ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) ចុះហត្ថលេខាលើកំណត់ហេតុលើគំនូសប្លង់បច្ចេកទេសសំណង់អគារដែលត្រូវសាងសង់នៅវិទ្យាស្ថានហ្វឹកហ្វឺនសកម្មភាពកម្ចាត់មីនស៊ីម៉ាក់នៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរសន្តិភាពស៊ីម៉ាក់នៅខេត្តសៀមរាប។
ថ្លែងក្នុងពិធីចុះហត្ថលេខានាថ្ងៃទី ១៨ កុម្ភៈ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់វាយតម្លៃខ្ពស់ ចំពោះការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ (Consultant) និងក្រុមការងារបច្ចេកទេស JICA ដែលបានខិតខំបំពេញកិច្ចការប្រកបដោយកិច្ចសហការគ្នាយ៉ាងស្អិតល្មួត និងភាតរភាព យោគយល់គ្នា។ លោកថា៖ «នេះបង្ហាញអំពីការបេ្តជ្ញាចិត្តយ៉ាងមុតស្រួចដើម្បីបុព្វហេតុមនុស្សធម៌ និងភាពរីកចម្រើនរបស់កម្ពុជា»។ នេះបើយោងតាមហ្វេសប៊ុកស៊ីម៉ាក់នាថ្ងៃទី ១៩ កុម្ភៈ។
ស៊ីម៉ាក់សង្ឃឹមថា អគារទាំងឡាយ ដែលស្ថិតនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនខេត្តកំពង់ឆ្នាំង និងសារមន្ទីរសន្តិភាពសកម្មភាពមីននៅខេត្តសៀមរាបនឹងត្រូវឈរខ្ពស់ត្រដែតឡើង ដើម្បីបម្រើតម្រូវការវិស័យមីននៅកម្ពុជា បន្តពីឆ្នាំ ២០២៥ ទៅមុខទៀតក្នុងគោលដៅពង្រឹងសមត្ថភាពអង្គភាពស៊ីម៉ាក់ឱ្យបន្តបេសកកម្ម ដើម្បីដោះស្រាយវិបត្តិសំណល់យុទ្ធភណ្ឌសង្គ្រាមយូរអង្វែង។
លោក ហេង រតនា ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី ២០ ខែកុម្ភៈថា នេះគឺជារបាយការណ៍កំណត់ហេតុលើការសិក្សាស្រាវជ្រាវព័ត៌មានដែលកំណត់តម្រូវរបស់អង្គភាពស៊ីម៉ាក់សម្រាប់ការសាងសង់អគារនាពេលខាងមុខ។
លោកថា៖ «ជារបាយការណ៍អ្នកបច្ចេកទេស។ Consultant ដែលគេសិក្សាវាយតម្លៃ [សម្រាប់] តម្រូវការរបស់យើង [អគារ] រាងម៉េចអីម៉េច ហើយសាងសង់របៀបម៉េច អីចឹងអាហ្នឹងគេសិក្សាហើយបានយកទៅឱ្យរដ្ឋាភិបាល-ជប៉ុនសម្រេច»។
លោក ហេង រតនា ថ្លែងថា ការសាងសង់អគារទាំងនេះគឺដោយសារតែតម្រូវការរបស់អង្គភាពស៊ីម៉ាក់ដែលនឹងប្រើប្រាស់អគារទាំងនេះ ដើម្បីបម្រើការងារហ្វឹកហ្វឺនរបស់អង្គភាពស៊ីម៉ាក់ទៅថ្ងៃមុខទៀត។
កាលថ្ងៃទី ១០ កុម្ភ: លោក រតនា បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ជប៉ុនរបស់ JICA ក្នុងការចុះសិក្សាវាយតម្លៃពីទីតាំង តម្រូវការ និងរូបរាងអគារផ្សេងៗ ដែលនឹងត្រូវសាងសង់នៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។
អង្គភាពស៊ីម៉ាក់បានបញ្ជាក់ថា សម្រាប់អគារសារមន្ទីរនៅខេត្តសៀមរាបដែលមានរាងគ្រាប់មីនធំជាងគេលើពិភពលោក គឺសម្រាប់បង្ហាញពិភពលោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាពីប្រទេសមានគ្រាប់មីនប្រឆាំងមនុស្សច្រើនជាងគេលើលោកមកជាប្រទេសដែលគ្មានគ្រាប់មីនប្រឆាំងមនុស្សនៅត្រឹមចុងឆ្នាំ ២០២៥៕