្ថានភាពមួយទៅជាការឆ្លងមេរោគអេដស៍ហើយធ្វើឱ្យយើងធ្លាក់ទៅក្នុងស្ថានភាពមួយដែលយើងត្រូវលេបថ្នាំពន្យារជីវិត ១ ជីវិត»។
លោក ទៀ ផល្លា បញ្ជាក់ទៀតថា ក្នុង ១ ឆ្នាំមានអ្នកឆ្លងមេរោគអេដស៍ចំនួន ១ ១០០ នាក់ ដែលក្នុងចំណោមអ្នកឆ្លងនេះ មាន ៥៣% ស្ថិតក្នុងក្រុមបុរសស្រឡាញ់បុរស។ លោកបានបន្ថែមថា៖ «ខ្ញុំសូមឱ្យទិវានៃសេចក្តីស្រឡាញ់នេះ ក្លាយជាទិវាមួយ ដែលជំរុញឱ្យយើងចេះការពារខ្លួន ពិសេសបុរសស្រឡាញ់បុរស ដូចនេះយើងត្រូវចូលរួមចំណែកធ្វើយ៉ាងណាឱ្យទិវានេះ គឺជាដំណោះស្រាយមួយដែលមិនមែនតែសម្រាប់ថ្ងៃនេះទេ តែក៏សម្រាប់ថ្ងៃមុខទៀតផងដែរ»៕