បន្ទាយមានជ័យៈ អាជ្ញាធរខេត្តបន្ទាយមានជ័យបានបិទបញ្ចប់ការដាំដើមឈើ ១០០ ភាគរយ ក្នុងតំបន់ ៣ នៃបឹងទន្លេសាបក្នុងនោះមានដើមឈើព្រៃលិចទឹក និងឫស្សីជាង ៣ ម៉ឺនដើមគ្រាប់ ត្រូវបានដាំរួចរាល់លើផ្ទៃដីប្រមាណ ១២ ០០០ ហិកតា។
ជាមួយគ្នានេះ នីតិបុគ្គល និងរូបវន្តបុគ្គលជិត ២០ នាក់-អង្គ ទទួលបានបណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថាន ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការការពារបរិស្ថាន។
កាលពីថ្ងៃអាទិត្យ ទី ១៣ ខែកុម្ភៈ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់បានចូលរួមយ៉ាងសស្រោកសស្រាំក្នុងការដាំដើមឈើឡើងវិញ ដើម្បីការពារធនធានធម្មជាតិ ព្រៃលិចទឹកលើកទី ៨ ដែលសកម្មភាពនេះ គឺជាការបិទបញ្ចប់នូវយុទ្ធនាការដាំដើមឈើនៅតំបន់ ៣ នៃផ្ទៃដីលិចទឹកជាប់បឹងទន្លេសាប ខេត្តបន្ទាយមានជ័យ។
ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្នុងយុទ្ធនាការទាំង ៨ លើកនេះ គឺមានឫស្សី ដើមរាំងទឹក និងគ្រាប់ត្នោតជាង ៣ ម៉ឺនដើម-គ្រាប់ ត្រូវបានដាំនៅដែនព្រៃលិចទឹកនៅតំបន់ ៣ ក្នុងភូមិសាស្ត្រ ស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបុរី។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ «ការដាំសរុបទាំង ៨ លើកមានចំនួនគុម្ពឫស្សី ៧ ២២០ គុម្ព ដើមរាំងទឹក ៦ ៩០០ គ្រាប់ត្នោត ១៨ ៦៦០ គ្រាប់ និងដើមរំដេញ ៦០០ ដើម»។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា ចំពោះការចូលរួមយ៉ាងសស្រោកសស្រាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន គឺជាការរួមចំណែកដាំឈើឡើងវិញ ការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើងតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា៖ «ការដាំកូនឈើឡើងវិញនៅពេលនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់ ៣ ដីព្រៃលិចទឹកបឹងទន្លេសាបក្នុងស្រុក ២ ដែលរងការកាប់ទន្ទ្រានខុសច្បាប់ គឺព្រះនេត្រព្រះ ស្រុកមង្គលបុរីបានបញ្ចប់រួចរាល់ ហើយអាជ្ញាធរពាក់ព័ន្ធត្រូវទទួលខុសត្រូវថែទាំបន្ត»។
ជាមួយនឹងការបិទបញ្ចប់នៃការដាំដើមឈើនេះ ក្រសួងបរិស្ថានកាលពីថ្ងៃ ១៤ កុម្ភៈ បានប្រគល់បណ្ណសរសើរនីតិបុគ្គល និងរូបវន្តបុគ្គល សម្រាប់ខេត្តបន្ទាយមានជ័យចំនួន ១៩ អង្គ-នាក់ផងដែរ បន្ទាប់ពីពួកគេបានចូលរួមយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិនៅក្នុងខេត្តនេះ។
លោក សូ ខនឫទ្ឋិគុណ រដ្ឋលេខាធិការ ក្រសួងបរិស្ថានដែលដឹកនាំក្រុមការងារប្រគល់បណ្ណសរសើរមេត្រីបរិស្ថានដល់នីតិបុគ្គល និងរូបវន្តបុគ្គលនេះបាននិយាយថា ការផ្តល់បណ្ណសរសើរមេត្រីបរិស្ថាន គឺផ្តោតលើលក្ខណៈវិនិច្ឆ័យចំនួន ៧ ដែលពួកគេបានចូលរួមយ៉ាងសកម្មក្នុងការការពារសម្បត្តិធម្មជាតិ។
លោកបន្តថា លក្ខណៈវិនិច្ឆ័យចំនួន ៧ ដែលក្រសួងជ្រើសរើស គឺរួមមានលក្ខណសម្បត្តិរបស់បុគ្គលចំណេះដឹងអំពីបរិស្ថាន ការចែករំលែកចំណេះដឹង និងបទពិសោធ ការប្រតិបត្តិមេត្រីបរិស្ថាន បទពិសោធការងារ និងទេពកោសល្យបរិស្ថានប្រតិបត្តិផល និងគុណផល ការងារមេត្រីបរិស្ថាន រួមទាំងការប្រតិបត្តិតាមបទប្បញ្ញត្តិទាក់ទងនឹងបរិស្ថាន។
លោកបញ្ជាក់ថា៖ «ចូលរួមអបអរសាទរ ចំពោះការខិតខំប្រឹងប្រែង និងចូលរួមថែរក្សាបរិស្ថានរហូតបានទទួលនូវបណ្ណសរសើរមេត្រីបរិស្ថាននាពេលនេះ។ សូមបញ្ជាក់ថា នៅឆ្នាំ ២០២១ នេះ ការផ្តល់បណ្ណសរសើរនីតិបុគ្គល និងរូបវន្តបុគ្គល ខេត្តបន្ទាយមានជ័យមានចំនួន ១៩ អង្គ-នាក់»។
លោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ កុម្ភៈថា ការប្រគល់បណ្ណសរសើរមេត្រីបរិស្ថានដល់នីតិបុគ្គល និងរូបវន្តបុគ្គលនៅក្នុងខេត្តនេះ គឺជាការលើកទឹកចិត្តមួយទៅដល់មន្ត្រី និងវិស័យឯកជនដែលបានប្រឹងប្រែងចូលរួមធ្វើឱ្យបរិស្ថានបៃតងមានភាពប្រសើរឡើងវិញ។ ក្នុងនាមរដ្ឋបាលខេត្ត លោកបញ្ជាក់ថា នឹងបន្តជំរុញបន្ថែមទៀតឱ្យមានការចូលរួមពីបណ្តាសាធារណជន មន្ត្រី និងវិស័យឯកជន ដើម្បីចូលរួមថែរក្សាបរិស្ថាននៅទូទាំងខេត្ត។ លោកបានបញ្ជាក់ថា៖ «យើងនឹងបន្តផ្សព្វផ្សាយឱ្យបងប្អូនយើងយល់ពីផលប៉ះពាល់បរិស្ថាន និងបញ្ហាផ្សេងៗដែលធ្វើឱ្យជះឥទ្ធិពលទៅដល់សុខភាពរបស់មនុស្ស។ យើងនឹងធ្វើយ៉ាងណាឱ្យបរិស្ថានរបស់យើងក្លាយទៅជាបរិស្ថានបៃតង ដែលអាចធ្វើឱ្យធនធានធម្មជាតិល្អប្រសើរឡើងវិញ សម្រាប់ជិវីតសត្វ និងមនុស្ស»៕