ក្រចេះ៖ អង្គការ WCS សហការជាមួយខណ្ឌរដ្ឋបាលជលផលក្រចេះ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះបានលែងកូនកន្ធាយក្បាលកង្កែបចំនួន ៥១ ក្បាលផ្សេងទៀត ចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរខេត្តក្រចេះ។ នេះបើយោងតាមអង្គការ WCS នៅថ្ងៃសុក្រ ទី ១៨ ខែកុម្ភៈនេះ។
ពិធិលែងនេះបានរៀបចំធ្វើឡើងនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ដោយមានការអញ្ជើញចូលរួមពី លោកកែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំកម្ពុជា លោកអ៉ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ ក្រុមការពារសម្បុក សហគមន៍ និងអង្គការ WCS។
កូនកន្ធាយ(ឬល្មិច)ទាំងនោះ ត្រូវបានក្រុមការពារសម្បុកសហគមន៍ ប្រមូលយកពីលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គក្រោយពីវាបានញាស់ចេញពីសម្បុកភ្លាម។ បន្ទាប់មក ពួកគេបានយកវាទៅចិញ្ចឹមថែទាំរយៈពេលពី២ទៅ៤សប្តាហ៍បន្តទៀត ទើបលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ។
រៀងរាល់ឆ្នាំកន្ធាយក្បាលកង្កែបចាប់ផ្តើមបង្កកំណើតចន្លោះពីខែវិច្ឆិកា ដល់ ខែមិថុនា។ ក្នុងរដូវពងកូនឆ្នាំនេះ គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការពារសម្បុកសហគមន៍បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន២៨សម្បុកហើយ ដែលមានពងសរុបចំនួន ៨២៣ពង។ ចំនួននេះ កើនលើស៥០% បើធៀបទៅនឹងរដូវពងកូនឆ្នាំ ២០២០-២០២១ ក្នុងរយៈពេលដូចគ្នា៕
វីដេអូ៖