ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស ខណៈលោកលើកឡើងថា បច្ចុប្បន្នស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។
ការលើកឡើងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាពនាថ្ងៃទី ២១ កុម្ភៈ។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីបញ្ជាក់នាថ្ងៃទី ២១ កុម្ភៈ ថា៖ «សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ»។
លោកស្រី ជូ ប៊ុនអេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីបានថ្លែងថា ការអភិវឌ្ឍសមត្ថភាពស្ត្រី ជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន។
ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ស្ត្រីចំនួនជាង ២ ២០០ នាក់នៃចំនួនអ្នកចូលរួមសរុបជាង ៣ ៨០០ នាក់ បានចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស។
លោកស្រី ជូ ប៊ុនអេង បានថ្លែងបន្តថា៖ «នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងកិច្ចការនារីបានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិការបញ្ជ្រាបយេនឌ័រ និងបរិយាប័ន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ»។
លោកស្រីបន្តថា ក្នុងឆ្នាំ ២០២២ នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានសម្របសម្រួលរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ ២០២០-២០២១ និងផែនការសកម្មភាពការងារឆ្នាំ ២០២២ ដោយមានការចូលរួមផ្តល់ធាតុចូលរបាយការណ៍ពីក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងការផ្តល់យោបល់ពីក្រុមការងារបច្ចេកទេសយេនឌ័រ ព្រមទាំងការឯកភាពពីសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ លោកស្រីបញ្ជាក់ថា៖ «របាយការណ៍លទ្ធផលការងារឆ្នាំ ២០២០-២០២១ បង្ហាញពីវឌ្ឍនភាពការប្រឈមថ្មីៗ និងចំណុចសេសសល់ទាំងឡាយ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំបន្តការដោះស្រាយក្នុងបរិការណ៍នៃជំងឺកូវីដ ១៩ ដើម្បីស្តារ និងជំរុញការអភិវឌ្ឍគ្រប់វិស័យ តាមរយៈការបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព»។
លោកស្រី ជូ ប៊ុនអេង លើកឡើងថា លោក ហ៊ុន សែន បានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្ត្រីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកស្រីបញ្ជាក់ថា៖ «សម្តេចតេជោ នាយករដ្ឋមន្ត្រី ជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈក្រោមសុខសន្តិភាពជាតិ»។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីមាន ព្រះមហាក្សត្រី វររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងលោក ហ៊ុន សែន ជាអនុប្រធានកិត្តិយស។
ចាប់តាំងពីឆ្នាំ ២០០៦ មក ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីបានបើកកិច្ចប្រជុំរៀងរាល់ ១ ឆ្នាំម្តង ក្រោមអធិបតីភាពលោក ហ៊ុន សែន។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។
ក្នុងឆ្នាំ ២០២២ ក្រសួងកិច្ចការនារី នឹងរៀបចំយុទ្ធនាការអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិកូវីដ ១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីថ្មី ក៏ដូចជាកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព៕