បាត់ដំបងៈ លោក ស ខេង ជំរុញឱ្យអាជ្ញាធរខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់ ដោះស្រាយទំនាស់ដីធ្លីប្រកបដោយតម្លាភាព និងយុត្តិធម៌ ព្រមទាំងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងមេភូមិ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សដែលស្ថិតក្នុងមុខតំណែងសាធារណៈផ្សេងៗនៅតាមមូលដ្ឋានខេត្តបាត់ដំបងឱ្យបន្តខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានល្អ រួមគ្នាដោះស្រាយភាពអសកម្មទាំងឡាយដែលប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជន។ ក្នុងនោះរាប់ទាំងការដោះស្រាយ បញ្ហារំលោភដីព្រៃលិចទឹកជាប់បឹងទន្លេសាបចាប់ពីស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។
លោក ស ខេង បានណែនាំឱ្យផ្ដល់ព័ត៌មានជូនលោកអំពីបញ្ហាដែលដោះស្រាយមិនចេញ ដើម្បីចូលរួមចំណែកជំរុញការដោះស្រាយទៅតាមយន្តការដែលអាចធ្វើទៅបាន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញបែបនេះ ក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ ២០២១ និងលទ្ធផលអនុវត្តន៍ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តន៍ឆ្នាំ ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី ១៩ ខែកុម្ភៈ។
លោក ស ខេង ក៏បានជំរុញឱ្យខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។ បន្ថែមលើនោះ លោកក៏បានផ្ដល់អនុសាសន៍ជំរុញការដោះស្រាយទំនាស់ដីធ្លីប្រកបដោយតម្លាភាព និងយុត្តិធម៌ផងដែរ។
លោក ថាន់ ស៊ាន មេឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបងថ្លែងនៅថ្ងៃទី ២០ ខែកុម្ភៈថា ការបម្រើសេវាសាធារណៈនៅឃុំជ្រៃ ក្នុងពេលកន្លងមកមានភាពរលូនទៅបានល្អ ប្រជាពលរដ្ឋបានមកទទួលសេវាសាធារណៈជាបន្តបន្ទាប់រៀងរាល់ថ្ងៃទៅតាមអ្វីដែលជាតម្រូវការជាក់ស្តែង ហើយក្រុមការងារឃុំបានធ្វើការងារដោយយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋទាន់ពេលវេលា មិនគិតថ្ងៃសម្រាក ឬថ្ងៃបុណ្យនោះទេ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋបានមកទទួលសេវាសាធារណៈជារៀងរាល់ថ្ងៃដូចជា ធ្វើសំបុត្រកំណើត ឬបញ្ជាក់ឯកសារអីផ្សេងៗ ជាពិសេសក្នុងរង្វង់អត្រានុគោលដ្ឋានអីហ្នឹងបាទ។ ហើយខាងមន្ត្រីយើងហ្នឹងក៏មិនធ្វេសប្រហែសធ្វើអ្វីបណ្តាលឱ្យរាំងស្ទះការចង់បានរបស់ប្រជាពលរដ្ឋនោះទេ»។
លោកមេឃុំថា ចំពោះបញ្ហាដីធ្លីនៅឃុំជ្រៃមានបញ្ហាប្រឈមនៅក្នុងតំបន់មួយចំនួនដែរ ប៉ុន្តែអាជ្ញាធរឃុំបានប្រកាសឱ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធប្រគល់ជូនរដ្ឋវិញ ដែលជាការឆ្លើយតបមានប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញជាបន្តបន្ទាប់ ហើយអាជ្ញាធរឃុំ ក៏ដូចជាស្រុក ចុះទៅដាំកូនឈើ កូនត្នោតបានមួយចំនួនផងដែរ។
លោកថា៖ «យើងបានបំផុសឱ្យពួកគាត់ចូលមកប្រគល់ដីធ្លីជូនមករដ្ឋវិញបើគិតទៅបាន ១ ពាន់ហិកតាលើសបន្តិចដែរ ស្មើនឹង ១១៩ គ្រួសារ»។
លោក លោក សឿង ថែម មេប៉ុស្តិ៍រដ្ឋបាលឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី ២០ ខែកុម្ភៈថា ការបម្រើសេវាជូនប្រជាពលរដ្ឋមិនមានបញ្ហា ប៉ុន្តែកម្លាំងមន្ត្រីប៉ុស្តិ៍នៅមានការខ្វះខាត ដែលនាំឱ្យមានការឆកល្វែងខ្លះក្នុងការឆ្លើយទៅប្រជាពលរដ្ឋហេតុនេះបើសិនជាអាច លោកចង់ឱ្យមានការបន្ថែមកម្លាំងមន្ត្រីប៉ុស្តិ៍មួយចំនួនថែមទៀត៕