បាត់ដំបងៈ មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតសហការជាមួយមន្ត្រីល្បាត MJP និងមន្ត្រីមកពីក្រសួងបរិស្ថានបានរួមគ្នាដោះម៉ាស៊ីនថតស្វ័យប្រវត្តិតាមដានសត្វព្រៃចំនួន ៤ ទីតាំងផ្សេងគ្នា ដើម្បីពិនិត្យមើលសកម្មភាពសត្វព្រៃ ដោយបានប្រទះឃើញសត្វព្រៃកម្រៗជាច្រើនប្រភេទ ដែលកំពុងរស់នៅទីនោះ។
តាមទំព័រហ្វេសប៊ុរបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២០ កុម្ភៈថា មន្ត្រីបានដោះម៉ាស៊ីនថតស្វ័យប្រវត្តិតាមដានសត្វព្រៃ នៅក្នុងតំបន់ការពារមានចំនួន ៤ ទីតាំង គឺនៅភូមិសាស្ត្រភ្នំសា រួមមានចំនួន ៥ កាមេរ៉ា និងភូមិសាស្ត្រភ្នំពេជ្រមានចំនួន ៧ កាមេរ៉ា។ ចំពោះភូមិសាស្ត្រតំបន់ច្រក ៤០០ មានចំនួន ៤ កាមេរ៉ា និងភូមិសាស្ត្រព្រែកបី មានចំនួន ៤ កាមេរ៉ា ដែលសរុបមានចំនួន ២០ គ្រឿង។
លោក កប បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ កុម្ភៈថា ការបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិតាមដានសត្វព្រៃនេះ គឺជាគម្រោងមួយរបស់ក្រសួងបរិស្ថាន ដើម្បីធ្វើការតាមដានសត្វព្រៃនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។ បន្ទាប់ពីម៉ាស៊ីនថតស្វ័យប្រវត្តិនេះបានបំពាក់នៅតាមតំបន់ខាងលើអស់រយៈពេល ៣ ខែរួចមកហើយនោះ ក្រុមការងារត្រូវដោះម៉ាស៊ីនទាំងនេះដើម្បីយកទៅត្រួតពិនិត្យ។
លោកបានរៀបរាប់ថា៖ «ម៉ាស៊ីននេះ យើងដាក់តាមដានសត្វព្រៃជាយូរមកហើយ ដើម្បីត្រួតពិនិត្យថា មានសត្វព្រៃអ្វីខ្លះដែលកំពុងរស់នៅក្នុងតំបន់នេះ។ យើងបានចំណាយពេល ៥ ថ្ងៃ ដើម្បីដោះម៉ាស៊ីនថតនេះពីក្នុងព្រៃហើយត្រូវការពេល ១០ ថ្ងៃទៀត ដើម្បីធ្វើការត្រួតពិនិត្យ មុននឹងយកទៅបំពាក់ឡើងវិញនៅតំបន់ផ្សេងទៀតក្នុងតំបន់អភិរក្សនេះ»។
ជាមួយនឹងការត្រួតពិនិត្យលោក កប បូរ៉ាន់ បានបញ្ជាក់ថា ក្នុងរយៈពេលដែលបានដោះ និងត្រួតពិនិត្យម៉ាស៊ីនថតនេះគឺក្រុមការងារបានប្រទះឃើញសត្វកម្រៗជាច្រើន ដែលបានថតជាប់ដោយម៉ាស៊ីនទាំងនេះ។ លោកនិយាយថា តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត គឺបានចូលរួមរក្សាព្រៃឈើ និងសត្វព្រៃកម្រៗជាច្រើន។
លោកបញ្ជាក់ថា៖ «យើងដោះត្រួតពិនិត្យរួចហើយ យើងនឹងដាក់កន្លែងផ្សេងវិញ ដើម្បីត្រួតពិនិត្យជាលើកទី ២ ទៀត ដើម្បីចង់ដឹងថា ក្នុងព្រៃមានអ្វីខ្លះ? តាមរយៈកាមេរ៉ានេះ យើងបានឃើញសត្វព្រៃច្រើនមានដូចជាប្រភេទខ្លាឃ្មុំ ខ្ទីង មានខ្លារខិន មានសត្វច្រើនមុខយើងកំពុងពិនិត្យបន្ត»។
លោក គង់ មុនីច័ន្ទ នាយកអង្គការ MJP បានប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យដឹងនៅថ្ងៃទី ២០ ខែកុម្ភៈដែរថា ក្រុមការងារបានបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតនេះចំនួន ៥០ គ្រឿងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២១ ដោយក្នុងនោះ ២០ គ្រឿងនៅតំបន់ដែលស្ថិតនៅខេត្តបាត់ដំបង និង ៣០ គ្រឿង នៅតំបន់ដែលស្ថិតនៅក្នុងខេត្តប៉ៃលិន។
លោក មុនីច័ន្ទ បានឱ្យដឹងបន្តថា ក្នុងពេលនេះ ក្រុមការងារកំពុងបន្តសកម្មភាពដោះម៉ាស៊ីនថតស្វ័យប្រវត្តិតាមដានសត្វព្រៃដែលមាននៅខេត្តប៉ៃលិនបន្តទៀត ដែលត្រូវការប្រើពេលយ៉ាងយូរ ៧ សប្តាហ៍ទៀតខណៈដែលរូបភាពដែលទទួលបានពីកាមេរ៉ា កំពុងត្រូវបានសិក្សាដោយមន្ត្រីជំនាញ។
លោកបានរៀបរាប់ទៀតថា៖ «យើងខំអភិរក្សហើយបើឃើញថតជាប់សត្វកម្រៗបែបនេះ ជាមោទនភាពរបស់យើងដែលជំរុញឱ្យយើងបន្តការអភិរក្សតទៅទៀត។ តំបន់សំឡូតនេះបើទោះជាតូចពិតមែនតែយើងឃើញមានសត្វព្រៃរស់នៅច្រើនដែរ។ ដូចនេះលទ្ធផលនៃការសិក្សាហ្នឹង ជួយលើកទឹកចិត្តឱ្យក្រុមអ្នកអភិរក្ស និងប្រជាជនជុំវិញហ្នឹងប្រឹងជួយការពារថែទាំព្រៃហ្នឹងតទៀត»។
បើតាមលោក គង់ មុនីច័ន្ទ របាយការណ៍នៃការស្រាវជ្រាវចេញពីម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតនេះអាចនឹងចេញផ្សាយនៅខែមីនាខាងមុខបន្ទាប់ពីមន្ត្រីជំនាញបញ្ចប់ការត្រួតពិនិត្យស្រាវជ្រាវរួចរាល់។
សូមជម្រាបថា តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត មានភូមិសាស្ត្រស្ថិតក្នុងខេត្តបាត់ដំបងមួយផ្នែក និងខេត្តប៉ៃលិនមួយផ្នែក ដែលមានផ្ទៃដីសរុបចំនួន ៦០ ០០០ ហិកតា ហើយការដាក់តំបន់នេះជាតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រោះវាជាតំបន់ដែលផ្ដល់នូវភាពស្ថិតស្ថេរលើប្រភពទឹក ព្រៃឈើ សត្វព្រៃ ត្រី វាលស្មៅ និងការកម្សាន្ដ ដែលតម្រូវឱ្យមានការអភិវឌ្ឍ និងអភិរក្សធម្មជាតិក្នុងគោលដៅចម្បងនៃសកម្មភាពសេដ្ឋកិច្ច៕