ភ្នំពេញៈ ក្រសួងសុខាភិបាលរួមនឹងអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ ១៩ បានទទូចដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពីការឆ្លងមេរោគកូវីដ ១៩ ហើយត្រូវធ្វើតេស្ត រហ័សរកអង់ទីហ្ស៊ែនកូវីដ ១៩ ប្រសិនបើសង្ស័យឆ្លងជំងឺនេះ។
លោក ឌី វិជ្ជា ប្រធានអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ ១៩ សរសេរលើបណ្តាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃទី ២០ កុម្ភៈ ដោយសុំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។
លោកបញ្ជាក់ថា៖ «សូមបន្តចូលរួមអនុវត្តវិធានការ ៣ កុំ និង ៣ ការពារ ឱ្យបានខ្ជាប់ខ្ជួន ពិសេសទទួលយកការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំ និងកាត់ផ្តាច់ចរន្តឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ ក៏ដូចជាដើម្បីមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់គ្នា»។
ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានណែនាំបន្ថែមទៀតពីការពង្រឹងការអនុវត្តវិធានការសុខាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ។ លោកក៏បានធ្វើការណែនាំឱ្យមានការធ្វើតេស្តរហ័សរកអង់ទីហ្ស៊ែនកូវីដ ១៩ បើមានការសង្ស័យឆ្លង។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ប្រសិនបើទទួលបានលទ្ធផលអវិជ្ជមានកូវីដ ១៩ ត្រូវធ្វើតេស្តរហ័សឡើងវិញ ក្នុងរយៈពេល ៧២ ម៉ោងក្រោយ ឬនៅពេលដែលមានលេចចេញនូវរោគសញ្ញាសង្ស័យ។ ក្នុងអំឡុងពេលនៃការសង្ស័យត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ស្នាក់នៅដាច់ដោយឡែក និងរក្សាអនាម័យដៃ និងផ្លូវដង្ហើម និងអនុវត្តខ្ជាប់ខ្ជួននូវគម្លាតសុវត្ថិភាពបុគ្គល»។
លោកក៏បានប្រាប់ឱ្យពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ឬក្រុមគ្រូពេទ្យនៅតាមមូលដ្ឋាន អ្នករស់នៅជាចាំបាច់ ដើម្បីទទួលបានការណែនាំពីការព្យាបាលបានត្រឹមត្រូវ និងអាចជួយអន្តរាគមន៍បានទាន់ពេលវេលា នៅពេលមានបញ្ហាជាយថាហេតុ។
លោក ម៉ម ប៊ុនហេង បញ្ជាក់ថា៖ «ទោះបីជាមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា វីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងមានសភាពស្រាលក្តី តែយើងមិនត្រូវមើលរំលងពីលទ្ធភាពនៃការវ៉ៃលុកនៃវីរុសកូរីដ ១៩ ដែលអាចឱ្យមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់បានដែរ»។
អ្នកជំងឺកូវីដ ១៩ អូមីក្រុងនេះ ក៏អាចមានរោគសញ្ញាដែលអាចនាំឱ្យវិវឌ្ឍទៅជាធ្ងន់ធ្ងរ ដូចជាហត់ ឬពិបាកដកដង្ហើមជាដើម ដែលចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។ សូមកុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញាដូចជា ថប់ៗហត់ ឬពិបាកដកដង្ហើម ឬមិនមានការវិវឌ្ឍប្រសើរឡើងនៃស្ថានភាពសុខភាព ក្រោយពីព្យាបាលនៅផ្ទះបានមួយរយៈពេល។ នេះបើតាមការបញ្ជាក់ពីលោក ម៉ម ប៊ុនហេង។
លោកលើកទឹកចិត្តដល់អ្នករៀបចំកម្មវិធី និងអ្នកចូលរួមទាំងអស់ធ្វើតេស្តរហ័សរកអង់ទីហ្ស៊ែនកូវីដ ១៩ ដោយខ្លួនឯងមុននឹងទៅចូលរួមកម្មវិធីជួបជុំក្នុងកម្រិតអប្បបរមាណាមួយ និងមិនត្រូវទៅចូលរួមកម្មវិធីណាមួយនោះ ក្នុងករណីដែលបុគ្គលខ្លួនឯង មិនមានសុវត្ថិភាព ឬមានរោគសញ្ញា សង្ស័យជំងឺកូវីដ ១៩។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ម្ចាស់កម្មវិធីត្រូវចាត់ចែងឱ្យមានការពិនិត្យលើបណ្ណចាក់វ៉ាក់សាំងកូវីដ ១៩ និងយកសំណាកធ្វើតេស្តអ្នកដែលពុំទាន់បានធ្វើតេស្តរហ័ស មុនអនុញ្ញាតឱ្យចូលរួមកម្មវិធី ដោយត្រូវរៀបចំ ក្រុមការងារដែលមានសុខភាពល្អ ចេះធ្វើតេស្តរហ័ស»។
អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន ក៏បានឱ្យដឹងដែរថា វីរុសកូវីដ ១៩ បំប្លែងថ្មី អូមីក្រុង បានឆ្លងចូលសហគមន៍មានជាង ៥ ៨០០ ករណីហើយ។ ឯការឆ្លងនេះក៏នៅតែបន្តរកឃើញជារៀងរាល់ថ្ងៃផងដែរ។
លោកស្រីបន្តថា ក្នុងការរៀនរស់ជាមួយនឹងវត្តមានរបស់មេរោគកូវីដ ១៩ ធ្វើឱ្យពួកគាត់ហាក់ដូចជាភ្លេចខ្លួន ដោយពួកគាត់គិតថា រស់នៅធម្មតាតែបែរជាភ្លេចថា តាមបែបប្រក្រតីភាពថ្មី។
លោកស្រី ឱ វណ្ណឌីន បានថ្លែងថា៖ «គាត់ចាំតែពាក្យថា រស់នៅធម្មតា តែពួកគាត់ភ្លេចថា ប្រក្រតីភាពថ្មី ដែលត្រង់នេះហើយ ធ្វើឱ្យការអនុវត្តវិធានការ ៣ ការពារ ពិសេស ៣ កុំ គឺខ្វះចន្លោះខ្លាំងមែនទែន ដូចជាកំណើននៃការជួបជុំមានការកើនឡើងច្រើន ហើយចំនួនមនុស្សដែលចូលរួមក្នុងព្រឹត្តិការណ៍ ឬពិធីនីមួយៗក៏កាន់តែច្រើនផងដែរ»។
ជាមួយគ្នានេះ លោកស្រីក៏បានព្រមានពីចំនួននៃការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ ប្រភេទអូមីក្រុងនេះ អាចនឹងកើនពីចំនួន ៣ ខ្ទង់ទៅចំនួន ៤ ខ្ទង់ក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើប្រជាពលរដ្ឋនៅតែមិនបន្តអនុវត្តវិធានការការពារនោះទេ។
ដោយឡែក នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកទៅទិញថ្នាំព្យាបាលជំងឺកូវីដ ១៩ ដោយមានទាំងអ្នកដែលមានបងប្អូនឆ្លងជំងឺកូវីដ និងទាំងអ្នកដែលទិញសម្រាប់ទុកប្រើប្រាស់ផងដែរ។
លោកស្រី ឱ វណ្ណឌីន បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែកុម្ភៈ ថា ថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ ១៩ មានច្រើនប្រភេទ តែវាជាប្រភេទថ្នាំតែមួយទេ គ្រាន់តែការផលិត ដោយរោងចក្រផ្សេងៗ។
លោកស្រីបញ្ជាក់ថា៖ «នៅកម្ពុជា សូមប្រើប្រាស់តែប្រភេទ ដែលមានបញ្ជិកាទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវ ដោយនៅលើប្រអប់ថ្នាំមានបិទវីញ៉ែត លេខបញ្ជិកាត្រឹមត្រូវ ព្រោះមានប្រភេទដែលលក់ខុសច្បាប់ ដូចជាមានសម្បកប្រអប់ពណ៌ក្រហមៗជាដើម»។
អ្នកស្រី ដានី ដែលបានទៅទិញថ្នាំព្យាបាលជំងឺកូវីដ ១៩ ប្រភេទ Molnupiravir នៅឯក្រសួងប្រៃសណីយ៍បានប្រាប់ថា បងប្រុស បងស្រីរបស់គាត់បានឆ្លងមេរោគកូវីដ ១៩។ ដូចនេះហើយបានជាគាត់ត្រូវមកទិញថ្នាំនេះ សម្រាប់ផ្ញើឱ្យពួកគាត់លេប។
អ្នកស្រីនិយាយថា៖ «ខ្ញុំមករកទិញនៅក្រសួងផ្ទាល់ដើម្បីប្រាកដថា វាជាថ្នាំសុទ្ធ។ ខ្ញុំមិនហ៊ានទិញនៅតាមហ្វាម៉ាស៊ីដោយសារខ្លាចមិនមានគុណភាពល្អដូចក្រសួងលក់»។
ចំណែកអ្នកទិញម្នាក់ទៀតដែលសុំមិនឱ្យបញ្ចេញឈ្មោះឱ្យដឹងថា លោកបានមករង់ចាំទិញថ្នាំនៅក្រសួងតាំងពីម៉ោង ៩ ព្រឹករហូតដល់ម៉ោងជាង ១១ ទើបទិញបាន ២ ប្រអប់។ លោកនិយាយថា មានមនុស្សច្រើនណាស់បានមកឈរតម្រង់ជួរគ្នាដើម្បីទិញថ្នាំនេះ។
លោកប្រាប់ថា៖ «គ្រួសារខ្ញុំមិនទាន់មានអ្នកឆ្លងទេ តែខ្ញុំទិញសម្រាប់ទុកសាគួ ក្នុងករណីមានការឆ្លងជំងឺនេះ។ ខ្ញុំទិញបាន ២ ប្រអប់នេះ តម្លៃ ១១០ ដុល្លារ»។
ទាក់ទងនឹងការព្យាបាលសម្រាប់អ្នកជំងឺកូវីដ ១៩ កម្រិតស្រាលមានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា លោក ម៉ម ប៊ុនហេង ណែនាំឱ្យអ្នកជំងឺអាចធ្វើការថែទាំព្យាបាលជំងឺដោយខ្លួនឯងនៅផ្ទះ ដោយប្រើឱសថព្យាបាលតាមរោគសញ្ញាតាមការចាំបាច់ និង/ឬប្រើឱសថ ប្រឆាំងវីរុស ដូចជា ម៉ូលនូពីរ៉ាវា កាប់ស៊ុល 200 មិល្លីក្រាម (Molnupiravir Capsules 200mg) ជាដើម។
លោកបញ្ជាក់ថា៖ «កម្រិតដូសប្រើប្រាស់ គឺលេបម្ដង ៤ គ្រាប់ (កម្រិត ២០០ មិល្លីក្រាម ក្នុង ១ គ្រាប់) លេបរៀងរាល់ ១២ ម៉ោងម្តង សម្រាប់រយៈពេល ៥ ថ្ងៃ បន្តបន្ទាប់។ គួរប្រើ Molnupiravir ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្ស៊ែនកូវីដ ១៩ ឃើញវិជ្ជមាន»។
សម្រាប់ឱសថ ម៉ូលនូពីរ៉ាវា កាប់ស៊ុល 200 មិល្លីក្រាមមិនអនុញ្ញាតឱ្យប្រើចំពោះស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ មនុស្សអាយុក្រោម ១៨ ឆ្នាំ និងស្ត្រីបំបៅដោះកូនឡើយ៕