
លោក ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយអគ្គលេខាធិការអាស៊ាន។ រូបថត AKP
ភ្នំពេញៈ ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការអាស៊ានសន្យាបញ្ចប់បេសកកម្មស្វែងរកការពិតនៅប្រទេសទីម័រខាងកើតនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះដើម្បីជួយឱ្យប្រទេសនេះបានចូលជាសមាជិកអាស៊ាន ខណៈភាគីទាំង ២ ក៏បានជំរុញឱ្យបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ាផងដែរ ដើម្បីសន្តិភាព។
ការប្រកាសសន្យានេះធ្វើឡើងក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក លឹម ចុក ហ៊ុយ (LimJock Hoi) អគ្គលេខាធិការអាស៊ាននាថ្ងៃទី ១៤ ខែកុម្ភៈដែលធ្វើឡើងមុន ១ ថ្ងៃនៃការចាប់ផ្តើមដំណើរការកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ពីថ្ងៃទី ១៥-១៧ ខែកុម្ភៈ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ ២០២២។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ១៤ ខែកុម្ភៈ ថា៖ «អំពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ខណៈដែលមានការទទួលការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការ [លឹម ចុក ហ៊ុយ] បានប្តេជ្ញាបញ្ចប់បេសកកម្មស្វែងរកការពិតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ដូច្នេះប្រទេសសមាជិកអាស៊ានអាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិកអាស៊ាន»។
លោក ហេង គីមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៥ ខែកុម្ភៈថា វាពិតជាល្អណាស់ ដែលកម្ពុជាមានភាពសកម្មក្នុងការជំរុញឱ្យមានសមាជិកភាពថ្មីរបស់ទីម័រខាងកើតក្នុងអាស៊ាន។ ការសកម្មក្នុងការជំរុញបែបនេះជួយលើកមុខមាត់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងជារដ្ឋសមាជិកអាស៊ានដែលចេះជួយជ្រោមជ្រែងគ្នា។
លោកថ្លែងថា៖ «កម្ពុជាគឺជាសមាជិកថ្មីបំផុតរបស់អាស៊ាន ដូច្នេះការជួយទីម័រខាងកើតឱ្យចូលជាសមាជិកអាស៊ាន គឺជាសកម្មភាពដ៏សំខាន់ដែលបង្ហាញពីរបៀបដែលកម្ពុជាយកចិត្តទុកដាក់ចំពោះឯកភាព និងបរិយាប័ន្ននៅក្នុងតំបន់»។
ដោយឡែក ភាគីទាំង ២ ក៏បានពិភាក្សាគ្នាអំពីស្ថានភាពនៃវិបត្តិនយោបាយនាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផលប៉ះពាល់ទៅលើការងារនានារបស់អាស៊ានផងដែរ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបញ្ចប់អំពើហិង្សា និងការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់អាចចូលរួមក្នុងកិច្ចសន្ទនាមួយប្រកបដោយបរិយាប័ន្នសំដៅសម្រេចបាននូវសន្តិភាពយូរអង្វែង»។
លោក ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ ២០២២ ក៏បានលើកឡើងអំពីអាទិភាពនានារបស់លោករួមទាំងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ ខណៈលោក លឹម ចុក ហ៊ុយ បានបង្ហាញការត្រៀមលក្ខណៈរួចរាល់របស់លេខាធិការដ្ឋានអាស៊ាន ដើម្បីគាំទ្រ ជាពិសេសការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយជាទីបំផុតនៅមីយ៉ាន់ម៉ា។
លើសពីនេះ ភាគីទាំង ២ ក៏បានពិភាក្សាអំពីតួនាទីដ៏សំខាន់នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមានប្រទេសជាច្រើនកំពុងស្នើសុំក្លាយជាដៃគូសន្ទនាដៃគូតាមវិស័យ និងដៃគូអភិវឌ្ឍន៍របស់អាស៊ានផងដែរ។
សេចក្តីប្រកាសព័ត៌មានបន្តថា ចំពោះដំណើរឆ្ពោះទៅមុខ អាស៊ាននឹងបន្តពង្រឹងសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ដើម្បីអាចចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ដៃគូខ្លួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
ជាមួយគ្នានេះ លោក ប្រាក់ សុខុន បានកោតសរសើរចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរាល់ការគាំទ្រនានាដែលផ្តល់ដោយលេខាធិការដ្ឋានអាស៊ាន ចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិប្រធានអាស៊ានរបស់កម្ពុជា។
ប្រភពដដែលបន្តថា លោក លឹម ចុក ហ៊ុយ បានអះអាងជាថ្មីនូវការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើឱ្យភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ ២០២២ នេះទទួលបានជោគជ័យ៕