ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អាជ្ញាធរ​រាជធានី​ខេត្ត​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ចាំបាច់​ត្រូវ​ផ្តល់​លទ្ធភាព​ឱ្យ​គណបក្ស​នយោបាយ​ដែល​ចុះបញ្ជី​ដោយ​ស្របច្បាប់​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​មានឱកាស​ដើម្បី​ធ្វើ​សកម្មភាព ទោះបី​យុទ្ធនា​ការបោះឆ្នោត​មិនទាន់​មកដល់ ក៏ប៉ុន្តែ​គណបក្សនយោបាយ​នានា​ត្រូវការ​ឱកាស​ជួបជុំ​សមាជិក​របស់​ពួកគេ និង​មាន​លទ្ធភាព​ដើម្បី​សុំ​ការអនុញ្ញាត​លើក​ស្លាក​គណបក្ស​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ ៧ ​កន្លែង​ស្ថិត​នៅក្នុង​ខេត្តក្រចេះ និង​ព្រៃវែង​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ លោក​ហ៊ុន សែន ថ្លែងថា មិនមែន​មានតែ​គណបក្សកាន់អំណាច​នោះទេ​ដែលមាន​សិទ្ធិ​លើក​ស្លាក​គណបក្ស​នោះ គណបក្ស​ដទៃទៀត​ក៏មាន​សិទ្ធិ​លើក​ស្លាក​គណបក្ស​ដូច​គណបក្ស​កាន់​អំណាច​ដែរ​។ កន្លែង​ទីធ្លា​សាធារណៈ​ដែល​គណបក្ស​កាន់អំណាច​អាច​ប្រជុំបាន​គណបក្ស​ដទៃ​ទៀត​ក៏​អាច​ប្រជុំបាន​ដូចគ្នា​ដែរ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង ខ្ញុំ​សុំ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បង្កលក្ខណ​សម្បត្តិ​ឱ្យ​បណ្តា​បក្ស​នយោបាយ​ដែល​នឹងត្រូវ​ចូលរួម​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ​ទទួលបាន​នូវ​ឱកាស​សម្រាប់​ការជួបជុំ ការរៀបចំ​ចុះទៅ​ជួប​ប្រជាជន​ដែលជា​សមាជិក​សមាជិកា​របស់​ពួកគេ ដោយ​គ្មាន​ការរំខាន​ណាមួយ​ពី​មូលដ្ឋាន ហើយ​យើង​ត្រូវខិតខំ​ជួយ​ការពារ​សុវត្ថិភាព​នៃ​បណ្តា​បក្សនយោបាយ​នេះ​ឱ្យបាន​កុំឱ្យ​មាន​ការបោះឆ្នោត​មួយ​ញាំញី​ដោយ​អំពើហិង្សា​រហូត​ទៅដល់​មាន​មនុស្ស​គ្រោះថ្នាក់​»​។

លោក​អះអាងថា ចាប់តាំងពី​ឆ្នាំ​ ២០០៣ មក កម្ពុជា​ហាក់ដូចជា​មិនមាន​មនុស្ស​ស្លាប់ ឬ​របួស​ដោយសារ​ការបោះឆ្នោត​នោះទេ​។

លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​គ្រប់​អាជ្ញាធរ​នៅ​មូលដ្ឋាន​ទាំងអស់​នៃ​រាជធានី ខេត្ត​ត្រូវ​ធានា​សេរីភាព​នៃ​ការជួបជុំ​សម្រាប់​គណបក្ស​នយោបាយ​នានា ហើយ​គណបក្ស​នានា​ក៏ត្រូវ​តែ​គោរព​នូវ​បែបបទ​ដែលមាន​ចែង​នៅក្នុង​ច្បាប់​ជា​ធរមាន និង​បទបញ្ជា​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​)​។ ការ ធ្វើបែបនេះ​គឺ​វា​អាច​ដំណើរ​ទៅ​​មុខ​នៅក្នុង​ការបើក​លម្ហ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ព្រោះ​គណបក្ស​ថ្មីៗ​ជាច្រើន​ត្រូវបង្កើត ហើយ​គណបក្ស​ខ្លះ​ក៏​កំពុង​ត្រៀម​រៀបចំ​ដើម្បី​បង្កើត​សម្ព័ន្ធភាព​បក្ស​។

លោក​ថ្លែងថា​៖ «​ការអំពាវនាវ​​របស់​នាយករដ្ឋមន្ត្រី​វា​ដូចជា​បទបញ្ជា​មួយ​ដែរ​ព្រោះ​តា​ដល់​មានរឿង​អី​​ទៅ គេ​ជេរ ជេរ​ពី​ណា ជេរ​នាយករដ្ឋមន្ត្រី​ដដែល​។ អ៊ីចឹង​នាយករដ្ឋមន្ត្រី​អំពាវនាវ ក៏ដូចជា​ដាក់ចេញ​នូវ​​បទបញ្ជា បង្កលក្ខណៈ​ឱ្យ​បណ្តា​​បក្សនយោបាយ​មាន​សេរីភាព​ក្នុង​ការធ្វើ​សកម្មភាព​ ប៉ុន្តែ​ត្រូវ​ចាំ​ឱ្យ​ច្បាស់​ណា​គណបក្ស​នយោបាយ​ដែល​ទទួលស្គាល់​តាមផ្លូវ​ច្បាប់ មាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​»​។

លោក កន សាវាង្ស អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅថា Comfrel ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៦ ខែកុម្ភៈ ថា សារ​លោក​ ហ៊ុន សែន នេះ​គឺជា​ចំណុច​ល្អ​មួយ ប៉ុន្តែ​ការអនុវត្ត​បានល្អ​គឺ​ទាល់តែ​ពង្រឹង​ការតាមដាន​ និង​ការឃ្លាំមើល ពីព្រោះ​ការងារ​ទាំងអស់នេះ​គឺមាន​នៅក្នុង​ច្បាប់​បទបញ្ជា​នីតិវិធី​រួច​អស់ហើយ​។ អាជ្ញាធរ​មូលដ្ឋាន​គឺ​ដឹង​រួច​អស់ហើយ​អំពី​ការទទួល​ខុសត្រូវ​របស់​ខ្លួន​ថា​ត្រូវធ្វើ​អ្វី​នោះ​គឺ​មិនចាំបាច់​មាន​បទបញ្ជា​ ឬក៏​ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​នោះទេ​។

គួរ​បញ្ជាក់ថា​កម្ពុជា​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ថ្ងៃទី​ ៥ ខែមិថុនា​។

ថ្មីៗ​នេះ គ.ជ.ប ​បានប្រកាសថា អ្នកដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​គឺមាន​ចំនួន​ជាង​ ៩​ លាន​នាក់ ខណៈ​ការិយាល័យ​បោះឆ្នោត​មាន​ចំនួន​ជាង​ ២​ ម៉ឺន​ការិយាល័យ​៕

វីដេអូ៖