ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជាទៅប្រទេសជប៉ុន ថាមានលក្ខណពិសេសផ្នែកការទូត និងបានបង្ហើបពីការគាំទ្រឱ្យមានសមយុទ្ធយោធារវាងប្រទេសជប៉ុន និងកម្ពុជា ប៉ុន្តែសមយុទ្ធនោះត្រូវផ្តោតសំខាន់លើការសង្គ្រោះមហន្តរាយ និងការប្រឆាំងភេរវកម្ម ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ២។
ការបង្ហាញការគាំទ្រឱ្យមានសមយុទ្ធយោធានេះ បន្ទាប់ពីលោក ហ៊ុន សែន សង្កេតឃើញថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកទៅកាន់ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ ទទួលបានផ្លែផ្កា និងមានការយកចិត្តទុកដាក់ពីប្រទេសជប៉ុន។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន ៧ នៅឯខេត្តក្រចេះកាលពីថ្ងៃទី ១៦ ខែកុម្ភៈលោកនាយករដ្ឋមន្ត្រីបានថ្លែងថា ទោះស្ថិតនៅក្នុងស្ថានភាពកូវីដ ១៩ ដែលធ្វើឱ្យមានការលំបាកនៅក្នុងការធ្វើដំណើរក្តី ប៉ុន្តែជប៉ុនបានយកយន្តហោះពិសេសមួយមកទទួលលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូទៅកាន់ប្រទេសជប៉ុនដើម្បីទស្សនកិច្ចផ្លូវការ។
លោកថា៖ «ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុន ចំពោះមេបញ្ជាការជើងគោករបស់កម្ពុជានៅត្រង់ថា ស្ថានភាពកូវីដ ១៩ បានបង្កើតឡើងនូវស្ថានភាពដ៏លំបាក ការធ្វើដំណើរមិនងាយស្រួលទេ ប៉ុន្តែជប៉ុនបានបញ្ជូនយន្តហោះពិសេសមួយមកទទួលយក ហ៊ុន ម៉ាណែត និងគណៈប្រតិភូធ្វើដំណើរទៅកាន់ប្រទេសជប៉ុន»។
លោកបញ្ជាក់ថា៖ «អ្វីដែលខ្ញុំគិត វាជាចំណុចពិសេសមួយទៀត (ហ៊ុន ម៉ាណែត) ទៅក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក ក៏ប៉ុន្តែពេលទៅដល់ត្រូវបានទទួលធ្វើសវនាការ និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនមានការជួបជាមួយមេបញ្ជាការកងទ័ពជើងគោក អគ្គបញ្ជាការ និងរដ្ឋមន្ត្រីការពារជាតិជប៉ុន»។
លោកបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការនេះថា មានលក្ខណពិសេសមួយ នៅក្នុងចំណោមលក្ខណពិសេសនៃផ្នែកការទូត ក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២ ហើយលោកបានថ្លែងអំណរគុណជាមួយការយកចិត្តទុកដាក់ទៅលើទំនាក់ទំនងរវាងប្រទេសទាំង ២។
បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីបានបង្ហើបពីការគាំទ្រឱ្យមានសមយុទ្ធយោធាថា៖ «ខ្ញុំយល់ស្របទៅលើអ្វីដែលប្រទេសទាំង ២ ត្រៀមរៀបចំនូវកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ នៅក្នុងវិស័យយោធារាប់ទាំងការធ្វើសមយុទ្ធរួម បើសិនជាមានការចាំបាច់ធ្វើសមយុទ្ធលើទឹកដីកម្ពុជា អត់មានបញ្ហា»។
លោកបញ្ជាក់ថា៖ «ប៉ុន្តែអ្វីដែលខ្ញុំចង់បានសមយុទ្ធណាក៏ដោយ គួរតែផ្តោតទី ១ គឺទប់ស្កាត់ ឬជួយសង្គ្រោះ គ្រោះមហន្តរាយ ឧទាហរណ៍គ្រោះទឹកជំនន់រាំងស្ងួតភ្លើងឆេះព្រៃ ធ្លាក់យន្តហោះ ឬឧបទ្ទវហេតុផ្សេងៗដែលកើតឡើង ទី ២ សមយុទ្ធប្រឆាំងភេរវកម្ម ខ្ញុំចង់បានសមយុទ្ធទាំង ២ នេះ រឿងសមយុទ្ធវ៉ៃគ្នា អាហ្នឹងខ្ញុំអត់ចង់បានទេ»។
លោកបន្តថា នៅក្នុងរឿងនេះ នឹងមានការជជែកបន្តទៀតនៅក្នុងដំណើរនៃការឆ្ពោះទៅមុខរបស់ប្រទេសទាំង ២ ក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំង ២។
បើតាមនាយកដ្ឋានព័ត៌មានវិទ្យាក្រសួងការពារជាតិ លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសជប៉ុនរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីពិភាក្សាការងារ និងចូលរួមអបអរខួបទី ៣០ ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី ១ របស់កងកម្លាំងស្វ័យការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ក្នុងដំណើរទស្សនកិច្ចនោះ លោក ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុនឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។
ក្នុងជំនួបនោះលោក YOS-HIDA Yoshihid សន្យាបន្តជួយដល់កងទ័ពកម្ពុជាលើការកសាងពង្រឹងសមត្ថភាពតាមរយៈការហ្វឹកហ្វឺនលើជំនាញសំខាន់ៗ ដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខសង្គ្រាមមិនមែនប្រពៃណីដូចជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាទំនើបបញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតនានាព្រមទាំងការគាំទ្រឱ្យមានការរៀបចំលំហាត់រួមក្នុងកម្រិតណាមួយនៅពេលអនាគត។
ទន្ទឹមនោះដែរ លោក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង ២ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែបានជួយគាំទ្រកម្ពុជានៅក្នុងដំណាក់កាលស្វែងរកសន្តិភាព ដំណាក់កាលស្តារកសាងប្រទេសក្រោយសង្គ្រាម និងរហូតមកដល់ដំណាក់កាលបច្ចុប្បន្ន ដែលជាដំណាក់កាលអភិវឌ្ឍន៍ប្រទេសឱ្យរុងរឿង។ លោកថា៖ «ការរីកចម្រើនគួរឱ្យកត់សម្គាល់នៃលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យយោធាចាប់តាំងពីឆ្នាំ ២០១៣ មក ដែលជាឆ្នាំនៃការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលទាំង ២ ក៏ដូចជា ឆ្នាំនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកយោធារវាងក្រសួងការពារជាតិនៃប្រទេសទាំង ២។
ជារួម ភាគីទាំង ២ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការបង្ហាញនូវឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ក្នុងការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស្អិតល្មួត។ ជាទិសដៅទៅមុខ ភាគីទាំង ២ បានឯកភាពនឹងបន្តកិច្ចពិភាក្សា ដើម្បីធ្វើយ៉ាងណាឈានទៅពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈកាន់តែរីកចម្រើន និងខិតជិតទៅរកការផ្សារភ្ជាប់រវាងអង្គភាព និងអង្គភាព ក៏ដូចជារវាងយោធិន និងយោធិន។
ក្រៅពីនោះលោក ហ៊ុន ម៉ាណែត ក៏មានជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក KISHI Nobuo ផងដែរ ដោយកិច្ចពិភាក្សាផ្តោតជាសំខាន់លើគោលបំណងរួមកម្ពុជា-ជប៉ុន ក្នុងការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពលរវាងប្រទេសទាំង ២ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកយោធា។
បើតាមនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងការពារជាតិក្នុងជំនួបនោះ ភាគីជប៉ុនបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសកម្ពុជា-ជប៉ុន ក្នុងការបន្តរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងបានគាំទ្រលើសំណើផ្តួចផ្តើមនានារបស់កម្ពុជាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញសំខាន់ៗមួយចំនួនដល់កងទ័ពកម្ពុជាជាមួយនឹងការរំពឹងថា កម្ពុជានឹងក្លាយជាដៃគូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សាសន្តិភាពនៅក្នុងតំបន់៕