ភ្នំពេញៈ ក្រសួងការបរទេសសម្ដែងការខកចិត្តចំពោះការបន្ត «បកស្រាយខុស» របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនអំពីគោលបំណងនៃការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការពន្យល់ និងការបំភ្លឺជាច្រើនដងដោយអាជ្ញាធរកម្ពុជាក្ដី។
អ្នកនាំពាក្យក្រសួងការបរទេសនាថ្ងៃទី ១៥ ខែកុម្ភៈ បានបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺថា៖ «ចំពោះការចោទប្រកាន់ដែលថា ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ អនុញ្ញាតឱ្យអាជ្ញាធរកម្ពុជាត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពតាមប្រព័ន្ធអ៊ិនធឺណិត ចាប់ និងរឹតបន្តឹងការប្រាស្រ័យទាក់ទង នានាតាមប្រព័ន្ធឌីជីថល ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ បង្កើតហានិភ័យដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រួមទាំងសិទ្ធិក្នុងការស្វែងរក ទទួលបាន និង ចែកចាយព័ត៌មាន និងគំនិតនានា ក៏ដូចជាសិទ្ធិឯកជនភាព គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន»។
អ្នកនាំពាក្យអះអាងថារដ្ឋាភិបាលគោរពសិទ្ធិឯកជនភាព និងសេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គល និង ការពារទិន្នន័យផ្ទាល់ខ្លួន ដែលទាំងអស់នេះមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ សន្ធិសញ្ញាស្តីពីសិទ្ធិ មនុស្សអន្តរជាតិដែលបានផ្តល់សច្ចាប័នរួច ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីទូរគមនាគមន៍។
កាលពីឆ្នាំ២០១៩រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយ ស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ដើម្បីសិក្សា និងរិះរកវីធីសាស្ត្រនានា សម្រាប់ការបង្កើតយន្តការក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៊ិនធឺណិត និងពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ ក៏ដូចជាថែរក្សាសណ្តាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិ។
គណៈកម្មាធិការនេះ តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាស្ថាប័នជំនាញ បាន ចាប់ផ្តើមការសិក្សាអំពីគំរូហេដ្ឋារចនាសម្ព័ន្ធពីបណ្តាប្រទេសផ្សេងៗនៅជុំវិញពិភពលោក និងបានពិនិត្យឃើញថា ប្រទេសស្ទើរតែទាំងអស់សុទ្ធតែមានច្រកទ្វារអឺនធឺណិត និងបទប្បញ្ញត្តិ ដោយឡែកពីគ្នា។
អ្នកនាំពាក្យអះអាងថាអនុក្រឹត្យស្តីពីច្រកទ្វារអ៊ិនធឺណិតជាតិ ដែលបានចុះហត្ថលេខានៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវ បានរៀបចំឡើងដោយតម្លាភាព ហើយការពិគ្រោះយោបល់នានាត្រូវបានធ្វើឡើងជាមួយអ្នកជំនាញ ជាច្រើននៅក្នុងវិស័យនេះ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធនានា ជាច្រើនលើកច្រើនសា។
អ្នកនាំពាក្យបន្តថាការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ដែលមានជាទូទៅស្ទើរគ្រប់ប្រទេសជុំវិញពិភពលោភ ដើរតួជាឧបករណ៍មួយដ៏មានប្រសិទ្ធភាព ដើម្បីបង្កើនការប្រមូលចំណូលជាតិ ដោយឈរលើមូលដ្ឋាននៃការប្រកួតប្រជែងប្រកបដោយតម្លាភាព សមភាព និងស្មោះត្រង់រវាងរដ្ឋ និងប្រតិបត្តិករទូរគមនាគមន៍។
ប្រភពដដែលបញ្ជាក់ថា វារួមចំណែកដល់ការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត ដូចជាការប្រើប្រាស់ដោយ ខុសច្បាប់នូវការតភ្ជាប់បណ្តាញឆ្លងដែន ការលេងល្បែងអនឡាញខុសច្បាប់ ការបោកប្រាស់តាម អ៊ិនធឺណិត ជាដើម។ យន្តការនេះមិនមានបទប្បញ្ញត្តិណាមួយដូចដែលត្រូវបានចោទប្រកាន់ថា អនុញ្ញាតឱ្យមានការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ និងការរឹតបន្ដឹងសេរីភាពនៃការបញ្ចេញមតិ នោះទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលនឹងរៀបចំដាច់ដោយឡែកនូវច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន នៅពេលដែលសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអឺនធឺណិតត្រូវបានបញ្ចប់៕
វីដេអូ៖