សៀមរាបៈ អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ពិភាក្សាពីការប្រើប្រាស់ប្រព័ន្ធឌីជីថល(Digital) លើសេវាកម្មទេសចរណ៍ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងឆ្លាត (Smart City) នៅខេត្តសៀមរាប។
កិច្ចពិភាក្សានេះធ្វើឡើងនាថ្ងៃទី១៨ ខែកុម្ភៈ រវាងលោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Kai Kurimoto ប្រតិបត្តិករគោលនយោបាយ និងផែនការផ្នែកដឹកជញ្ជូន នៃនាយកដ្ឋានអភិវឌ្ឍន៍ទីក្រុង តំណាងទីភ្នាក់ងារ JICA ជប៉ុនប្រចាំកម្ពុជា។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី១៩ ខែកុម្ភៈថា ៖«នៅក្នុងជំនួបនេះ បានពិភាក្សាផ្តោតសំខាន់ទៅលើការប្រើប្រាស់ Digital របស់គម្រោងទីក្រុងឆ្លាត (Smart City) សម្រាប់ទីក្រុងសៀមរាប នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ការប្រើប្រាស់ប្រព័ន្ធ Digital ជាពិសេសលើសេវាកម្មទេសចរណ៍»។
តាមហ្វេសប៊ុកដដែលលោក ហង់ ពៅ បានពន្យល់ថា ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មទេសចរណ៍លក្ខណៈ Digital និងរាល់ការអភិវឌ្ឍនៅក្នុងតំបន់រមណីយដ្ឋានអង្គរចាំបាច់ត្រូវឆ្លងកាត់ការសិក្សា ពិនិត្យ វាយតម្លៃអំពីផលប៉ះពាល់ឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងដាក់ឆ្លងមតិយោបល់អ្នកជំនាញចំពោះកិច្ចរបស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ៕