
ស្ត្រីម្នាក់ដើរកាត់ពីមុខមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង។ ហេង ជីវ័ន
ភ្នំពេញៈ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងអង្គការ USAID បានចាត់ទុកជំងឺរបេង នៅតែជាបញ្ហាកង្វល់សម្រាប់កម្ពុជា បើទោះជាអត្រាមរណៈ និងអត្រាឆ្លងនៃជំងឺនេះបានថយចុះជាលំដាប់ក្តីក៏ប៉ុន្តែករណីជំងឺរបេងជាច្រើននៅតែមិនទាន់បានរកឃើញ និងធ្វើរោគវិនិច្ឆ័យ ដែលនៅបន្តការចម្លងនៅក្នុងសហគមន៍។
ដោយសារតែបែបនេះហើយ ទើបកាលពីថ្ងៃទី ១៤ កុម្ភៈអង្គការ USAID បានប្រគល់ម៉ាស៊ីនធ្វើរោគវិនិច្ឆ័យ ទ្រូណាត (True-nat) ដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដែលម៉ាស៊ីនស៊េរីទំនើបនេះនឹងជួយស្វែងរក និងកំណត់អត្តសញ្ញាណជំងឺរបេងដែលស៊ាំនឹងថ្នាំជាច្រើនប្រភេទក្នុងប្រទេសកម្ពុជា ខណៈការធ្វើរោគវិនិច្ឆ័យរោគរបេងបានលឿន និងត្រឹមត្រូវខ្ពស់ ដើម្បីឱ្យអ្នកជំងឺអាចចាប់ផ្តើមការព្យាបាលបានឆាប់រហ័ស។
អង្គការ USAID បាននិយាយថា៖ «ម៉ាស៊ីនទាំងនេះនឹងគាំទ្រដល់កម្មវិធីជាតិកំចាត់រោគរបេងក្នុងកិច្ចប្រឹងប្រែងស្វែងរកជំងឺរបេងនៅតាមមណ្ឌលសុខភាព និងក្នុងសហគមន៍។ ម៉ាស៊ីន ទ្រូណាត យើងមានមោទនភាពចំពោះភាពជាដៃគូជាមួយនឹងកម្មវិធីជាតិកំចាត់រោគរបេង ហើយយើងទាំងអស់គ្នាអាចឈានទៅដល់គោលដៅលុបបំបាត់ជំងឺរបេងនៅកម្ពុជាឱ្យបានត្រឹមឆ្នាំ ២០៣០»។
លោកស្រី Nancy Eslick តំណាងបេសកកម្ម USAID បានថ្លែងថា ជំងឺរបេង នៅតែជាជំងឺឆ្លងដ៏កាចសាហាវមួយនៅក្នុងពិភពលោក ហើយប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេស ដែលមានបន្ទុកជំងឺរបេងខ្ពស់ជាងគេ។ ខណៈដែលអត្រាមរណៈ និងអត្រាឆ្លងនៃជំងឺរបេងបានថយចុះជាលំដាប់ក្នុងទសវត្សរ៍ចុងក្រោយនេះ ក៏ប៉ុន្តែករណីជំងឺរបេងជាច្រើននៅតែមិនទាន់បានរកឃើញ និងធ្វើរោគវិនិច្ឆ័យ ដែលនៅបន្តការចម្លងនៅក្នុងសហគមន៍។
លោកស្រី បានបញ្ជាក់ថា៖ «ទីភ្នាក់ងារជំនួយអាមេរិក USAID ប្តេជ្ញាបន្តការជួយឧបត្ថម្ភគាំទ្រប្រទេសកម្ពុជា ដើម្បីកាត់បន្ថយបន្ទុកជំងឺរបេង តាមរយៈការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការព្យាបាល និងការធ្វើរោគវិនិច្ឆ័យប្រកបដោយគុណភាពខ្ពស់»។
លោក ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ កុម្ភៈថា កម្ពុជានៅមានមនុស្សប្រមាណ ១ ភាគ ៣ ដែលកំពុងឈឺដោយសារជំងឺរបេង ហើយពួកគេនៅមិនទាន់ទទួលបានការថែទាំ ការធ្វើរោគវិច្ឆ័យ និងការព្យាបាលទាន់ពេល ដែលនេះគឺជាហានិភ័យលើការបន្តការចម្លង និងការឆ្លងដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងប្រទេសជាតិ។
បន្ថែមពីនេះ លោកបានឱ្យដឹងបន្តថា ជារៀងរាល់ឆ្នាំមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនបានធ្វើការស្រាវជ្រាវ និងបានផ្តល់ការថែទាំ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដល់អ្នកជំងឺរបេងប្រមាណជិត ឬជាង ៣ ម៉ឺននាក់។ លោករៀបរាប់បន្តថា៖ «ជាឧទាហរណ៍ ក្នុងឆ្នាំ ២០១៨ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនបានផ្តល់ការថែទាំ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដល់អ្នកជំងឺរបេងចំនួន ២៨ ៤៦៤ នាក់ និងក្នុងឆ្នាំ ២០១៩ មានចំនួន ៣០ ១៤៨ នាក់ និងក្នុងឆ្នាំ ២០២០ មានចំនួន ២៩ ២៩៩ គឺមានការថយចុះបន្តិចបន្តួចបើធៀបនឹងឆ្នាំ ២០១៩»។
លោករៀបរាប់ទៀតថា៖ «បើទោះជាយើងមានការប្រឈមជាមួយនឹងការរាតត្បាតជំងឺកូវីដ ១៩ តែសកម្មភាពស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺរបេងនៅបន្តអនុវត្ត ដោយគោរពតាមគោលការណ៍ និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលលើការបង្ការ និងការពារជំងឺកូវីដ ជាពិសេសការចូលរួមដ៏សកម្មរបស់អង្គការសង្គមស៊ីវិល និងបុគ្គលិកសុខាភិបាលរបស់យើង»។
បើតាមរបាយការណ៍សកលស្តីពីជំងឺរបេង ផ្សព្វផ្សាយក្នុងឆ្នាំ ២០២១ ដោយអង្គការសុខភាពពិភពលោក កម្ពុជានៅមានចំនួនអ្នកឈឺដោយសារជំងឺរបេង ប្រមាណ ២៧៤ នាក់ក្នុងចំណោមប្រជាជន ១ សែននាក់ និងមានអ្នកស្លាប់ ២០ នាក់ ក្នុងចំណោមប្រជាជន ១ សែននាក់៕