សៀមរាបៈ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានស្វាគមន៍ឱ្យបើកការស៊ើបអង្កេត និងធ្វើអធិការកិច្ចពីសំណាក់រដ្ឋបាលខេត្ត ឬស្ថាប័នមានសមត្ថកិច្ចណាមួយ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ យុត្ដិធម៌ ករណី លោកស្រី លី អ៊ុំអេង ចោទប្រកាន់ និងប្ដឹងរូបលោកក្នុងបទចោទ «ញុះញង់រំលោភលើកម្មសិទ្ធិឯកជន និងបទមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការ» លើករណីវិវាទដីធ្លី ១ កន្លែងមានទំហំ ២០០ ហិកតា។
លោក ឃឹម ហ្វីណង់ ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២០ កុម្ភៈថា ទាក់ទងនឹងការចោទប្រកាន់ និងបណ្ដឹងរបស់លោក ស្រី លី អ៊ុំអេង មកលើរូបលោក ក្នុងពេលរដ្ឋបាលស្រុកបន្ទាយស្រីកំពុងដោះស្រាយវិវាទដីធ្លីក្នុងមូលដ្ឋានរបស់ខ្លួននេះ គឺលោកនៅតែបន្តធ្វើកិច្ចការងារនេះ មិនថា កាលៈទេសៈ ឬហេតុផលណា មានពាក្យបណ្ដឹង ឬគ្មានពាក្យបណ្ដឹងនោះទេ។
លោកថ្លែងថា៖ «យើងនឹងបន្តធ្វើហើយចំណុចណាដែលលោកស្រី លី អ៊ុំអេង ត្រឹមត្រូវ យើងនឹងថែរក្សាភាពត្រឹមត្រូវរបស់គាត់ ហើយចំណុចណាដែលគាត់មិនត្រឹមត្រូវ យើងត្រូវបដិសេធចំណុចមិនត្រឹមត្រូវរបស់គាត់ ហើយយើងនឹងបន្តធ្វើវាក្នុងគោលការណ៍អព្យាក្រឹត្យ តម្លាភាព និងយុត្តិធម៌ សម្រាប់ភាគីទាំងសងខាង។ ដោយសារដីនេះជាដីគម្របព្រៃឈើឆ្នាំ ២០០២ នោះការសម្រេចចុងក្រោយ គឺនៅលើរាជរដ្ឋាភិបាលទេ ថាតើគួរកាត់ឆ្វៀលដែរឬទេ?»។
លោកបន្តថា រាល់សកម្មភាព ទង្វើ និងការសម្រេចចិត្ដរបស់លោកធ្វើឡើងក្នុងនាមតំណាងឱ្យអាជ្ញាធរមូលដ្ឋាន តំណាងឱ្យរដ្ឋបាលស្រុក ហើយជាផ្នែកមួយ នៃរាជរដ្ឋាភិបាលដែលជាតួអង្គនីតិប្រតិបត្ដិ។ ដូច្នេះរាល់កំហុសមានន័យថា មិនមែនជាកំហុសបុគ្គលទេតែជាកំហុសរបស់ស្ថាប័ន។ ប៉ុន្ដែក្នុងនាមជាតួអង្គម្នាក់ ដែលទទួលបានតួនាទី និងតំណែងក្នុងការបំពេញតួនាទី ដូច្នេះបើមានកំហុសគឺជាកំហុសក្នុងការបំពេញតួនាទី។ ប៉ុន្ដែបើសិនជាអ្នកបំពេញតួនាទីនោះ មានកំហុសលោកមិនខ្លាចនឹងទទួលខុសត្រូវទេ ពីព្រោះជាកំហុសរបស់លោកហើយលោកត្រៀមខ្លួនជានិច្ច ដើម្បីទទួលខុសត្រូវចំពោះរាល់ការរកឃើញកំហុសណាមួយ។
លោកថ្លែងថា៖ «ខ្ញុំស្វាគមន៍ទៀតថា តើមានស្ថាប័នណា ដើម្បីធ្វើការត្រួតពិនិត្យ ធ្វើអធិការកិច្ចថាតើ ពិតជាមានកំហុសមែនឬយ៉ាងណាពីព្រោះពេលខ្លះខ្ញុំក៏អត់ដឹងដែរ ប៉ុន្ដែអ្វីដែលយើងបានធ្វើគឺដោយឆន្ទៈ និងចេតនា គឺយើងដោះស្រាយ ហើយយើងជឿជាក់ថា យើងធ្វើតាមផ្លូវច្បាប់ទាំងស្រុង»។
លោកបន្តថា៖ «ខ្ញុំសូមស្វាគមន៍ការបើកស៊ើបអង្កេត និងការធ្វើអធិការកិច្ចលើករណីនេះពីសំណាក់រដ្ឋបាលខេត្ត ឬស្ថាប័នមានសមត្ថកិច្ចណាមួយ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំ និងផ្តល់យុត្តិធម៌ដល់ការបំពេញតួនាទីរដ្ឋបាលរបស់មន្ត្រីរាជការទាំងអស់ ហើយខ្ញុំត្រៀមខ្លួននឹងចាកចេញពីតួនាទីរបស់ខ្ញុំ និងទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះមុខច្បាប់ ប្រសិនបើរកឃើញថា មានកំហុស និងបានប្រព្រឹត្តដូចការចោទប្រកាន់របស់លោកស្រី លី អ៊ុំអេង ពិតមែន»។
លោកស្រី អ៊ុំ អេង នៅថ្ងៃទី ២០ កុម្ភៈ បានថ្លែងថា លោកស្រី មិនអាចបកស្រាយបានទេ ដោយសារកំពុងរវល់ជួបប្រជុំ។ ប៉ុន្ដែបើតាមពាក្យបណ្ដឹងរបស់លោកស្រី ប្ដឹងលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ទៅអយ្យការអមសាលាដំបូងខេត្ដសៀមរាបកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ពីបទចោទ «ញុះញង់ រំលោភលើកម្មសិទ្ធិឯកជន និងបទមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ ២០០៣ លោកស្រី បានទិញដី ១ កន្លែង មានទំហំ សរុប ( ២០០ ហិកតា ) មានទីតាំងស្ថិតក្នុងភូមិរវៀងតាទុំ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ដីនោះទិញពី ឈ្មោះ លឹម ជក់ ភេទប្រុស អាយុប្រហែល ៦០ ឆ្នាំមុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិ រវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រីទំហំ ៥០ ០០០ ម៉ែត្រការ៉េ និងទិញពីឈ្មោះ ញ៉ាវ ណុល ភេទប្រុស អាយុប្រហែល ៧០ ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិរវៀងតាទុំ ឃុំរំចេក ទំហំ ៥០ ០០០ ម៉ែត្រការ៉េ និងទិញពីឈ្មោះ ម៉ាញ ឡំ ភេទប្រុស អាយុ ប្រហែល ៤៧ ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិរវៀងតាទុំ ឃុំរំចេក ទំហំ ៥០ ០០០ ម៉ែត្រការ៉េ ទិញពីឈ្មោះ ឡាច ខឿន ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ ធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិរវៀងតាទុំ ឃុំរំចេក ទំហំ ៥០ ០០០ ម៉ែត្រការ៉េ និងប្រជាពលរដ្ឋផ្សេងទៀត ដែលរស់នៅក្នុងភូមិរវៀងតាទុំដោយបានផ្តិតមេដៃផ្ទេរសិទិ្ធត្រឹមត្រូវ។
លោកស្រីបញ្ជាក់ថា៖ «ដីខាងលើនេះនាងខ្ញុំដាក់ឈ្មោះកូនស្រីនាងខ្ញុំ ឈ្មោះ លី សេងឆៃ ភេទស្រី អាយុ ៣៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និង នាងខ្ញុំជាម្ចាស់កម្មសិទ្ធិ ចុះហត្ថលេខាទទួលស្គាល់ ដោយលោកមេភូមិ និងមេឃុំ និងលោក អ៊ន់ វង្ស ជាអតីតអភិបាលស្រុកបន្ទាយស្រី រហូតដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០៣ ការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបន្ទាយស្រី បានចេញបង្កាន់ដៃទទួលពាក្យ ដែលមានលេខ ៩៦១, ៩៦៨, ៩៧២ ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០៣ ជាដើម។ ក្រោយពេលទិញបានហើយនាងខ្ញុំបានឈូសឆាយ បោះបង្គោលព្រំដីកាន់កាប់រហូតមកដល់ពេលនេះ»៕
វីដេអូ៖