ភ្នំពេញៈ កម្ពុជាស្នើសុំសិង្ហបុរីបន្តជួយបណ្តុះបណ្តាលកងទ័ពជើងគោកកម្ពុជា ខណៈសិង្ហបុរីប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយោធិនកម្ពុជាមកបណ្តុះបណ្តានៅសិង្ហបុរី ក៏ដូចជាចាត់បញ្ជូនក្រុមគ្រូបង្គោលមកប្រទេសកម្ពុជា។
ការប្រកាសបែបនេះធ្វើឡើងក្នុងជំនួបរវាងលោក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ ៧០ និងលោក Frederick Choo នាយសេនាធិការកងទ័ពជើងគោកសិង្ហបុរី នៅទី ១៨ ខែកុម្ភៈ នៅប្រទេសសិង្ហបុរី ក្នុងឱកាសលោកចូលរួមកម្មវិធី Singapore Airshow ២០២២។
លោក ម៉ៅ សុផាន់ អរគុណភាគីសិង្ហបុរីដែលបានជួយផ្តល់ការហ្វឹកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងគោកកម្ពុជានាពេលកន្លងមក។
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ១៨ កុម្ភៈ ថា៖ «ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានស្នើសុំដល់ភាគីសិង្ហបុរីបន្តជួយផ្តល់វគ្គបណ្តុះបណ្តាលដល់កងទ័ពជើងគោកកម្ពុជា និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការយោធា តាមរយៈបង្កើតទំនាក់ទំនងរវាងអង្គភាពចំណុះកងទ័ពជើងគោកប្រទេសទាំង ២»។
លោក Frederick Choo ថ្លែងថា៖ «កងទ័ពជើងគោកសិង្ហបុរីត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយោធិនកម្ពុជាមកបណ្តុះបណ្តាលនៅសិង្ហបុរី ក៏ដូចជាចាត់បញ្ជូនក្រុមគ្រូបង្គោលមកប្រទេសកម្ពុជាផងដែរ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
LOLGK;Frederick Choo ថ្លែងថា ការចូលរួមរបស់ប្រតិភូកងទ័ពជើងគោកកម្ពុជាក្នុងកម្មវិធី Singapore Airshow ២០២២ នេះគឺបញ្ជាក់អំពីចំណងមិត្តភាពដ៏ល្អរវាងកងទ័ព ក៏ដូចជាប្រជាជននៃប្រទេសទាំង ២។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២០ ខែកុម្ភៈ ថា ការបណ្តុះបណ្តាលនេះជាការរួមចំណែកមួយសម្រាប់ពង្រឹង ឬអភិវឌ្ឍសមត្ថភាពកងទ័ពកម្ពុជា ហើយវាក៏បង្ហាញពីសញ្ញាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិកម្ពុជា និងសិង្ហបុរី។ លោកថា៖ «ការបណ្តុះបណ្តាលនេះ ប្រសិនបើអាចជួយបាន វាជាការប្រសើរហើយ។ វាជាផ្នែកមួយពង្រឹងសមត្ថភាពកងទ័ពយើង អ៊ីចឹង»៕