បន្ទាយមានជ័យៈ ប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារបានចាប់ឆ្នោតយកដីឡូត៍ នៅចំណុចបឹង ៧៥ ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយពីការដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលជិត ២០ ឆ្នាំមកហើយ។
មន្ត្រីអះអាងថា មកដល់ពេលនេះ ពលរដ្ឋបានទៅរស់នៅលើទីតាំងដីរបស់ខ្លួនទាំងនោះជាបណ្តើៗហើយ។
ការចូលរួមចាប់ឆ្នោតទទួលយកក្បាលដីឡូត៍ដែលបានព្រមព្រៀងបញ្ចប់វិវាទដ៏រ៉ាំរ៉ៃស្ថិតនៅចំណុចបឹង ៧៥ នេះបានធ្វើឡើងចាប់តាំងពីថ្ងៃទី ១៤ ខែកុម្ភ: ក្រោមមានការសម្របសម្រួលដោយផ្ទាល់ពីលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធជាច្រើនផ្សេងទៀត។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ កុម្ភៈថា សាវតារដីទំនាស់ដ៏រ៉ាំរ៉ៃនៅចំណុចបឹង ៧៥ នេះ គឺមានទំនាស់រវាងឈ្មោះ លី អ៊ុតនី (ស្លាប់) ជាមួយឈ្មោះ ព្រាប សារុន (ស្លាប់) និងឈ្មោះ គង់ ជា អស់រយៈពេលជិត ២០ ឆ្នាំមកហើយ ដោយដីមានទំនាស់នេះ ក៏ត្រូវបានទិញលក់ជាបន្តបន្ទាប់ដែលបង្កឱ្យមានជម្លោះស្មុគស្មាញ។
ក្រោយការស្រាវជ្រាវ និងតាមគោលការណ៍ឯកភាពរបស់លោកនាយករដ្ឋមន្ត្រី ក៏មានការសម្របសម្រួលជាបន្តបន្ទាប់ ក៏ឈានទៅរកដំណោះស្រាយរួមមួយ ដោយថ្នាក់ខេត្តធ្វើការបែងចែកដីទាំងនេះជាឡូត៍ ដើម្បីចែកជូនពលរដ្ឋដែលពាក់ព័ន្ធ និងធ្វើការអភិវឌ្ឍ។
លោកបញ្ជាក់ថា៖ «គាត់ចាប់ឆ្នោតរួចហើយ គាត់ចាប់ផ្តើមរើទៅទីតាំងថ្មី ហើយក្នុងពេលនេះយើងជួយគាត់ផ្លាស់ប្តូរទីតាំង។ យើងបន្តធ្វើមួយជំហានទៅមួយជំហានដើម្បីបង្វែរដីទាំងនេះទៅជាកម្មសិទ្ធិស្របច្បាប់របស់គាត់ ព្រោះជំនាញរៀបចំដែនដីកំពុងរៀបចំឯកសារដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនគាត់»។ បើតាមលោក លី សារី ការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋទាំងជាង ១ ០០០ គ្រួសារនេះ អាចនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំនេះ ក្រោយពលរដ្ឋបានរស់នៅលើទីតាំងជាក់ស្តែងចន្លោះពី ៥ ទៅ ៦ ខែខណៈក្នុងមួយគ្រួសារៗទទួលបានដី ៨ ម៉ែត្រ គុណ ២០ ម៉ែត្រ។
តាមរបាយការណ៍របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យជុំវិញដំណោះស្រាយនេះ បានឱ្យដឹងថា ទំនាស់ដីធ្លីនៅចំណុចខាងលើនេះបានកើតឡើងរវាងតំណាងក្រុមគ្រួសារលោក លី អ៊ុតនី និងភាគីពលរដ្ឋប្រមាណ ១ ២០០ គ្រួសារលើទីតាំងដីជិត ១០០ ហិកតា។
របាយការណ៍ដដែលបន្តថា ចំពោះការរៀបចំក្បាលដីឡូត៍មន្ទីររៀបចំដែនដីខេត្ត អ្នកម៉ៅការសាងសង់ដោយមានកិច្ចសហការពីប្រជាពលរដ្ឋបានចុះវាស់វែងកំណត់ព្រំដីទំហំ ៤៧ ហិកតា ដែលជាការធ្វើសម្បទានពីម្ចាស់ដីរបស់ក្រុមគ្រួសារលោក លី អ៊ុតនី សម្រាប់ប្រគល់ជូនក្រុមការងារដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ តំបន់រដ្ឋបាល សួនច្បារ ប្រឡាយទឹក ស្រះទឹក និងរៀបចំជាក្បាលដីឡូត៍ ។
ទន្ទឹមនឹងនោះដែរ ក្រុមគ្រួសារលោក លី អ៊ុតនី ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសម្រាប់ការកសាងផ្លូវទំហំទទឹង ១០ ម៉ែត្រ និង ១២ ម៉ែត្រ ដែលមានប្រវែងប្រមាណ ២៤ គីឡូម៉ែត្រ ដើម្បីធ្វើការអភិវឌ្ឍតំបន់ ៧៥ នេះ ឱ្យក្លាយទៅជាភូមិមួយមុននឹងអាជ្ញាធរខេត្តដាក់ស្នើទៅរដ្ឋាភិបាល ដើម្បីបង្កើតភូមិថ្មី។ នេះបើតាម លោក លី សារី៕