ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះថា មិនមានតម្រូវការបិទទីក្រុងភ្នំពេញ ឬបិទគោលដៅណាមួយ ដូចកាលពីឆ្នាំ ២០២១ ដោយសារការរីករាលដាលនៃវីរុសកូវីដ ១៩ នោះឡើយ។
លោកបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជា គ្មានតម្រូវការត្រូវបិទទីក្រុង ឬខេត្ត ដោយសារកូវីដ ១៩ ទៀតនោះទេ។ ខ្ញុំលឺគេខ្សឹបខ្សៀវតាមផ្សារខ្លះថា នឹងអាចមានការបិទទីក្រុងភ្នំពេញឡើងវិញ ប៉ុន្តែខ្ញុំសុំបញ្ជាក់ ខ្ញុំសម្រេចបិទទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅកាលពីឆ្នាំទៅ នៅក្នុងពេលវេលាមួយដ៏លំបាក ដោយសារយើងមិនទាន់មានការចាក់វ៉ាក់សាំង»។
លោក ហ៊ុន សែន បានបញ្ជាក់ថា បើមានករណីឆ្លងកូវីដក្នុងតំបន់ណាមួយ គឺអាចរៀបចំបិទ ឬផ្អាកបណ្តោះអាសន្តតាមទីតាំងជាក់ស្តែង។
លោកថា៖ «ខ្ញុំសុំបញ្ជាក់ថា មិនមានការបិទប្រទេស ឬទីក្រុងនោះទេ ខ្ញុំមិនអនុវត្តវិធានការបិទខ្ទប់ទេ។ ខ្ញុំសុំប្រកាសដូចនេះដើម្បីកុំឱ្យមានការជ្រួលច្របល់ទិញអីវ៉ាន់ស្តុកទុក»៕