ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសអាស៊ានបន្តសម្តែងការព្រួយបារម្ភចំពោះការរាយការណ៍អំពីមនុស្សស្លាប់ និងការបន្តកើតមានអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា ខណៈលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានបានប្រកាសគ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសនេះ នៅខែក្រោយក្នុងសប្តាហ៍ទី ២។
ការសម្តែងការព្រួយបារម្ភនេះធ្វើឡើងក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននាថ្ងៃទី ១៧ ខែកុម្ភៈ នៅទីក្រុងភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមិនមានវត្តមានតំណាងមីយ៉ាន់ម៉ាចូលរួម។
លោក ប្រាក់ សុខុន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៧ ខែកុម្ភៈថា៖ «យើងបានអំពាវនាវដល់អាជ្ញាធរមីយ៉ាន់ម៉ាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ធ ៥ ចំណុចរបស់អាស៊ាន។ យើងបានជំរុញឱ្យគ្រប់ភាគីទាំងអស់អត់ធ្មត់ជាអតិបរមា ហើយចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនានិងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងប្រកបដោយបរិយាប័ន្នដើម្បីផលប្រយោជន៍ប្រជាជនមីយ៉ាន់ម៉ា»។
រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងនោះក៏បានពិភាក្សាអំពីរបៀបសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ាដល់អ្នកដែលត្រូវការបំផុត ដោយផ្អែកលើគោលការណ៍មនុស្សធម៌ អព្យាក្រឹតភាព និងភាពមិនលម្អៀង។
លោក ប្រាក់ សុខុន ថ្លែងថា អាស៊ាន ចង់ជួយមីយ៉ាន់ម៉ាឱ្យចាកផុតពីវិបត្តិដែលបានក្លាយជាវិបត្តិនយោបាយ សន្តិសុខ សេដ្ឋកិច្ច មនុស្សធម៌ និងសុខាភិបាល។ ក្នុងរយៈពេល ១ ឆ្នាំក្រោយវិបត្តិនេះចំនួនប្រជាជនដែលបានផ្លាស់ទីលំនៅមានរហូតដល់ទៅ ៤០ ម៉ឺននាក់ ដែលថែមពីលើចំនួនជនភៀសខ្លួន ដែលមានស្រាប់ដែលទៅជ្រកកោននៅប្រទេសបង់ក្លាដែសជាង ១ លាននាក់។
លោកថ្លែងថា៖ «អ៊ីចឹង វិបត្តិមនុស្សធម៌ហ្នឹងវាគឺជាបញ្ហាសំខាន់។ មានក្រុមប្រជាជនខ្លះក៏ត្រូវការជំនួយមនុស្សធម៌ខ្លាំងដែរ។ អ៊ីចឹងហើយបានយើងយកបញ្ហាមនុស្សធម៌ជូនចំពោះប្រជាជនមីយ៉ាន់ម៉ាហ្នឹងជារឿងធំ ព្រោះបញ្ហាមនុស្សធម៌គឺជាចំណុចទី ៤ នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន»។
លោក ប្រាក់ សុខុន បានប្រកាសថា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ ២០២២ លោកគ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅសប្តាហ៍ទី ២ នៃខែមីនា បន្ទាប់ពីលោកវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុបវិញ។ ប៉ុន្តែ កាលបរិច្ឆេទជាក់លាក់គឺអាស្រ័យលើចម្លើយរបស់ទីក្រុងណៃពិដោ។ លោកបន្តថា ការបំពេញទស្សនកិច្ចនេះគឺធ្វើយ៉ាងណាឱ្យបានជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ ប៉ុន្តែមិនគ្រប់ភាគីទាំងអស់នោះទេ ដោយក្នុងនោះលោកនឹងស្នើសុំជួបជាមួយមេដឹកនាំយោធាលោក មីន អ៊ុងឡាំង (Min Aung Hlaing) និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វុនណា ម៉ោងលីន (Wunna Maung Lwin) រួមទាំងឥស្សរជនផ្សេងៗទៀតដែលខាងទីក្រុងណៃពិដោនឹងរៀបចំសម្រួលឱ្យជួប។
រដ្ឋមន្ត្រីបញ្ជាក់ថា៖ «ហើយខ្ញុំនឹងទៅទីក្រុងយ៉ាងហ្គូន ដើម្បីទៅចូលរួមចែកជំនួយមនុស្សធម៌ ដល់មន្ទីរពេទ្យមួយកន្លែង។ នេះជាគម្រោង។ យើងធ្វើយ៉ាងណាធានាថា ជំនួយខាងអាស៊ានផ្តល់ទៅឱ្យមីយ៉ាន់ម៉ាគឺបានទៅដល់ដៃអ្នកដែលត្រូវការនៅក្នុងមន្ទីរពេទ្យហ្នឹងតែម្តង ឯទីកន្លែងផ្សេងទៀត អាស្រ័យទៅលើពេលវេលា»។
លោកបន្តថា៖ «ហើយខ្ញុំទៅដល់ទីនោះក៏ខ្ញុំនឹងស្នើជួបជាមួយឥស្សរជនមួយចំនួនដែរ ហើយជាពិសេសជួបជាមួយនឹងឯកអគ្គរដ្ឋទូតអាស៊ានទាំងអស់ ដែលប្រចាំនៅទីក្រុងយ៉ាងហ្គូនព្រោះអគ្គរដ្ឋទូតនៅទីនោះ គេតាមដានព័ត៌មាន គេតាមដានសភាពការណ៍ គេក្តាប់សភាពការណ៍ គេអាចមានជាយោបល់ដើម្បីឱ្យយើងបានធ្វើការវាយតម្លៃឱ្យបានត្រឹមត្រូវ»៕
វីដេអូ៖