ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋភាពជាមួយបរទេស ឬ ឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដោយចាក់ភ័ស្តុតាងវីដេអូឃ្លីបពីសហមេធាវីរបស់លោក កឹម សុខា ប៉ុន្តែ មិនទាន់ត្រូវបានបញ្ចប់ទេ គឺបន្តលើកពេលសវនាការទៅថ្ងៃទី ២៣ ខែកុម្ភៈ ក្នុងសប្តាហ៍ក្រោយ។
សវនាការករណីលោក កឹម សុខា លើកនេះ ក៏ដូចជាលើកមុនៗដែរ គឺមានការចូលរួមឃ្លាំមើល និងតាមដានពីបណ្តាតំណាងស្ថានទូត អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានមួយចំនួនផងដែរ។
ទោះបីជាយ៉ាងណាក្រោយបញ្ចប់សវនាការ ២ លើកចុងក្រោយនេះ កងកម្លាំងចម្រុះរបស់រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យលោក កឹម សុខា បានជួបមុខអ្នកគាំទ្រ និងអ្នកសារព័ត៌មានដែលកំពុងរង់ចាំនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញនោះទេ។
ក្រោយបញ្ចប់សវនាការពេញមួយព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ផេង ហេង សហមេធាវី របស់ លោក កឹម សុខា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញថា សវនាការនៅពេលនេះដូចទៅនឹងសវនាការកាលពីលើកមុនដែរ គឺជាការបង្ហាញនូវភ័ស្តុតាងដែលក្រុមសហមេធាវីរបស់លោកបានដាក់ជូនទៅតុលាការ តាមរយៈការចាក់ឃ្លីបវីដេអូ ដើម្បីបកស្រាយបញ្ជាក់ថា លោក កឹម សុខា មិនប្រព្រឹត្តខុសនោះទេ។
លោកបន្តថា ការចាក់វីដេអូឃ្លីបបង្ហាញនៅក្នុងសវនាការនេះក្នុងគោលបំណង ដើម្បីដោះបន្ទុកកូនក្តីរបស់លោក ដែលត្រូវបានទទួលរងនូវការចោទប្រកាន់ពីតំណាងអយ្យការ និងដាក់ភ័ស្តុតាងមកចោទលោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើស សន្ទិដ្ឋភាពជាមួយបរទេស ប្រទូសរ៉ាយ និងប្រើប្រាស់អំពើហិង្សា។ ដូច្នេះការដាក់វីដេអូទៅវិញនេះបញ្ជាក់ថា លោក កឹម សុខា គ្មានប្រើអំពើហិង្សា និងប្រទូសរ៉ាយ ហើយក៏គ្មានត្រូវរ៉ូវជាមួយបរទេសដែរ។ លោកថ្លែងថា៖ «យើងចាក់វីដេអូ ដែលបានដកស្រង់សម្ដីរបស់លោក កឹម សុខា នៅតាមកម្មវិធីនានា ដោយក្នុងនោះក៏បានដាក់វីដេអូមួយដែលគួរឱ្យចាប់អារម្មណ៍ គឺ ការធ្វើសមាជរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលបានតែងតាំង លោក កឹម សុខា ធ្វើជាប្រធាននៅខែមេសា ឆ្នាំ ២០១៧ ផងដែរ»។
បើតាម លោក ផេង ហេង តាមរយៈការចាក់វីដេអូនេះ មេធាវីដើមបណ្តឹងរដ្ឋប្បវេណីក៏បានធ្វើការកត់សម្គាល់ទៅនឹងចំណុចពាក្យពេចន៍ខ្លះទៅលើ «ប្រតិចរិត» នៃសហមេធាវីរបស់លោក ដែលមានការខ្វះមួយពាក្យ និងលើសមួយពាក្យ ឬ ពាក្យខ្លះ ក៏ហ្វុងអក្សរក៏បានលោត «ទី» ទៅជា «ទៅ» មួយទៀត ដូចជាយើងដាក់ «ខែកញ្ញា» នៅក្នុងវីដេអូថា «ខែ ៩» ជាដើម។ ទោះជាយ៉ាងណា ខ្លឹមសារ គឺមិនមានការដូរនោះទេ គ្រាន់តែលើសខ្វះបន្តិចបន្តួច ដោយសារបច្ចេកទេសកុំព្យូទ័រ ដែលបានលោតហ្វុងអក្សរប៉ុណ្ណោះ។
លោក ផេង ហេង បន្តថា រហូតមកទល់ពេលនេះ សហមេធាវីរបស់លោក កឹម សុខា បានចាក់វីដេអូបន្តពី ទី ៧ រហូតមកដល់ ១៥ និងសល់វីដេអូ ២ ឃ្លីបទៀត និងឯកសារជាភ័ស្តុតាងមួយចំនួនដែលនឹងបង្ហាញនៅថ្ងៃទី ២៣ ខែកុម្ភៈសប្តាហ៍ក្រោយនេះ។
ជាមួយគ្នានេះ រាល់ឃ្លីបវីដេអូផ្តោតសំខាន់ទៅលើគោលនយោបាយនៃការរួបរួមរវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ីដែលនិយាយពីការមិនប្រើប្រាស់អំពើហិង្សា គោលនយោបាយឆ្ពោះទៅរកការបោះឆ្នោត និង ការអភិវឌ្ឍភូមិឃុំ សង្កាត់។
បើតាម លោក ផេង ហេង នៅពេលដែលមេធាវីឆ្លើយបញ្ជាក់មិនគ្រប់ជ្រុងជ្រោយទៅលើវីដេអូឃ្លីប លោក កឹម សុខា ក៏បានជួយបំពេញបន្ថែមខ្លះដែរថាលោក បានអប់រំ ណែនាំឱ្យយុវជនដែលបន្តវេន កុំប្រកាន់យកអំពើហិង្សា បើទោះបីគេប្រើហិង្សាក៏ដោយ ក៏មិនត្រូវប្រើអហិង្សាជាមួយគេ ដើម្បីចូលរួមបោះឆ្នោត ខ្លឹមសារនៃកាឈ្នះ គឺជាការឈ្នះដោយកិត្តិយស មិនមែនឈ្នះដោយប្រើពាក្យអសុរោះ ឬហិង្សា និងប្រកាន់ពូជសាសន៍នោះទេ។
ក្រោយបញ្ចប់សវនាការ លោក ផ្លង់ សុផល អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានី-ភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍យ៉ាងខ្លីថា «សវនាការបានដំណើរការទៅជាធម្មតា ហើយសវនាការបន្តទៀតនោះនឹងត្រូវធ្វើនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ាង ៨ : ៣០ នាទីព្រឹក»។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលបានចូលរួមឃ្លាំមើល និងតាមដាននៅក្នុងបន្ទប់សវនាការរបស់លោក កឹម សុខា បានថ្លែងដោយកត់សម្គាល់ថា សវនាការនេះមានការដេញដោលអំពីការស្រង់សម្ដីជាលាយលក្ខណ៍អក្សរដែលខ្វះ ឬលើសខ្លះ ពីតំណាងមេធាវីរដ្ឋាភិបាល ហើយបានពិភាក្សាអស់ជាង ៣៥ នាទីលើបញ្ហានេះ។
លោកស្រីបន្តថា ភាគីទាំង ២ បន្តចោទគ្នាទៅវិញទៅមករឿងការដេញដោលហួសនីតិវិធី ឬចេតនាពន្យារពេល និងភាពតានតឹងប៉ះពាក្យសម្ដីគ្នារវាងព្រះរាជអាជ្ញា និងមេធាវីរហូតចៅក្រមអន្តរាគមន៍ និងរំឭកមិនឱ្យភាគីឌឺដងគ្នា វាយប្រហារគ្នា។ ក្នុងនោះគួរឱ្យកត់សម្គាល់ថា មានការពោលពាក្យបែបវាយប្រហារគ្នាជាលក្ខណៈបុគ្គលលើសមត្ថភាព ចំណេះដឹង ឬបទពិសោធផងដែរ ដែលប្រការនេះមិនគួរកើតឡើងក្នុងអង្គជំនុំនោះឡើយ៕
វីដេអូ៖