ឧត្តរមានជ័យៈ ព្រះសង្ឃក្នុងព្រៃសង្ឃសហគមន៍រុក្ខវ័នអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញបរិស្ថានស្វែងរកជនប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វព្រៃ ដែលបណ្តាលឱ្យសត្វទន្សោង ១ ក្បាលងាប់ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ។ មន្ត្រីបរិស្ថានអះអាងថា មន្ត្រីជំនាញកំពុងដុតដៃដុតជើង ស្វែងរកជនប្រព្រឹត្តបទល្មើស និងកំពុងល្បាតពិនិត្យឡើងវិញនៅជុំវិញតំបន់កើតហេតុនោះ។
ព្រះសង្ឃ ព្រះនាម ថូ ធូរស់ ប្រធានស្តីទីព្រៃសង្ឃសហគមន៍រុក្ខវ័នបានមានថេរដីកា នៅថ្ងៃទី ២០ ខែកុម្ភៈ ថា អ្នកល្បាតក្នុងព្រៃសង្ឃសហគមន៍-រុក្ខវ័នម្នាក់បានជួបក្រុមជនប្រព្រឹត្តបទល្មើសមានគ្នាប្រហែល ៦ នាក់ កំពុងវាយសម្លាប់សត្វទន្សោង ១ ក្បាលជាប់អន្ទាក់ជើងក្រោយផ្នែកខាងស្តាំ ស្លាប់ក្នុងភូមិសាស្ត្រព្រៃសន្លុង ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២។
ព្រះសង្ឃរុក្ខវ័នបញ្ជាក់ថា៖ «ក្រុមការងារយើងបានឮសំឡេងឆ្កែព្រុស ក៏ទៅមើលឃើញជនល្មើសកំពុងតែវ៉ៃយកស្នែងសត្វទន្សោងស្លាប់។ ក្រុមជនល្មើសមានគ្នា ៤ ទៅ ៦ នាក់ បានឃើញក្រុមការងារយើងមុន ក៏គេចខ្លួនបាត់ទៅ»។
ព្រះអង្គបានបន្តថា សាកសពសត្វទន្សោងនោះបានដឹកយកមកបញ្ចុះបង្សុកូលនៅទីស្នាក់ការកណ្តាលសហគមន៍រួច នៅវេលាម៉ោង ៦ និង ៤៥ នាទីថ្ងៃ ខែឆ្នាំដដែល។ នេះជាករណីលើកទី ១ ក្នុងឆ្នាំ ២០២២ ដែលរកឃើញទន្សោងងាប់ក្នុងព្រៃសង្ឃសហគមន៍រុក្ខវ័ន បន្ទាប់ពីឆ្នាំមុនមានទន្សោង ៣ ក្បាលបានងាប់ក្នុងព្រៃសហគមន៍នេះ។
សត្វព្រៃក្នុងព្រៃសង្ឃសហគមន៍រុក្ខវ័នប្រឈមនឹងការបាត់បង់ជារៀងរាល់ថ្ងៃ ដោយសារការដាក់អន្ទាក់ បរបាញ់ ឬឆក់ពីសំណាក់ជនប្រព្រឹត្តបទល្មើស។ ព្រះអង្គមានការព្រួយបារម្ភជាខ្លាំងចំពោះការបាត់បង់សត្វកាន់តែច្រើនថែមទៀត បើសិនជាមិនមានការចាប់បង្ក្រាបជនប្រព្រឹត្តបទល្មើសយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ នេះជាការបញ្ជាក់របស់ព្រះអង្គ។
ព្រះអង្គមានថេរដីកាថា៖ «អាត្មាសូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសសមត្ថកិច្ចជំនាញធ្វើយ៉ាងម៉េច គឺតាមរកជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យបានសុក្រឹតអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង កុំឱ្យអ្នកដទៃផ្សេងទៀតបានចិត្ត។ បានន័យថា ជនល្មើស ប៉ុន្តែមិនមានច្បាប់ ឬក៏មិនបានយកគាត់មកអនុវត្តទោសទៅតាមផ្លូវច្បាប់ អ៊ីចឹងថ្ងៃក្រោយគាត់នៅតែបន្តប្រព្រឹត្តបទល្មើសទៀត»។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានថ្លែងនៅថ្ងៃទី ២០ ខែកុម្ភៈថា ចំពោះករណីទន្សោង ១ ក្បាលងាប់ក្នុងព្រៃសង្ឃសហគមន៍រុក្ខវ័ននេះ មន្ត្រីជំនាញបរិស្ថានបានរៀបចំសំណុំឯកសាររួចរាល់ហើយ ដើម្បីបញ្ជូនសំណុំរឿងជាអញ្ញត្តិជនទៅតុលាការ។
ចំណែកការស៊ើបអង្កេត លោក លីណា បានបញ្ជាក់ថា មន្ត្រីជំនាញបរិស្ថានកំពុងដុតដៃដុតជើងក្នុងការបំពេញភារកិច្ចស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស។ មន្ត្រីក៏បានដាក់ផែនការរួចរាល់ហើយដើម្បីពិនិត្យឡើងវិញទាំងអស់តាមបណ្តាដងអូរផ្សេងៗ ដែលស្ថិតក្នុងតំបន់នោះ។ ប៉ុន្តែលោកបញ្ជាក់ ដែរថា តាមការសង្កេតជាក់ស្តែងកន្លងមក ជាធម្មតារដូវនេះ គឺមិនមានអន្ទាក់ទេ ព្រោះជារដូវភ្លើងឆេះព្រៃ។
លោកប្រធានមន្ទីរថ្លែងថា៖ «យើងត្រូវតែមានផែនការតឹងរ៉ឹងបន្ថែមទៀតដែលនឹងធ្វើការត្រួតពិនិត្យទាំងអស់តាមបណ្តាដងអូរ មាត់អូរដែលមានប្រភពទឹក ខ្លាចក្រែងមានការលបលួចដាក់ថ្មី»។
លោក ភួង លីណា បានប្រាប់ថា ការចុះពិនិត្យឡើងវិញនេះ ប្រើប្រាស់កម្លាំងមន្ត្រីបរិស្ថាននៅទីនោះ ដើម្បីចល័តពីស្នាក់ការមួយទៅស្នាក់ការមួយបន្ថែមទៅលើគោលដៅ ដែលមានភាពចាំបាច់ ដោយប្រើកម្លាំងមន្ត្រីឧទ្យានុរក្សចំនួន ៦ រូប និងមន្ត្រីកិច្ចសន្យាចំនួន ៦ រូប។
លោកបាននិយាយថា មន្ត្រីទាំង ១២ នាក់នេះ ក៏នឹងធ្វើយុទ្ធនាការផ្សេងៗជាច្រើនទៀត ក្រៅពីគោលដៅ ដែលកំពុងមានបញ្ហា ព្រោះមានការព្រួយបារម្ភ ចំពោះការទន្ទ្រានរុករានកាន់កាប់ដី៕