ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) ចុះហត្ថលេខាលើកំណត់ហេតុដើម្បីសាងសង់អគារនៅវិទ្យាស្ថានហ្វឹកហ្វឺនសកម្មភាពកំចាត់មីនស៊ីម៉ាក់នៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរសន្តិភាពស៊ីម៉ាក់នៅខេត្តសៀមរាប។
ថ្លែងក្នុងពិធីចុះហត្ថលេខា នាថ្ងៃទី ១៨ ខែកុម្ភៈ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់វាយតម្លៃខ្ពស់ចំពោះការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ (Consultant) និងក្រុមការងារបច្ចេកទេស JICA ដែលបានខិតខំបំពេញកិច្ចការប្រកបដោយកិច្ចសហការគ្នាយ៉ាងស្អិតរមួត និងភាតរភាព យោគយល់គ្នា។
លោកថ្លែងថា៖ «នេះបង្ហាញអំពីការបេ្តជ្ញាចិត្តយ៉ាងមុតស្រួច ដើម្បីបុព្វហេតុមនុស្សធម៌ និងភាពរីកចម្រើនរបស់កម្ពុជា»។ នេះបើយោងតាមហ្វេសប៊ុកស៊ីម៉ាក់នាថ្ងៃទី ១៩ កុម្ភៈ។
អង្គភាពស៊ីម៉ាក់ សង្ឃឹមថា អគារទាំងឡាយដែលស្ថិតនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង និងសារមន្ទីរសន្តិភាពសកម្មភាពមីននៅខេត្តសៀមរាបនឹងត្រូវឈរខ្ពស់ត្រដែត ឡើងដើម្បីបម្រើតម្រូវការវិស័យមីននៅកម្ពុជា បន្តពីឆ្នាំ ២០២៥ ទៅមុខទៀត ក្នុងគោលដៅពង្រឹងសមត្ថភាពអង្គភាពស៊ីម៉ាក់ឱ្យបន្តបេសកកម្ម ដើម្បីដោះស្រាយវិបត្តិសំណល់យុទ្ធភណ្ឌសង្គ្រាមយូរអង្វែង៕